
ខេត្តសៀមរាប៖សមាជិកសមាគមអតីតយុទ្ធជនខេត្តសៀមរាប ចំនួន៩៣៣នាក់ បានទទួលការ ចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ បង្ការជំងឺកូវីដ១៩។
ការទទួលបានចាក់វ៉ាក់សាំងបង្ការនេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី១១ ខែមេសា ម្សិលមិញ ដោយមានការអញ្ជើញចុះពិនិត្យ ពីលោក ទៀ សីហា អភិបាលខេត្ត។
លោកស៊ិន ភាត់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និង ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានឲ្យដឹងថា ថ្ងៃនេះ សមាជិក សមាគម អតីតយុទ្ធជនកម្ពុជា ក្នុងក្រុងសៀមរាប បានទទួលចាក់នៅមន្ទីរពេទ្យបង្អែកខេត្ត និង បងប្អូននៅតាមបណ្តាស្រុកទាំង១១ ចាក់នៅតាមមន្ទីរពេទ្យបង្អែកស្រុក និង មណ្ឌលសុខភាពមួយចំនួន ដែលបានកំណត់។
លោក ទៀ សីហា អភិបាលខេត្ត បានឲ្យដឹងថាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ (ស៊ីណូវ៉ាក់) ជូនដល់សមាជិកសមាគមអតីតយុទ្ធ ជនកម្ពុជាខេត្តនាពេលនេះ តាមគោលការណ៍ស្ម័គ្រចិត្ត មិនគិតកម្រៃ និង មិនប្រកាន់និន្នាការអ្វីនោះឡើយ។ លោកក៏បាន ធ្វើការណែនាំ និង ផ្តាំផ្ញើដល់បងប្អូន ដោយបានបញ្ជាក់ថា ទោះបីបានទទួលការចាក់វ៉ាកសាំងរួច ក៏ត្រូវប្រតិបត្តិឲ្យបានទៅតាមវិធានការណ៍ របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាលដើមី្បធ្វើឲ្យវ៉ាក់សាំងដែលបានទទួលពេលនេះ មានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងវីរ៉ុសកូវីដ -១៩។
លោកបានធ្វើការអំពាវនាវ ដល់បងប្អូន ចូលរួមធ្វើការផ្សព្វផ្សាយ អំពីវិធានការ របស់រដ្ឋបាលខេត្តសៀមរាប អំពីបំរាមគោចរនៅពេលយប់នៅក្រុងសៀមរាប ក៏ដូចតាមបណ្តាស្រុក ចាប់ពីម៉ោង២០ រហូតដល់ម៉ោង៥ ទៀបភ្លឺ ក្នុងគោលដៅ ដើមី្បប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕SRP

