កម្រាលផ្លូវចូល និងសសរគោលនៃស្ពានហាលខាងកើតប្រាសាទបេងមាលា បើកការដ្ឋានជួសជុល ក្រោមជំនួយមូលនិធិពិសេសមេគង្គ-ឡានឆាង

កម្រាលផ្លូវចូល និងសសរគោលនៃស្ពានហាលខាងកើតប្រាសាទបេងមាលា បើកការដ្ឋានជួសជុល ក្រោមជំនួយមូលនិធិពិសេសមេគង្គ-ឡានឆាង
0

កម្រាលផ្លូវចូល និងសសរគោលនៃស្ពានហាលខាងកើតប្រាសាទបេងមាលា ប្រវែង១៥០ម៉ែត្រ បានបើកការដ្ឋានជួសជុល ក្រោមជំនួយមូលនិធិពិសេសមេគង្គ-ឡានឆាង

គម្រោងជួសជុលកម្រាលផ្លូវចូល និងសសរគោលនៃស្ពានហាលខាងកើត របស់ប្រាសាទបេងមាលា ប្រវែង ១៥០ម៉ែត្រ ត្រូវបានបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមជំនួយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

បើតាម លោក គឹម សុធិន អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា នេះជាគម្រោងទី២ នៃការបន្តជួសជុលផ្នែកសេសសល់នៃរចនាសម្ព័ន្ធស្ពានខាងកើត នៃខឿនរបស់ខ្លោងទ្វារ លូដែលរលំដួល សសរគោល និងផ្នែកខ្លះនៃផ្លូវចូលខាងកើត ដែលមានប្រវែង១៥០ម៉ែត្រ ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ដែលមានទឹកប្រាក់សរុបចំនួន ៤១៣ ០៤៥ ដុល្លារអាមេរិក និងមានរយៈពេលអនុវត្តចំនួន ១៥ខែ ដោយអាជ្ញាធរជាតិអប្សរា។ លោកបានរំឭកផងដែរថា កាលពីឆ្នាំ២០២៣ និង២០២៤ អាជ្ញាធរជាតិអប្សរាធ្លាប់បានជួសជុលស្ពានហាលខាងកើតម្ដងរួចមកហើយ ក្រោមមូលនិធិពិសេសឆ្នាំ២០២២ ដោយចំណាយថវិកាជាង ៣៧ ម៉ឺនដុល្លារអាមេរិក។

លោក លូ ឈឺជឺ (Lu Qizhi) ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បានថ្លែងកោតសរសើរ និងអរគុណចំពោះក្រុមការងារអនុវត្តគម្រោងនៃអាជ្ញាធរជាតិអប្សរា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។ លោកក៏បានប្ដេជ្ញាជំរុញការអនុវត្តគម្រោងថ្មីនេះ ឱ្យសម្រេចបានលទ្ធផលល្អបំផុត ក្នុងការអភិរក្ស និងស្ដារឡើងវិញនូវផ្លូវចូលខាងកើត និងសសរគោលនៅប្រាសាទបេងមាលា។

ឯកឧត្តម កែវ កាន់វីរៈ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលតែងតែគាំទ្រឥតឈប់ឈរ និងរួមចំណែកដ៏មានតម្លៃដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិរក្ស ជួសជុល និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ឯកឧត្តម កែវ កាន់វីរៈ មានប្រសាសន៍ថា ការជួសជុលប្រាសាទបេងមាលា មិនមែនគ្រាន់តែជាគម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាកិច្ចការដ៏មានអត្ថន័យនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងការលើកស្ទួយវិស័យទេសចរណ៍វប្បធម៌ ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ យន្តការនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានផ្ដល់នូវវេទិកាដ៏សំខាន់មួយសម្រាប់ប្រទេសសមាជិក ក្នុងការពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង និងស្វែងរកការអភិវឌ្ឍរួមគ្នា។ ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងការអភិរក្សបេតិកភណ្ឌ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំឱ្យប្រជាជនរបស់យើងកាន់តែខិតជិតស្និទ្ធនឹងគ្នា។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា តាមរយៈគម្រោងនេះ យន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានបង្ហាញឱ្យឃើញពីផលប្រយោជន៍ជាក់ស្ដែងក្នុងការការពារបេតិកភណ្ឌ ការពង្រឹងការផ្លាស់ប្ដូរបច្ចេកទេស ការចែករំលែកចំណេះដឹងវិជ្ជាជីវៈ និងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕SRP

អត្ថបទ៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