អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោល ទាំងស្រុងចំពោះព័ត៌មាន ប្រឌិតថា លោកនេត សាវឿន បានមរណភាព

0

ភ្នំពេញ៖អគ្គស្នងការដ្ឋាននគរបាលជាតិ បាន ច្រានចោលទាំងស្រុងចំពោះព័ត៌មាន ប្រឌិតថា លោកនេត សាវឿន បានទទួលមរណភាព។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម មេត្តាជ្រាបថា ថ្មីៗនេះ ពិនិត្យឃើញថានៅលើបណ្ដាញសង្គមមានជនអគតិបានបង្កើតគណនីហ្វេសប៊ុកបង្ហោះរូបភាពកែឆ្នៃ និងខ្លឹមសារព័ត៌មានមិនពិតដោយបំភ្លៃថា​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិទទួលមរណភាព។
ការផ្សព្វផ្សាយនេះផ្ទុយពីការពិតទាំងស្រុង ដែល​បច្ចុប្បន្ននេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានសុខភាពរឹងមាំ បាននិងកំពុងបញ្ជាដឹកនាំកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងប្រតិបត្តិការក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណ: និងសុវត្ថិភាពសង្គមជាពិសេស ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមកូវីដ-១៩ ក៏ដូចជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។

អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត​ ដែលមិនត្រឹមតែប្រមាថដល់កិត្តិយស​ អាយុជីវិតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន​ ជាមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងនគរបាលជាតិប៉ុណ្ណោះទេ​ គឺថែមទាំងមានចេតនាបង្កភាពវឹកវរក្នុងជួរកងកម្លាំងនគរបាលជាតិ​ និងធ្វេីឱយប៉ះពាល់ដល់ស្ថិរភាពសន្តិសុខ​ សណ្តាប់ធ្នាប់សង្គមទៀតផង​ ។ យេីងខ្ញុំសូមធ្វេីការថ្កោលទោសដាច់អហង្ការការចំពោះទង្វេីទុច្ចរិត​គ្មានវិចារណញាណរបស់ជនអគតិទាំងនោះ និងស្នេីដល់អង្គភាពជំនាញបើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកជនល្មេីស រួមទាំងបក្ខពួក និងមេក្លោងយកមកផ្តន្ទាទោស
តាមច្បាប់ជាធរមាន​។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមកុំយល់ច្រឡំ និងសូមអំពាវនាវកុំចូលរួមចែករំលែកព័ត៌មានក្លែងក្លាយនេះដើម្បីចៀសវាងបង្កការលំបាកក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវរបស់នាយកដ្ឋានជំនាញ និងអាចប្រឈមមុខចំពោះការអនុវត្តគោលការណ៍ជំនាញរបស់មន្ត្រីអនុវត្តច្បាប់៕SRP