ភ្នំពេញ៖លោកមាស សោភ័ណ្ឌអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១នេះថា ក្រសួងព័ត៌មានសូមប្រកាសច្រានចោលចំពោះព័ត៌មាន ដែលបានបង្ហោះ និងផ្សព្វផ្សាយថា ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានបានទទួលមរណភាព គឺជាព័ត៌មានមិនពិត។
លោកមាស សោភ័ណ្ឌ សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ថែទាំ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ ស្ថានភាពជំងឺឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន នាពេលបច្ចុប្បន្ននេះគឺធម្មតា លោកនៅកម្រើកដៃជើង នឹងដឹងខ្លួនជាធម្មតា លោកអាចពិសារអាហារ និងភេសជ្ជៈប៉ូវកម្លាំងជាធម្មតា។
ទន្ទឹមនេះគ្រូពេទ្យដែលប្រចាំការព្យាបាលជំងឺឯកឧត្តមផ្ទាល់ ក៏បានប្រាប់ដល់ក្រុមគ្រួសារ សូមឲ្យជួយទិញ ទឹកដោះគោ (អេនសួរ)ដែលមានប្រូតេអ៊ីនខ្ពស់ យកមកបញ្ចុកឯកឧត្តម នៅពេលរសៀល និងពេលថ្ងៃត្រង់។ ជាងនេះទៀត ក្រុមគ្រួសារឯកឧត្តម ម៉ៅ អាយុទ្ធ ដែលមិនជាប់ធ្វើចត្តាឡីស័ក បានទៅទិញយកទៅជូនគ្រូពេទ្យ ទុកសម្រាប់ ឯកឧត្តម ពិសាររួចរាល់អស់ហើយ៕SRP

