ខេត្តសៀមរាប៖សហគមន៍ទេសចរណ៍វប្បធម៍ធម្មជាតិ បឹងពារាំង និងសហគមន៍នេសាទចុង ឃ្នៀស តាមរយ:សាលាខេត្តសៀមរាប នឹងជីកស្តារផ្នែកខ្លះនៃបឹងពារាំង ដើម្បីរក្សាទឹកក្នុងការផ្តល់ជម្រកដល់ត្រីមេពូជ និងសត្វស្លាបគ្រប់ប្រភេទ។
សេចក្តីជូនដំណឹងរបស់សាលាខេត្តសៀមរាបលេខ ៤២៣.សជណ/២១ ចុះថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ បង្ហាញថា បឹងពារាំងដែលជាកន្លែងអភិរក្សពូជត្រី និងទីជម្រកសត្វស្លាបកម្រជាច្រើនប្រភេទ មានការគោករាក់ជារៀងរាល់ឆ្នាំ។ ចុងក្រោយនេះដោយមានទឹកតិចតួចក្នុងបឹង ដែលជាបញ្ហាប្រឈមនឹងការបាត់បងត្រីពូជ និងទីជម្រកសត្វស្លាបទៅអនាគត រដ្ឋបាលខេត្តសៀមរាបបានរៀបចំជីក បូម ស្តារ បឹងពារាំងដើម្បីរក្សាទឹកទុកសម្រាប់អភិ រក្សត្រីពូជនិងទីជម្រកសត្វស្លាបកម្រជាច្រើន ដែលរស់នៅក្នុងទីតាំងបឹងពារាំង។
សជណ បញ្ជាក់ថា បន្ទាប់ពីមានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ រដ្ឋបាលខេត្តសៀមរាប នឹងចាប់ផ្តើមអនុវត្តគម្រោង ជីក បូម ស្តារ តាមផែនការ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់បញ្ចប់គម្រោង។
ជាមួយគ្នានោះ លោកគង់ មង្គល ប្រធានសហគមន៍ បឹងពារាំង បានប្រាប់តាមទូរស័ព្ទថា ជាការពិតណាស់សហគមន៍ទាំងពីរ និងធ្វើការជីក បូម ស្តារ បឹងពារាំងចាប់ពីថ្ងៃទី១ខែមេសានេះតទៅ តាមរយ:សាលាខេត្តសៀមរាប។ ដ្បិតបឹងពារាំងស្ថិតក្នុងសង្កាត់ចុងឃ្នៀសនិងសង្កាត់ជ្រាវ។ ចឹងផ្នែកសង្កាត់ចុងឃ្នៀស អាចបូមយកល្បាប់ភក់ចេញ។ ឯផ្នែកសង្កាត់ជ្រាវអាចជីកស្តារទាំងស្រុង ព្រោះមួយផ្នែកធំ ទឹកបានរីងហួតអស់ហើយ។ ក្នុងការជីកស្តារនោះបើជីកហើយ ទឹកចេញមកវិញយើងរក្សាទឹកជាធម្មតា តែបើមិនមានទឹកចេញទេ គឺយើងត្រូវបូមទឹកពីទន្លេសាបបញ្ចូលក្នុងបឹង។ធ្វើបែបនេះទើបអាចរក្សាត្រីមេពូជ និងសត្វស្លាប់គ្រប់ប្រភេទបាន។
លោកគង់ មង្គល បន្ថែមថា បឹងពារាំងគឺ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត តាមរយ:ទេសភាពព្រៃ លិចទឹក ហ្វូងត្រីចម្រុះ ពិសេសទៅទៀតគឺសត្វស្លាបទឹកគ្រប់ប្រភេទ។ បឹងនេះមានចម្ងាយពីទីប្រ ជុំជននៃសង្កាត់ជ្រាវ ប្រមាណជាង៦គីឡូម៉ែត្រ និងមានទំហ៊ំសរុប ២៦០៧.៧១ហិកតា។ ប៉ុន្តែនៅរដូវប្រាំងផ្ទៃទឹកបង្រួមសល់ត្រឹមតែជាង ២២៣ហិកតាប៉ុណ្ណោះ។ តែក្នុងទំហ៊ំខាងលើនេះ ទឹកក៏ផ្តើមស្រកយ៉ាងឆាប់ រហ័សផងដែរ ចឹងបើមិនមានវិធានការសង្គ្រោះទាន់ ពេល ទាំងត្រីនិងសត្វ អាចនិងបាត់បង់ក្នុងរដូវប្រាំងនេះតែម្តង។
លោកប្រធានសហគមន៍ បន្ថែមទៀតថា បន្ទាប់ពីបូម ជីក ស្តារ រក្សាទឹកបាន ហើយប្រមូលពូជត្រី ដែលបាត់បង់មកបង្កាត់ពូជឡើងវិញ រួមទាំងសត្វ ស្លាបគ្រប់ប្រភេទ មានកំណើនដូចដើមវិញ បឹងពារាំងនិងក្លាយជាវង់ទស្សនា របស់ភ្ញៀវទេសចរណ៍ បន្ទាប់ពីប្រាង្គប្រាសាទនិងតំបន់ទេសភាពផ្សេងទៀតនៅក្នុងខេត្តមួយនេះ។
ជាមួយគ្នានេះ លោកប្រធានសហគមន៍ ក៍បានបង្ហាញនូវភាពដឹង គុណដល់រដ្ឋមន្ត្រីក្រសួងកសិកម្មពិសេសអភិបាលខេត្តសៀមរាប ដោយលោកបញ្ជាក់ថា នេះជាការគិតគូអំពីធនធាន របស់ថ្នាក់ដឹកនាំពិតប្រាកដ៕SRP

