នគរបាលស្រុកគូលែន ឃាត់ខ្លួនបុរស៣នាក់ដកហូតគ្រឿងញៀន១២កញ្ចប់

0

ខេត្តព្រះវិហារ៖បុរសចំនួន៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ពាក់ព័ន្ធករណីគ្រឿងញៀន។

តាមរបាយការណ៍បានឲ្យដឹងថានៅយប់ថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២១ នគរបាលរដ្ឋបាលស្រយ៉ង់ សហការជាមួយកម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើស នៃអធិការដ្ឋាននគរបាលស្រុកគូលែន បានល្បាតពួនស្ទាក់ពេលយប់ធ្វើការបំបែកក្រុមក្មេងទំនើង១ក្រុមដោយ ឃាត់ខ្លួនមុខសញ្ញា១នាក់ ឈ្មោះ ពិសី ប៊ុនថេន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ រកឃើញម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន០១កញ្ចប់តូច ទូរស័ព្ទ១គ្រឿង ធ្វើតេស្តិ៍ទឹកនោមរកសារធាតុញៀន(វិជ្ជមាន)។
របាយការណ៍បន្តថា ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៦និង៤០នាទី កម្លាំងជំនាញសហការ នគរបាលរដ្ឋបាលស្រយ៉ង់ និងដោយមានការយល់ព្រមពីម្ចាស់ផ្ទះ ឈ្មោះ លី ព្រួច ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន បានអនុញាតអោយកម្លាំងធ្វើការឆែកឆេរ
ផ្ទះបានរកឃើញមុខសញ្ញាចំនួន០២នាក់ទៀត មានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ ប៉ាវ ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន បានឆែកឆេរលើខ្លួនឃើញម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន០១កញ្ចប់តូច។
២. ឈ្មោះ ពល់ ធីរ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ឆែកឆេរឃើញម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន សរុបចំនួន១០កញ្ចប់(០៩កញ្ចប់តូច និង០១កញ្ចប់ធំ)បន្ថែមទៀត និងដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀន ថង់វេចខ្ចប់មួយចំនួន ទូរស័ព្ទដៃចំនួន០៣គ្រឿង។

របាយការណ៍បានបញ្ជាក់ថាក្នុងកិច្ចប្រតិបត្តិការនេះ សរុបមុខសញ្ញាចំនួន០៣នាក់ ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន១២កញ្ចប់(១១កញ្ចប់តូច និង០១កញ្ចប់ធំ) ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ថង់សម្រាប់វេចខ្ចប់មួយចំនួន និងទូរស័ព្ទដៃចំនួន០៤គ្រឿង៕SRP