បុរសអ្នកបង្កើតហ្វេសបុកក្លែងក្លាយ «ទទក-TVK2» បានចូលខ្លួនធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ:

0

ភ្នំពេញ៖ប៉ូលិសប្រតិកម្មរហ័ស នៃស្នងការគរបាលរាជធានីភ្នំពេញ  បានថ្លែងថា បុរសឈ្មោះ ឌិត សុវណ្ណារិទ្ធ ដែលបានបង្កើតគណនីហ្វេសបុកក្លែងក្លាយ ឈ្មោះ «ទទក-TVK2 » ដោយបានប្រើប្រាស់ឡូហ្កូ  និងឈ្មោះទូរទស្សន៍ជាតិនៃកម្ពុជា និងបានយកទៅផ្សព្វផ្សាយព័ត៌មានមិនពិត បានចូលខ្លួនមកទទួលកំហុស  ធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ: នៅថ្ងៃទី០១  ខែមេសា  ឆ្នាំ២០២១ព្រឹកមិញនេះ។

ប៉ូលិសប្រតិកម្មរហ័សបានបន្តថាដោយអនុវត្តតាមបទបញ្ជារបស់លោកស  ថេត  អគ្គស្នងការរង  និងជាស្នងការនគរបាលរាជធានីភ្នំពេញ  សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា  ផែនការងារសន្តិសុខ  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានធ្វើការស្រាវជ្រាវ  និងកោះហៅឈ្មោះ  ឌិត  សុវណ្ណរិទ្ធ   ដើម្បីធ្វើការសាកសួរ ទាក់ទងទៅនឹងការបង្កើតគណនីយហ្វេសប៊ុកក្លែងក្លាយរបស់  «ទទក»។  បើតាមប៉ូលិសថាបុគ្គលរូបនេះបានសារភាព ទទួលស្គាល់នូវកំហុស ដែលខ្លួនបានធ្វើ ដោយបានធ្វើកិច្ចសន្យា  និងសុំទោសជាសាធារណ:ផងដែរ។ ដើម្បីចៀសវាងកុំឲ្យប្រជាពលរដ្ឋ មានការយល់ច្រឡំ តទៅទៀតសមត្ថកិច្ចជំនាញបានធ្វើការលុបគណនីក្លែងក្លាយនេះចោលហើយ៕SRP