អភិបាលខេត្តសៀមរាប ប្រាប់មេឃុំ ចៅសង្កាត់ ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការហត្ថលេខា លើការទិញ លក់ដីរបស់រដ្ឋ

ខេត្តសៀមរាប៖លោកទៀ សីហាអភិបាលខេត្តសៀមរាប បានឲ្យដឹងថាចំពោះការរុនរានទន្ទ្រានយកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតត្រូវធ្វើការទប់ស្កាត់ឱ្យខានតែបាន ដោយពុំអនុញ្ញាតឱ្យមានការកាប់ទន្ទ្រានវាតយកដីរដ្ឋនោះឡើយ។ អភិបាលខេត្តបន្តថាមេឃុំ ចៅសង្កាត់ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការហត្ថលេខាលើការទិញ លក់ដីរបស់រដ្ឋផងដែរ។
លោកបញ្ជាក់បែបនេះនៅសៀលថ្ងៃទី០៨ ខែកក្កដាម្សិលមិញក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមវត្តមានលោកអ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត។
អភិបាលខេត្តបានបញ្ជាក់ផងដែរថា អំពីការអនុវត្ត ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអនុវត្តជាប្រចាំនូវការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់ចំពោះមន្ទីរ និងអ្នកពាក់ព័ន្ធក្នុងការចុះបញ្ជីអត្តសញ្ញាណកម្មជូនគ្រួសារ ដោយត្រូវចុះបញ្ជីឱ្យបានត្រឹមត្រូវ និងដល់គ្រួសារក្រីក្រពិតប្រាកដ ដោយពុំឱ្យមានការចុះបញ្ជីជូនតែក្រុមគ្រួសាររបស់ខ្លួននោះទេ ធ្វើយ៉ាងឱ្យផលប្រយោជន៍នេះបានទៅដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។
សូមបញ្ជាក់ថាកិច្ចប្រជុំសាមញ្ញលើកទី១៣នេះ មានរបៀបវារៈចំនួន០៣ ដែលត្រូវដាក់ជូនក្រុមប្រឹក្សាពិនិត្យ ពិភាក្សា និងអនុម័ត ជាមួយនឹងរបៀបវារៈទាំងនេះ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តក៏បានលើកឡើងដោយផ្តោតទៅលើបញ្ហាការអនុវត្តច្បាប់ចរាចរណ៍ សភាពការកូវីដ-១៩ ការស្តារស្ទឹងសៀមរាប ហេដ្ឋារចនាសម្ព័ន្ធ ការផ្សព្វផ្សាយព័ត៌មាន ការដឹកជញ្ជូនដី ខ្សាច់ ថ្មផងដែរ៕SRP