សម្ដេច ហ៊ុន សែន៖នៅសល់តែបីថ្ងៃទៀតទេពិធីកាន់បិណ្ឌនឹងមកដល់តាមប្រពៃណីទំនៀមទម្លាប់សាសនា

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់នៅថ្ងៃច័ន្ទនេះថា នៅសល់តែបីថ្ងៃទៀតទេពិធីកាន់បិណ្ឌនឹងមកដល់តាមប្រពៃណីទំនៀមទម្លាប់សាសនា។ នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌដែលនឹងចូលមកដល់ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានគ្រប់គ្នាជាពិសេស សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង Covid-19 ហេីយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ។

នៅថ្ងៃនេះ តាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO) ថ្ងៃនេះគឺមានអ្នកឆ្លងសរុប 24,854,140នាក់ ស្លាប់ 838,924នាក់ និងករណីកើតថ្មីចំនួន 265,888 ករណី។ ចំណែកប្រទេសកម្ពុជាយើងវិញមកដល់នេះមានអ្នកឆ្លងសរុប 274នាក់ បានជាសះស្បើយចំនួន266នាក់ នឹងមានអ្នកឆ្លងថ្មីចំនួន01នាក់។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រីករាយជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ក្នុងឱកាសពិធីកាន់បិណ្ឌមុខនេះ និងសូមអោយការធ្វើដំណើរជិតឆ្ងាយទទួលបាននូវសុខសុវត្ថិភាព ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕SRP