នៅទីបំផុត ចាប់ខ្លួនបុរសជាប្ដី ករណី«អារក» សម្លាប់ប្រពន្ធ

0

ខេត្តព្រះសីហនុ៖នៅទីបំផុតនគរបាលបានចាប់ខ្លួនបុរសជាប្ដីបានហើយ ករណីអារ ក សម្លាប់ ប្រពន្ធរបស់ខ្លួន។

លោកជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ជនសង្ស័យមានឈ្មោះ កែវ ថុល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្រុកកំណើតភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំណែកឯជនរងគ្រោះមានឈ្មោះ យឹង សៅ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរបុគ្គលិកអនាម័យ ស្រុកកំណើតភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត មានទីលំនៅជាមួយជនសង្ស័យ។

លោកស្នងការ បានបន្តថា តាមរបាយការណ៍ស្រាវជ្រាវ ករណីឃាតកម្មគិតទុកជាមុននេះ កើតឡើងកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាត្រ ក្នុងរណ្តៅគ្រលុកដីវាលមួយកន្លែង ស្ថិតនៅក្បែរផ្លូវសែនជ័យ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សាកសពនារីម្នាក់ ពាក់អាវយឺតដៃវែង ពណ៌លឿង ខោស្ព័រកីឡាជើងវែងពណ៌ខ្មៅលាយឆ្នូតស ស្រោមជើងពណ៌ស មានស្លាកស្នាម អារ ក ជាំភ្នែកខាងស្តាំ ជាំថ្គាមខាងឆ្វេង និងជាំបបូរមាត់ផ្នែកខាងលើ។

ដោយសើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទីរសៀល នគរបាលបានរកឃើញ វិទ្យុទាក់ទង១គ្រឿងម៉ាកMOTOROLA នៅក្នុងគ្រលុកថ្ម ក្បែរកន្លែងកើតហេតុ រួចក៏បន្តការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់សមត្ថកិច្ចកំណត់បានអត្តសញ្ញាណជនសង្ស័យ ហើយបានធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទី ហើយជាដំណឹងថា ជនសង្ស័យជាឃាតក ជាប្តី ដែលរស់នៅជាមួយគ្នា តែមិនទាន់ដឹងថា, បានគ្នាដោយរបៀបណាសម្រាប់ជាប្តី-ប្រពន្ធនោះទេ៕SRP