ខេត្តសៀមរាប៖ជនជាតិបរទេសចំនួនពីរនាក់ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំឃាត់ខ្លួន នៅវេលាម៉ោង ០៩និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ចំណុចបន្ទប់ជួល ស្ថិតនៅភូមិ ស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ នគរបាលបានដឹងថាជនបរទេសទាំងពីរនាក់ ពាក់ព័ន្ធករណីស្នាក់នៅខុសច្បាប់(គ្មានលិខិតឆ្លងដែន)។
ជនបរទេសទាំងពីរនាក់នេះមានឈ្មោះ ៖
១-VOLODYMYR BEHAL ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិ អ៊ុយក្រែន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ បម្រើការងារតាមប្រព័ន្ធអុិនធើណិត ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៧ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្នាក់នៅខេត្តព្រះសីហនុ។នៅថ្ងៃទី ០៧-០៦-២០១៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស នឹងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន ០១ឆ្នាំ ពីបទ អំពើលួចនិងចូលមកព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាតិ។ក្រោយពីអនុវត្តទោសចប់ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីរកលិខិតឆ្លងដែន តែរកមិនឃើញ រហូតដល់ថ្ងៃទី០១-០៨-២០២០ ក៍ធ្វើដំណើរមកកាន់ខេត្តសៀមរាបតែម្តង។
២-SERGY PODOSYN ភេទប្រុស កើតថ្ងៃទី២៧-១២-១៩៦២ ជនជាតិរុស្សុី គ្មានលិខិតឆ្លងដែនជាប់ខ្លួន គ្មានមុខរបរ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០១៧ តាមច្រកមិនចាំ ដោយធ្វើដំណើរពីប្រទេសថៃ មកស្នាក់នៅខេត្តព្រះសីហនុ រហូតដល់ខែមិថុនា ឆ្នាំ២០២០ ក៏បានផ្លាស់មកស្នាក់នៅខេត្តសៀមរាប។កាលពីខែកក្កដា ឆ្នាំ២០២០ បានប្រគល់លិខិតឆ្លងដែនឲ្យទៅបុរសជនជាតិខ្មែរម្នាក់មិនស្គាល់ឈ្មោះ យកទៅបន្តសុពលភាពទិដ្ឋាការស្នាក់នៅ ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់ទទួលបានលិខិតឆ្លងដែនវិញទេ ហើយក៏មិនអាចទំនាក់ទំនងទៅបុរសនោះបានដែរ។បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញចាត់ការបន្តតាមនីតិវិធី៕SRP

