Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ព្រោះតែជំនឿថាចេះអំពើអាបធ្មប់ ម្នាក់ជាឃាតកៈនិងម្នាក់ស្លាប់
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ប្រាប់ឱ្យអាជ្ញាធរក្រុងស្រុក បន្តបង្កើនការយកចិត្តទុកដាក់លើសុខទុក្ខពលករ និងគ្រួសារយុទ្ធជនពលី
កូរ៉េខាងត្បូង១០នាក់ ត្រូវបានចាប់ខ្លួន ករណីបង្ក្រាបបទល្មើស Online Scams
ពាក្យថា “សង្ក្រាន្ត” មានន័យថាជាពិធីចូលឆ្នាំថ្មី ហើយពាក្យនេះមានប្រើនៅសម័យអង្គរ
បែកធ្លាយរឿងលោកមេប៉ុស្តិ៍នគរបាលច្រកភ្នំដិន បើកដៃឱ្យឈ្មួញនាំទំនិញចេញពីប្រទេស វៀតណាមដោយសេរី
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom ពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការស្ថាប័នថ្នាក់ក្រោមជាតិ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំលើកទី១៩នេះ មានគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងអំឡុងឆ្នាំ២០២០ និងក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ជាពិសេសការពិនិត្យលើសេចក្ដីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយសារចងក។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ចំណុចក្រុមទី៥ ភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថសជនរងគ្រោះមាន ឈ្មោះផៃ ផែន អាយុ២៦ឆ្នាំ រស់នៅភូមិខ្នារឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀរាប។

សមត្ថកិច្ចបន្តថាជនរងគ្រោះបានធ្វើអត្តឃាត្ត(ដោយចងកសម្លាប់ខ្លួនឯង)នឹងខ្សែភ្លើងពណ៌ខ្មៅលើដើមអាកាស្យាបែមុខទៅទិសខាងកើត កម្ពស់ពីដី៣ម៉ែត្រនិងមានសភាពហើមស្អុយរលួយនិងមានដង្កូវ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពបន្ទាយស្រី និងយោងតាមការអះអាងរបស់ក្រុមគ្រួសារសព ករណីនេះ ពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ មូលហេតុ មានវិបត្តិក្នុងក្រុមគ្រួសារ ហើយជាមនុស្សញៀនស្រាជាប្រចាំនិងខឹងឪពុកស្តីបន្ទោសបន្តិចបន្តួច។ គ្រូពេទ្យពុំបានយកសំណាកតេស្តរកជំងឺកូវីដ១៩ នោះឡើយ ដោយសពមានសភាពហើមស្អុយរលួយខ្លាំងនិងមានដង្កូវទៅហើយ។ កម្លាំងសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទទួលសាកសពអោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២១

ខេត្តសៀមរាប៖លោកលឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានបដិសេធចោលទាំងស្រុង ចំពោះបណ្តឹងអនាមឹក ដែលបានប្តឹងចោទថា រូបលោកប្រព្រឹត្តអំពើពុករលួយ។

ការច្រានចោលរបស់លោកអធិការ គឺក្រោយពេលបណ្តឹងអនាមឹកបែកធ្លាយជាសាធារណ: ហើយត្រូវបានបណ្តាញ សារព័ត៏មាន និងហ្វេសប៊ុកយកទៅចុះផ្សាយជាបន្តបន្ទាប់។

អធិការនគរបាលស្រុកប្រាសាទបាគង លឹម សម្បត្តិ បានថ្លែងថា នៅក្នុងបណ្តឹងដែលបានសរសេរបរិយាយប្តឹងរូបលោកដោយមិនមានដាក់ឈ្មោះ ហើយផ្តិតមេដៃត្រួតលើគ្នានោះ គឺជាបុគ្គលជាអ្នកប្រឌិតប៉ុណ្ណោះ។ ក្នុងបណ្តឹងសរសេរថា រូបលោកប្រព្រឹត្តអំពើពុករលួយ សុំអោយថ្នាក់លើដករូបលោកចេញពីដំណែងជាអធិការ​ ករណីនេះ រូបលោកក៏មិនបានដឹងអំពីបំណងរបស់បុគ្គលដែរ តែសង្ឃឹមថា ថ្នាក់លើនឹងស្រាវជ្រាវពិនិត្យនិងពិចារណា។

