ខេត្តព្រះសីហនុ៖កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួន បុរសម្នាក់ឈ្មោះ ហ៊ឹន ត្រឹង ហៅ ហេង សុវណ្ណា ពាក់ព័ន្ធករណីឆបោក រំលោភលើទំនុកចិត្ត និងកំហែងយក កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដែលបានប្រព្រឹត្តនៅក្រុង-ខេត្ដព្រះសីហនុ។
ការឃាត់ខ្លួនធ្វើឡើងតាមដី កាបញ្ជាឱ្យចូលខ្លួនលេខ០៧ អ.យុង/២១ របស់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចេញដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។
បុរសឈ្មោះ ហ៊ឹន ត្រឹង ហៅ ហេង សុវណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ស្នាក់នៅបច្ចុប្បន្នភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ពាក់ព័ន្ធករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់លិខិតជូនអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូដ-១៩ ដោយសំណើសុំពិនិត្យយកសំណាក និងធ្វើចត្តាឡីស័កលើបុរសរូបនេះ ដើម្បីបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការតាមនីតិវិធីច្បាប់៕SRP

