ខេត្តព្រះវិហារ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបច្ចុប្បន្នឈ្មួញជាច្រើននាក់សម្រុកដឹកជញ្ជូនឈើពីតំបន់ព្រៃព្រះរកានិងតំបន់ព្រៃឡង់ខេត្តព្រះវិហារ ឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលទៅខេត្តកំពង់ធំ យ៉ាងអនាធិបតេយ្យ។
សេចក្ដីរាយការណ៍បានបន្តថា
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏ដូចជាលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ព្រមទាំងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទាំងនោះឡើយ។ ផ្ទុយទៅវិញលោក ប្រាក់ សុវណ្ណ ព្រមទាំងលោក ពឹង ទ្រីដា និងលោក នួន សុខុម កំពុងបណ្តោយឲ្យបទល្មើសដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ ទាំងយប់ទាំងថ្ងៃ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ស្រុករវៀង ខេត្ត ព្រះវិហារ បានឲ្យដឹងថា ក្នុងមួយយប់ៗមានឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ស្រុករវៀង ចូលទៅខេត្តកំពង់ធំ រាប់សិបរថយន្តដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។
សមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីលោក ស៊ុ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ទេនោះគឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើឆ្លងកាត់ស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ តាមអំពើចិត្តបានឡើយ។ ជាងនេះទៅទៀតការដែលលោក ស៊ុ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺសង្ស័យមានការឃុបឃិតបើកដៃពីសំណាក់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ជា ប្រព័ន្ធផងដែរ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ បានកត់សម្គាល់ថា ចាប់តាំងពីលោក ប្រាក់ សុវណ្ណ ទទួលបានតំណែងជាអភិបាលខេត្តព្រះវិហារ រហូតមកដល់ ពេលនេះគឺបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ ពុំមានការថយចុះនោះទេ។ ជាក់ស្តែងរយៈពេល២សប្តាហ៍ចុងក្រោយនេះឈ្មួញច្រើននាក់សម្រុកធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ តំបន់ព្រៃព្រះរកា ឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលទៅខេត្តកំពង់ធំ និងបណ្តាខេត្តផ្សេងៗទៀតយ៉ាងពេញបន្ទុកតែម្ដង៕SRP

