ខេត្តសៀមរាប៖ដើមឈើ១ដើម នៅផ្លូវបំបែកមុខវត្តរាជបូណ៌ ត្រូវបានមន្ត្រីជំនាញកាប់ចេញ ដោយសាររលួយពុកគល់។
ការកាត់ដើមឈើនេះធ្វើនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២១ នេះ ស្ថិតនៅចំណុចផ្លូវបំបែកខាងមុខវត្តរាជបូណ៌ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថា
បន្ទាប់ពីក្រុមការងារនៃរដ្ឋបាលក្រុងសៀមរាប សហការណ៍ជាមួយ មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ទីរសាធារណរួមទាំងក្រុមការងារនៃកងវិស្វកម្ម បានចុះធ្វើការពិនិត្យស្ថានភាពដើមឈើទាល១ដើមខាងលើ ជាលទ្ធផលឃើញថាដើមឈើនេះ មានស្ថានភាព ចាប់ផ្តើមរលួយពុកគល់ ម្យ៉ាងវិញទៀតដោយសារទីតាំងនេះប៉ះពាល់ លើគម្រោងសាងសង់ផ្លូវផងដែរ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ករណីនេះក្រុមការងារចម្រុះ បានប្រើប្រាស់គ្រឿងចក្រ ធ្វើការកាប់និងដឹកជញ្ជូនយកចេញ ទៅរក្សាទុកដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗជាពិសេសចំពោះការរលំបាក់ប៉ះលើបងប្អូនប្រជាពលរដ្ឋ៕SRP

