ក្រុមអាជ្ញាធរនាំគ្នាស្រង់ខ្មោចនាវាចម្បាំង​១គ្រឿង​ ចេញ​ពី​ទឹក​ទន្លេ​មេគង្គ​ ​

0

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម​ រួមជាមួយ ក្រុមការងារអន្តរក្រសួង​ គ្រប់គ្រងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅថ្ងៃ​ទី​៧​ ខែមេសា​ ព្រឹកមិញនេះ បានបើកប្រតិបត្តិការស្រង់យក​ខ្មោច​នាវា​ចម្បាំង​១គ្រឿង​ បន្ទាប់ពីបានស្រង់ គ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​ ប្រមាណ​ជាង​១៦តោន​​ ដែលបានលិច​ក្នុង​ទន្លេ​មេគង្គ​ កាលពី​សម័យ​សង្គ្រាម​នាទសវត្សរ៍​ឆ្នាំ​១៩៧០ ស្ថិត​នៅក្នុង​ភូមិ​វាល​ ឃុំ​មានជ័យ​ ស្រុក​ស្រីសន្ធរ​ ខេត្តកំពង់ចាម​ ដែល​មាន​ទាំង​បំណែក​ឆ្អឹង​សព​ទាហាន​ និង​របស់របរ​មួយ​ចចំនួនផងដែរ​។

លោក នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ បាន​ថ្លែង​ថា ប្រតិបត្តិការបោស​សម្អាត​គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ ដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ហើយចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវាជាមោទនភាពមួយទៀតសម្រាប់កម្ពុជា។

បើតាមលោក ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានឲ្យដឹងថា​ ប្រតិបត្តិ​ការណ៍​ស្រង់នាវាចម្បាំងនេះ​ មានគ្រាប់ប្រមាណ៩០ភាគរយ ដែលមានសភាពល្អ មិនទាន់ផ្ទុះ​ នឹងត្រូវដោះបន្សាប សម្រាប់ទុកដាក់តាំងក្នុងសារមន្ទីរ ដោយឡែក​ សល់បំណែកគ្រាប់១០%ទៀត​ ដែលជាគ្រាប់ខូច ពុកផុយ មិនអាចធ្វើការដោះបន្សាបបាន ដែល​ត្រូវ​ធ្វើការកំទេចចោល។​ ក្នុង​ប្រតិបត្តិការណ៍​នេះដែរ​ កងកម្លាំង​ជំនាញបានខិតខំប្រឹងប្រែង​ ក្នុងស្ថានភាពស្មុគ្រស្មាញ និងប្រឈមគ្រោះថ្នាក់បំផុត ក្នុងការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ បានសរុបប្រមាណជាង១៦តោន​ ហេីយតាមការសន្និដ្ឋានចំនួន មនុស្សដែលស្លាប់មានប្រ​មាណចាប់ពី៥ទៅ៨នាក់ក្នុងនាវាមួយនេះផងដែរ​។

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​សំដែង​នូវ​ការ​កោតសរសើរ​ និង​ថ្លែង​អំណរគុណ​ ដល់ក្រុមការងារបច្ចេកទេសទាំងអស់ រួមនឹងអាជ្ញាធរពាក់ព័ន្ធ​ ដែល​បានចូលរួមក្នុងសកម្មភាព​ ដោយប្រុងប្រយ័ត្ន និងធានាបាននូវសុខសុវត្ថិភាព​ រហូត​សម្រេច​បាន​ជោគជ័យ​ ដ៏​ធំធេង​នេះ​៕SRP