លោកអធិការបញ្ជាក់ថា កន្លងមកធ្លាប់បានបើកអង្គប្រជុំផ្តល់មតិដើម្បីស្វែងរកថវិកាខ្លះ ក្នុងការកសាងប៉ុស្តិ៍នគរបាលកំពង់ភ្លុក។ ក្នុងនោះក៏បានឯក ភាពគ្រប់បណ្តាប៉ុស្តិ៍ក្នុង១ប៉ុស្តិ៍៥០ម៉ឺនរៀល យកទៅជួយកសាងប៉ុស្តិ៍កំពង់ភ្លុក។ ចំណែករឿងទិញអាយកូមសម្រាប់បំរើការតាមបណ្តាប៉ុស្តិ៍ ក៏ដូចជាក្នុងមូលដ្ឋានស្រុកទាំងមូល ក៏បានឯកភាពក្នុងអង្គប្រជុំផងដែរ។ ក្រៅពីរឿងទាំងនេះ រូបលោកក៏បានចំណាយថវិកាផ្ទាល់ខ្លួនខ្លះៗយកមករៀបចំកែលំអរក្នុងបរិវេណអធិការផងដែរ។

ជាមួយការបកស្រាយរបស់លោកអធិការនេះ លោកសូ ប្លាតុង អភិបាលស្រុកប្រសាទបាគង បានបង្ហោះសារសម្តែងការសោកស្តាយចំពោះបណ្តឹងអនាមឹកដែលផ្តិតមេដៃត្រួតលើគ្នាប្តឹងលោកអធិការ។

លោកអភិបាលស្រុក បានសរសេរថា កន្លងមក អធិការរូបនេះតែងសហការក្នុងការចូលរួមទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋាន ពិសេសសុវត្ថិ ភាពពលរដ្ឋ ក្នុងស្រុកប្រាសាទបាគងទាំងមូល គឺគ្រប់ យ៉ាងមិនដូចការចោទប្រកាន់របស់បណ្តឹងអនាមឹកឡើយ។

ចំណែកលោកអធិការ លឹម សម្បត្តិ បានបញ្ជាក់ចុងក្រោយថា គំនិតរបស់បុគ្គល លោកពិតជាពុំអាចហាមឃាត់គេបាន តែសុំថ្នាក់ដឹងនាំ មេត្តាស្រាវជ្រាវ​ ពិនិត្យ និងពិចារណា ត្បិតរូបលោកពុំបានប្រព្រឹត្តដូច បណ្តឹងអនាមឹកនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២១

ភ្នំពេញ៖លោកនេត្រ ភ័ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថាអណ្តើកហ្លួងឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា តាមរយៈនៃការទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ការដាក់បញ្ចូលអណ្តើកហ្លួងជាសត្វនិមិត្តរូបតំណាងឱ្យជាតិកម្ពុជាដោយសារតែអណ្តើកហ្លួង ជាប្រភេទសត្វដ៏កម្រ និងជាសត្វប្រឈមនឹងផុតពូជ និងដើម្បីបង្ហាញពីមរតកធម្មជាតិដ៏មាន តម្លៃ និងលើកតម្កើងនូវមោទកភាពជាតិផងដែរ។

លោកនេត្រ ភ័ត្រា បន្តថាបច្ចុប្បន្នកូនអណ្តើកហ្លួងចំនួនជាង ៤៥០ក្បាលបានស្ថិតក្នុងចិញ្ចឹមក្នុងមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូនក្នុងស្រុកស្រែអំបិល ខណៈពូជអណ្តើកប្រភេទនេះស្ថិតក្នុងវ័យជំទង់ចំនួន៨៦ក្បាលទៀតត្រូវបានព្រលែងឱ្យទៅរស់នៅតាមបែបធម្មជាតិ។ អណ្តើកពេញវ័យជាច្រើនទៀតនឹងត្រូវព្រលែងចូលក្នុងតំបន់ធឦ្មជតិ។ អណ្តើកហ្លួងជាប្រភេទសត្វល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិហៅកាត់(IUCN)ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក។ អណ្តើកហ្លួងត្រូវបានគេជឿថាបាត់ពូជ តែនៅអំឡុងឆ្នាំ២០០០ មន្ត្រីជំនាញនិងអង្គការ WCS បានរកឃើញវត្តមានឡើងវិញ។

