ខេត្តកំពង់ចាម ៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថាដោយសារមានការឆ្លងរីករាលដាលជាសាកល នៃជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ នៅមានហានិភ័យខ្ពស់ សូមឲ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បន្តយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ អប់រំណែនាំឲ្យបានជាប់ជាប្រចាំនៅតាម មូលដ្ឋានអំពីវិធានការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងកុំឲ្យមានការឆ្លងក្នុងរលកទី២ ក្នុងសហគមន៍យេីង។
ការ ស្នើ ឡើង យ៉ាង ដូច្នេះ ក្នុង សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាល ស្រុក កងមាស នាព្រឹក ថ្ងៃ ទី ១ ខែកញ្ញា ឆ្នាំ ២០២០ ។
លោក អ៊ុន ចាន់ដា បាន ថ្លែង ថា សិក្ខាសាលាសមាហរណកម្ម នាពេលនេះជាសូចនាករមួយបង្ហាញពីការចូលរួមក្នុងការ អភិវឌ្ឍ តាមបែបប្រជាធិបតេយ្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការវិវត្តនៃកិច្ចដំណើរការ កំណែ ទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ប្រកបដោយការជឿជាក់យ៉ាងខ្លាំងចំពោះតួនាទីដ៏មានសារៈសំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ និងចូលរួមចំណែកការបន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។
អភិបាលខេត្តបន្តថា ផ្តើមចេញពីឆន្ទៈ និងជំនឿជឿជាក់នេះ ក្នុងអំឡុងជិត២ទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាល បានជំរុញ និងគាំទ្រយ៉ាង សកម្មដល់ការរៀបចំ និងការអនុវត្តកម្មវិធីកំណែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ។ ក្នុងន័យនេះ រដ្ឋបាលក្រុង -ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ បានក្លាយទៅជា រដ្ឋបាលថ្នាក់ មូលដ្ឋានដែលមានមុខងារសំខាន់ ក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច នៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកតាម ផែនការអភិវឌ្ឍរបស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ដែលបានរៀបចំ និងអនុវត្តនូវគម្រោង ហេដ្ឋារចនាសម្ព័ន្ធដូចជា ការសាងសង់ផ្លូវលំ ស្ពាន អណ្តូងទឹក ប្រឡាយទឹក អគារសាលារៀន និង គម្រោងផ្តល់សេវាផ្សេងៗទៀតពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មានអំពី បញ្ហាសុខភាព និងអនាម័យតាមជនបទ ការផ្សព្វផ្សាយចំណេះដឹងអំពីបញ្ហាយេនឌ័រ ការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ ដោយប្រើប្រាស់មូលនិធិឃុំ សង្កាត់ និងធនធាន ពីប្រភពផ្សេងទៀត ដើម្បី ឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានា របស់ប្រជាជននៅតាមមូលដ្ឋាន ៕SRP

