ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំនៅមិញព្រឹកនេះក្រុមការងាររដ្ឋបាលខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានប្រជុំពិភាក្សា នឹងរៀបចំឲ្យមានការដាក់ពាក្យស្នើសុំតភ្ជាប់បណ្តាញលូទឹកភ្លៀង និងទឹកកខ្វក់ ចូលក្នុងលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប។
ក្នុងកិច្ចប្រជុំនេះ លោកទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ បងប្អូនប្រជាពលរដ្ឋ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាននានា អាចមកដាក់ពាក្យស្នើសុំការតបណ្តាញលូ នៅរដ្ឋបាលក្រុងសៀមរាប រៀងរាល់ម៉ោងធ្វើការ ដើម្បីក្រុមការងារ និងមន្ទីរជំនាញ ចុះពិនិត្យ សហការ និងវាយតម្លៃលក្ខណៈបច្ចេកទេសជូនបងប្អូនប្រជាពលរដ្ឋ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាននានា។
ការលើកឡើងរបស់អភិបាលខេត្តសៀមរាប នេះបន្ទាប់ពីលោកបានឃើញបញ្ហានៃការលួចតភ្ជាប់លូទឹកកខ្វក់ដោយគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ពីតាមផ្ទះ ចូលក្នុងបំពង់លូមេនៃគម្រោង៣៨ខ្សែ៕SRP

