ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអះអាងថា អនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកំពង់ចាម បានរៀបចំក្រុមគ្រូពេទ្យ ចំនួន៤១ក្រុម បេីកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២៩ទីតាំង នៅរដ្ឋបាលក្រុង-ស្រុក និងមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពនានា នៅទូទាំងខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះទៅ ដែលត្រូវប្រេីប្រាស់រយៈពេល១០ខែ ដោយក្នុង១ខែ ចំនួន១៨ម៉ឺននាក់ ស្មេីនឹង៦០០០នាក់ក្នុង១ថ្ងៃ ចំពោះប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត។
ថ្លែងយ៉ាងដូច្នេះក្នុងឱកាសបេីកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំហានទី២ នៅរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ព្រឹកមិញនេះ។
អភិបាលខេត្តកំពង់ចាមបានថ្លែងថា ដោយសារស្ថានភាពជាក់ស្តែង នៃការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមិនទាន់មានការថមថយ ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា ទេីបសម្រេចឲ្យធ្វើការបញ្ជាទិញវ៉ាក់សាំង ដេីម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងលើកទី២ នេះ ខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំងពីរាជរដ្ឋាភិបាល ចំនួន ៣៩.០០០ដូស សម្រាប់ចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋស្ម័គ្រចិត្ត ចំនួន ១៨.០០០នាក់ ក្នុង១ថ្ងៃចាក់ជូន៦០០នាក់ ដែលត្រូវអនុវត្តត្រឹមរយៈពេល១ខែប៉ុណ្ណោះ ហើយត្រូវផ្តល់ជូនប្រជាពលរដ្ឋស្ម័គ្រចិត្ត ដោយឥតគិតថ្លៃ ជាបន្តបន្ទាប់ទៀត។
អភិបាលខេត្ត ក៏បានសំណូមពរដល់អ្នកស្ម័គ្រចិត្តទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងអស់ សូមឲ្យស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ចៀសវាងពេលទទួលវ៉ាក់សាំងហើយ តែបែរជាបាត់បង់ប្រសិទ្ធភាពថ្នាំ ជាអាសាបង់ទៅវិញ ជាពិសេសត្រូវបន្តការបប្រុងប្រយ័ត្នដោយត្រូវអអនុវត្តនូវតាមវិធានការ៣ការពារ៣កុំ ផងដែរ៕SRP

