ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកមិញនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានចូលរួមចំណែកអភិវឌ្ឍន៍សង្គម។
លោកថាសមិទ្ធផលជាច្រើនបានកេីតមានឡេីងដោយសារស្នាដៃរបស់យុវជន ស ស យ ក ដោយមានការដាំដេីមឈេីនៅជុំវិញបរិវេណវត្តនគរបាជ័យ និងនៅទីសាធារណៈនានា ការចុះជួយប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងការងារសង្កេតការណ៍បោះឆ្នោត និងចូលរួមជួយសម្របសម្រួលដំណើរការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិផងដែរ។
លោក អ៊ុន ចាន់ដា ក៏បានជំរុញណែនាំដល់ក្រុមយុវជន ស ស យ ក ឲ្យបន្តរួមសាមគ្គីគ្នា រួមសុខរួមទុក្ខជាមួយគ្នា និងសហការគ្នា ធ្វើការងារជាក្រុម ដោយមានការយោគយល់អធ្យាស្រ័យ និងការកែលម្អគ្នាទៅវិញទៅមក។ ជាពិសេសត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងសមត្ថភាពយុវជនទាំងផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌តម្លៃ និងបំណិនឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាប្រជាជនស៊ីវីល័យ ដែលអាចការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។
ជាមួយគ្នានោះ លោក គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការផ្តាំផ្ញេីដល់យុវជន ស ស យ ក ខេត្តកំពង់ចាម ត្រូវពង្រឹង និងពង្រីកបន្ថែមទៀតជាប្រចាំនូវសកម្មភាពទាំងឡាយដែលបានអនុវត្តនាពេល កន្លងមក ដោយធានាថាសកម្មភាពទាំងនោះនឹងឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ ប្រជាជននៅមូលដ្ឋាន ដែលនេះគឺកត្តាសំខាន់អនុលោមតាមកម្មវិធីនយោបាយយុទ្ធសា ស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ជាងនេះទៀត ត្រូវបង្កើតនូវទំនាក់ទំនង និងកិច្ច សហការឱ្យបានជិតស្និទជាមួយនឹងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងស្ថាប័នជំនាញគ្រប់ ផ្នែក ដើម្បីជាការរួមចំណែកអនុវត្តការងារសង្គមផងដែរ៕SRP


