ពលរដ្ឋលើកគ្នាសុំអោយអាជ្ញាធរដូរអាចារ្យ ចេញពីវត្តត្រពាំងស្គន់ ហៅស្គន់ធិរាម

ខេត្តព្រៃវែង៖ពលរដ្ឋជិត៥០នាក់នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះបាននាំគ្នាមកដល់សាលាស្រុកកំចាយមា ដោយសុំអោយដូរអាចារ្យ ចេញពីវត្តត្រពាំងស្គន់ ហៅស្គន់ធិរាម។

ពលរដ្ឋខាងលើបានប្រាប់ដល់អ្នកសារព័ត៌មានថា មូលហេតុដែលពួកគាត់មកទីនេះគឺមកស្នើសុំដល់លោក សឿន សុជាតិ អភិបាលស្រុកកំចាយមា ជួយដោះស្រាយរឿង របស់ពួកគាត់ដែលកើតឡើងរយ:ពេល៦ឆ្នាំមកហើយ នៅតែដោះស្រាយមិនចេញ ទើបសម្រេចចិត្តនាំគ្នាមកដល់សាលាស្រុក។

ប្រជាពលរដ្ឋ រស់នៅក្នុងភូមិត្រពាំងស្គន់ ឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង បានអោយដឹងថា ពួកគាត់មកនេះគឺសុំអោយដូរអាចារ្យសព្វថ្ងៃនេះចេញ និងសុំអោយអាចារ្យចាស់ចូលវិញ ព្រោះអាចារ្យសព្វថ្ងៃនេះ ឃើញតែរៃអង្គាសសឹងតែរាល់ថ្ងៃហើយក៏មានជំពាក់បំណុលគេច្រើន អាចារ្យខ្លះទៀតប្រព្រឹត្តល្បែងស៊ីសង ទើបវត្តអារាមមួយនេះមិនមានការរីកចម្រើន។
ពលរដ្ឋបានលើកឡើងទៀតថាព្រះគ្រូចៅអធិការវត្តព្រះនាម វង្ស ពិសិដ្ឋ ដែលមានតួនាទីជាគ្រូចៅអធិការវត្តផងនឹងជាព្រះគ្រូអនុណស្រុកផងសង្ស័យ ឃុបឃិតគ្នារើសយកតែគ្នាឯង។

ពលរដ្ឋបន្ថែមទៀតថាករណីនេះកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០កន្លងទៅថ្មីៗក៏មានការយល់ព្រមរំលាយអាចារ្យចោល និងរើសអាចារ្យថ្មីដោយមានឯកភាពពីព្រះគ្រូចៅអធិការ វង្ស ពិសិទ្ឋ ព្រះអនុគុណស្រុក ដែលជាព្រះគ្រូចៅអធិការសព្វថ្ងៃនេះដែរ។ ប៉ុន្តែរហូតដល់បច្ចុប្បន្នមិនទាន់មានការផ្លាស់ប្ដូរនៅឡើទេ។

ពាក់ព័ន្ធករណីខាងលើនេះ លោក សឿន សុជាតិ អភិបាលស្រុកកំចាយមា បានលើកឡើងនៅចំពោះមុខ ប្រជាពលរដ្ឋថាលោកទទួលយកសំណើរមួយនេះនឹងដឹកនាំក្រុមប្រឹក្សាស្រុកក៏ដូចជាមន្ត្រីធម្មការចុះទៅដោះស្រាយ។
បើតាមអភិបាលស្រុកបញ្ជាក់ថានឹងទៅដោះស្រាយនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នេះនៅវត្តត្រពាំងស្គន់ធិរាមនេះតែម្តង តែឥឡូវនេះសុំប្រជាពលរដ្ឋ ត្រឡប់ទៅវិញសិន។

សូមបញ្ជាក់ថានៅរសៀលថ្ងៃនេះ ពលរដ្ឋបានទូរស័ព្ទ ប្រាប់ភ្នាក់ងារសារព័ត៌មានថា ឥឡូវនេះលោកគ្រូចៅអធិការ ក៏កំពុងតែនាំគ្នាផ្តិតមេដៃដែរ តែអ្នកមកផ្តិតមេដៃនោះភាគច្រើនអ្នកមកពីចំងាយមិនមែនអ្នកនៅស្រុកភូមិនេះទេ។
ទោះយ៉ាងណាពួកគាត់សុំសំណូមដល់លោកអភិបាលស្រុកមេត្តាជួយដោះស្រាយរឿងនេះដល់ពួកគាត់ផងពុំដូច្នេះទេពួកគាត់នៅតែបន្តតវ៉ាទៅមុខទៀតជាក់ជាមិនខានឡើយ៕SRP