ខេត្តព្រៃវែង៖ អាជ្ញាធរខេត្តព្រៃវែង លើកឡើងថា ខេត្តព្រៃវែងបានក្លាយជាជង្រុកស្រូវដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា នៅដំណាលកាលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីប្រជាកសិករងាកមកអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ និងគួបផ្សំជាមួយភាពវៃឆ្លាតរបស់ពួកគាត់ផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី ០៩ ខែ កក្កដា នាទីស្តីការគណៈរដ្ឋមន្រ្តី លោក អ៊ុក សំណាង ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ខេត្តព្រៃវែងជាខេត្តមួយដែលមានសក្តានុពលខ្ពស់ សើគ្រប់វិស័យជាពិសេសវិស័យស្រូវអង្ករ ដែលអាចទទួលបានបរិមាណផលច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ខណៈនៅក្នុងឆ្នាំ២០១៩-២០២០នេះ អាចផលិតបានរហូតដល់១លាន ៣សែនតោន។
លោកបានបញ្ជាក់ថា តាមរយៈបរិមានផលដែលទទួលបាននេះអាច មានសមត្ថភាពផ្គត់ផ្គត់បំពេញតម្រូវរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ថែមទាំងអាចនាំចេញដើម្បីបំពេញមត្រូវការរបស់ប្រជាជននៅក្នុងប្រទេសបានថែមទៀត ដោយមិនមានការព្រួយបារម្ភអ្វីឡើយ បើទោះបីប្រទេសកម្ពុជាកំពុងជួបនូវវិបត្តិកូវីដ១៩ក៏ដោយ។
លោកប្រធានមន្ទីរបន្តថា ខេត្តព្រៃវែង មានសក្ដានុពលលើវិស័យកសិកម្ម ប្រជាពលរដ្ឋប្រមាណ៧៨,៦%ជាគ្រួសារកសិករ និងជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសលើវិស័យកសិកម្ម (ឆ្នាំ២០១៩ និងឆ្នាំ២០២០)។
លោកបន្ថែមថា តុល្យភាពស្បៀងប្រចាំឆ្នាំ ក្រោយពីកាត់ចេញសម្រាប់ទុកបរិភោគ ទុកពូជ ចិញ្ចឹមសត្វ នៅសល់លើសពីតម្រូវការ គិតជាអង្ករ មានចំនួន ៥៦០.៧៤៧តោន ស្មើនឹងស្រូវចំនួន ៨៧៦,១៦៧តោន សម្រាប់លក់ទៅទីផ្សារក្នុង និងក្រៅប្រទេស ដែលមានតម្លៃជាមធ្យម ក្នុង១គីឡូក្រាម ៩២០រៀល។
យើងដឹងស្រាប់ហើយថានៅក្នុងខេត្តព្រៃវែងហាក់ដូចជាខេត្តមួយ ដែលគេហៅថាកូនក្រមុំលាក់មុខអញ្ចឹង ដែលយើងមិនដែលចាប់អារម្មណ៍ថា ស្ថានភាពនភក្នុងខេត្តព្រៃវែងនេះមានសក្តានុពលគ្រប់បែបយ៉ាងនៅក្នុងខេត្តព្រៃវែងទេ ប៉ុន្ដែមកដល់ពេលនេះយើង រយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅក្នុងខេត្តព្រៃវែងហាក់បានដំណើរការនិងលេចធ្លោ ហើយជាពិសេសគឺដំណាំស្រូវតែម្តង នៅក្នុងឆ្នាំ២០១៩យើងបានផលិតបានជាស្បៀងសរុបប្រមាណ ១លាន ៣សែនតោនជាងបាទ នៅក្នុងខេត្តព្រៃវែងទាំងមូល អញ្ចឹង១លានតោនមិនតិចទេស្រូវ ជារួមយើងនៅបណ្តាផលិតផលផ្សេងៗជាច្រើនទៀតជាពិសេសដំណាំផលិតកម្មនានា ក្នុងខេត្តព្រៃវែងយើងមានដូចជា ពោត សណ្តែក ដូចជាល្ង ស្វាយ កៅស៊ូ ស្វាយចន្ធី អញ្ចឹងបើមើលទៅមានគ្រប់ស្ថានភាពបាទ ប៉ុន្ដែអ្វីលេចធ្លោ នៅក្នុងឆ្នាំ២០១៩-២០២០ នេះគឺយើងមានសក្តានុពលសំខាន់ស្រូវ»។
សូមបញ្ជាក់ថា ស្រូវវស្សា អនុវត្តសរុប ២៧០,៥៤៤ហិកតា ស្មើនឹង ១០៨.២២% នៃផែនការ ២៥០,០០០ហិកតា ទិន្នផលជាមធ្យម ៣.២៥តោន ក្នុងមួយហិកតា, ស្រូវប្រាំង អនុវត្តសរុប ៨៦,៦២៦ហិកតា ស្មើនឹង១១៥.៥០% នៃផែនការ ៧៥,០០០ហិកតា ទិន្នផលគិតជាមធ្យម ៤.៨០តោន ក្នុងមួយហិកតា៕SRP