អណ្ដើកប្រភេទកម្រនេះ ត្រូវបានរងការគម្រាមគំហែងដោយការកាប់បំផ្លាញព្រៃលិចទឹក ការនេសាទខុសច្បាប់ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី,ការដាក់សន្ទូច,ឧបករណ៍ហាមឃាត់នានាការនេសាទក្នុងតំបន់ហាមឃាត់ជាដើមជាពិសេសការបូមខ្សាច់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូនដែលធ្វើឱ្យចំនួនអណ្ដើកហ្លួងកាន់តែថយចុះយ៉ាងខ្លាំងដែលអាចឈានដល់ផុតពូជនាពេលខាងមុខបើមិនមានការការពារត្រឹមត្រូវ។

អណ្តើកហ្លួងទាំងពីរក្បាលនេះ មានអាយុប្រហែល១៤ឆ្នាំ ខណៈអាយុកាលរស់របស់វាត្រូវបានប៉ាន់ស្មានថា មានជាង១០០ឆ្នាំឡើងទៅ។ អណ្ដើកហ្លួងញីអាច មានទំហំរហូតដល់៦០សង់ទីម៉ែត្រ និងអាចបន្តពូជនៅអាយុ២០ឆ្នាំ ខណៈឈ្មោលអាចមានទំហំ៤៩សង្ទីម៉ែត្រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២១

ខេត្តសៀមរាប៖មានការលើកឡើងថាសកម្មភាព បទល្មើសព្រៃឈើ ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប កើតមានយ៉ាងពេញបន្ទុកប៉ុន្តែមិនត្រូវបានអាជ្ញាធរជំនាញពាក់ព័ន្ធ ធ្វើការបង្ក្រាបនោះឡើយ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ សង្កេតឃើញមានបទល្មើសព្រៃឈើ កើតមានយ៉ាងអនាធិបតេយ្យក្នុងឃុំខ្វាវស្រុកជីក្រែង ជាពិសេសភូមិអូរ។

សេចក្ដីរាយការណ៍មួយបានឲ្យដឹងថា ក្នុងភូមិឃុំខាងលើនេះមានបទល្មើសព្រៃឈើយ៉ាងច្រើន ដោយមិនមានការទប់ស្កាត់ ពីមន្ត្រីបរិស្ថាននិងរដ្ឋបាលព្រៃឈើដែលស្ថិតនៅតំបន់គ្រប់គ្រងនោះឡើយ។

ប្រភពពីពលរដ្ឋបានឲ្យដឹងទៀតថា សកម្មភាពកាប់បំផ្លាញព្រៃឈើនិងដឹកឈើនៅតំបន់ឃុំខ្វាវស្រុកជីក្រែង ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនតាមរថយន្តគោយន្តកន្ត្រៃនិងរទេះគោផងដែរ។

ពលរដ្ឋបានបញ្ជាក់ទៀតថា នៅតំបន់ឃុំខ្វាវ ក៏មានទីតាំងសិប្បកម្មកែច្នៃឈើ រាប់សិបកន្លែងផងដែរ ដែលបានកែច្នៃឈើផលិតជាគ្រឿងសង្ហារឹម។ ករណីបែបនេះជាហេតុនាំឲ្យមានការបំផ្លិចបំផ្លាញព្រៃឈើនៅតំបន់ឃុំខ្វាវយ៉ាងធ្ងន់ធ្ងរបំផុត។ ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋបែបនេះគេនៅពុំទាន់ឃើញមានអាជ្ញាធរសមត្ថកិច្ច បញ្ចេញប្រតិកម្មឆ្លើយតបនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចក្រឡាហោមស ខេង បង្ហាញលទ្ធផល ក្រុមការងារតាមដានដោះស្រាយ មតិយោបល់ របស់ពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុក។

សម្តេចស ខេង នៅព្រឹកថ្ងៃទី ២០ ខែតុលានេះបានបង្ហាញថា ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ ។

នៅក្នុងខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន៦៩គណនី។

ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន៣៦គណនី។ ក្រៅពីនេះករណីផ្សេងទៀតក្នុងខែកញ្ញា និងសេសសល់ពីខែមុនៗ កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ ខណៈសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ។

ជនរួមជាតិជាទីគោរព! វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ នៅពេលប្រឈមមុខនឹងបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ក៏ដោយ។

ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុកដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលអាចនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងការរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង ។

ខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២១

ភ្នំពេញ៖សម្តេចហ៊ុន សែន តាមរយៈសំឡេងមួយផ្ញើទៅកាន់ជនរួមជាតិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើមានការចាត់បញ្ជូនអ្នកជំងឺពីខេត្តមកកាន់រាជធានីភ្នំពេញ នឹងនាំឱ្យមានគ្រោះថ្នាក់ទៅវិញទេ ខ្ញុំសូមស្នើឱ្យមានការយកចិត្តទុកដាក់»។

ការអំពាវនាវរបស់ សម្តេចហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចសង្កេតឃើញថា មានការបញ្ជូនអ្នកជំងឺកូវីដ១៩ ពីបណ្តាខេត្តមករាជធានីភ្នំពេញ ដែលការបញ្ជូននេះមិនមែនជាការសម្រេចចិត្តរបស់មន្ទីរពេទ្យនោះទេ ប៉ុន្តែជាការបញ្ជូនដោយក្រុមគ្រួសារអ្នកជំងឺ។
សម្តេចបញ្ជាក់ថា ករណីនេះកន្លងទៅបានបង្កឱ្យគ្រោះថ្នាក់ដល់អ្នកជំងឺ ឬកាន់តែធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរថែមទៀត។

សម្តេចហ៊ុន សែន បញ្ជាក់ថា យោងតាមការស្រាវជ្រាវរបស់គ្រូពេទ្យ ប្រសិនបើអ្នកជំងឺនេះធ្វើដំណើរឆ្ងាយតាមរថយន្ត ដោយមានម៉ាស៊ីនត្រជាក់ ធ្វើឱ្យអ្នកជំងឺកាន់តែធ្ងន់ទៅវិញ ដែលមកដល់មន្ទីរពេទ្យពិបាកស្រោចស្រង់តែម្តង។

សម្តេចហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិឱ្យទុកចិត្តមន្ទីរពេទ្យរបស់យើង នៅតាមបណ្តាខេត្តដែលយើងបានខិតខំកសាង ក្នុងរយៈពេលកន្លងទៅ ជាមួយនឹងការពង្រឹងសមត្ថភាពព្យាបាលរបស់មន្ទីរពេទ្យនៅតាមខេត្ត។ ការធ្វើបែបនេះ ដើម្បីចៀសវាងការធ្វើឱ្យកកកុញអ្នកជំងឺនៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។

«អ្វីដែលជាបញ្ហាធំជាងគេគឺបញ្ហាការពារអាយុជីវិតអ្នកជំងឺ ដើម្បីកុំឱ្យគ្រោះថ្នាក់ដោយការចាត់បញ្ជូន ដោយមិនមានការទទួលខុសត្រូវច្បាស់លាស់ ហើយធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺនោះវិញ តាមរយៈការបញ្ជូនមករាជធានីភ្នំពេញ ដែលគ្មានាករចាំបាច់ ខណៈដែលខេត្តក៏មានលទ្ធភាពព្យាបាលជំងឺនេះដែរ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២១

ភ្នំពេញ៖ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយ លោក ថេត អូសៀស (Ted Osius) បានប្រាប់សម្ដេចហ៊ុន សែន នូវចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលមានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពល វិស័យឧស្សាហកម្ម វិស័យសុខាភិបាល វិស័យបច្ចេកវិទ្យា វិស័យហិរញ្ញវត្ថុ និងការនាំចេញនាំចូល។

លោកក៏បានជំរាបជូននាយករដ្ឋមន្ត្រីថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងគាំទ្រកម្ពុជានៅពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះអាស៊ាននៅពេលខាងមុខ ក៏ដូចជាជួយដល់កម្ពុជាលើវិស័យសេដ្ឋកិច្ច នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជម្ងឺកូវីដ១៩ ក៏ដូចជាជួយកម្ពុជាក្នុងការកសាងសមត្ថភាព និងបញ្ហាសន្តិសុខថាមពលផងដែរ។

ក្នុងជំនួបនោះ លោក ថេត អូសៀស (Ted Osius) រួមជាមួយនឹងសមាជិកក្រុមហ៊ុនទាំងអស់បាន សម្ដែងនូវការអបអរសាទរចំពោះសម្ដេចហ៊ុន សែន ដែលបានចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានជោគជ័យ។

