លោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ត្រូវបានដោះលែងវិញហើយនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះបន្ទាប់ពីរងការឃាត់ខ្លួនសាកសួរអស់រយៈពេលជាង១ថ្ងៃ និងបញ្ជូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តតាកែវ។
សូមជម្រាបថា៖ លោក ព្រំ សុផៃ សហការីកាសែតកោះសន្តិភាព និងលោក ស៊ាង ប៊ុនសុង ចាងហ្វាង Sunday News ត្រូវបានសមត្ថកិច្ចការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែកុម្ភៈម្សិលមិញ.នៅកន្លែងផ្សេងគ្នា រួចបញ្ជូនមកកាន់ស្នងការខេត្តតាកែវ ដើម្បីសាកសួរ។
បើតាមសេចក្តីរាយការណ៍បានឱ្យ អ្នកសារព័ត៌មាន
ដឹងថា ការឃាត់ខ្លួនអ្នកសារព័ត៌មានទាំង២នាក់ពាក់ព័ន្ធនឹងបទ”ញុះញង់បង្កភាពចលាចលក្នុងសង្គម” ក្រោយពួកគាត់ចុះផ្សាយ ពាក់ព័ន្ធទីតាំង Online Scam មួយកន្លែង។
ក្រុមគ្រួសារលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ រួមនិងបងប្អូនអ្នកសារព័ត៌មានមិត្តរួមអាជីព រាប់សិបនាក់ បានអរគុណដល់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានចិត្តអាណិតនិងធ្វើការអប់រំ ដោះលែងពួកគាត់វិញ នៅល្ងាចថ្ងៃនេះ៕SRP