លោកប្រាប់យ៉ាងដូច្នេះនៅថ្ងៃអង្គារ ទី១៩ ខែតុលា នេះ ក្នុងឱកាសពិភាក្សាការងារជាមួយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សម្ដេចហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះ លោក ថេត អូសៀស (Ted Osius) ដែលត្រូវបានតែងតាំងជា ប្រធាន និងជាអគ្គនាយកប្រតិបត្តិរបស់ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។

សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកផងដែរ ដែលបានផ្ដល់វ៉ាក់សាំងកូវីដ១៩ដល់កម្ពុជា ហើយសម្ដេចក៏បានសម្ដែងនូវសេចក្តីរីករាយ ដែលក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានទទួលស្គាល់នូវភាពជឿនលឿនរបស់កម្ពុជាក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងការទទួលបានផ្លែផ្កាជាវិជ្ជមាននេះ។

សម្ដេចតេជោ បានជម្រាបជូន ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាននូវផែនការចូលរួមដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុរបស់កម្ពុជា ក៏ដូចជាវិធានការឆ្ពោះទៅមុខរបស់កម្ពុជា ដែលរួមមាន បន្តគ្រប់គ្រងជំងឺកូវីដ១៩ ជំរុញការកែទម្រង់ផ្នែកធុរកិច្ចឲ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើន ជំរុញការកែទម្រង់លើគ្រប់វិស័យ និងជំរុញការបង្កើនសកម្មភាពធុរកិច្ច និងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។

នាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនដល់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នូវសក្តានុពលអំពីការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ព្រមជាមួយការអំពាវនាវ ឲ្យវិនិយោគិនសហរដ្ឋអាមេរិកពិចារណាមកវិនិយោគនៅកម្ពុជានាពេលខាងមុខផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២១

ខេត្តកំពង់ចាម៖ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ការ​រៀបចំ​​បេីកវិទ្យាល័យព្រះសីហនុ​ឡើងវិញ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ជំរុញ​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ធ្វើយ៉ាងណា​ក្នុង​រយៈពេល​៣ថ្ងៃ​ទៀត​ ត្រូវ​រៀបចំ​ដឹក​ជញ្ជូន​គ្រែ​ និង​សម្ភារ​ផ្សេងៗ​ ចេញ​ពី​សាលា​ឲ្យ​អស់​ ជាពិសេស​ត្រូវរៀបចំ​​សំអាត​បរិស្ថាន​ទាំង​ក្នុង​បន្ទប់​ និង​ទីធ្លា​ជុំវិញ​ខាង​ក្រៅ​សាលា​ ​លេីសពីនោះត្រូវ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ឲ្យ​បាន​គ្រប់សព្វទីកន្លែងផងដែរ។

លោកណែនាំបែបនេះនៅព្រឹក​មិញនេះ​ ក្នុងឱកាសចុះពិនិត្យ​ការ​រៀបចំ​បេីកសាលាវិទ្យាល័យព្រះសីហនុ​ ដេីម្បីឲ្យ​សិស្សានុសិស្ស​បាន​ចូលរៀនវិញក្នុងពេលឆាប់ៗនេះ។ អភិបាលខេត្ត​ ក៏បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​គណៈគ្រប់គ្រង​សាលា​​ ដេីម្បី​ប្រេីប្រាស់​តាម​តម្រូវការ​ចាំបាច់​ផ្សេងៗ​ ក្នុង​ដំណេីរការ​បេីក​សាលា​រៀន​នេះ។

​គួរ​រំលឹក​ផងដែរ​ថា កន្លងទៅនេះ​រដ្ឋបាលខេត្ត​កំពង់ចាម បានរៀបចំ​ឃ្លាំង​ពាណិជ្ជកម្ម ចំនួន​៣ទីតាំង​ ​សម្រាប់​ធ្វើជា​​មន្ទីរពេទ្យ​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ-​១៩កម្រិត​ស្រាល​ និង​កន្លែង​សម្រាប់​ធ្វើ​ច​ត្រា​ឡី​ស័ក ដោយទីតាំងទី១-​ ​ឃ្លាំង​ពាណិជ្ជកម្ម​​ ស្ថិត​ក្នុងស្រុក​កំពង់សៀម គឺ​ត្រូវ​បានរៀបចំ​ ជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ​​ព្យាបាល​អ្នកជំងឺ​កូ​វីដ-​១៩​ កម្រិត​ស្រាល ដែល​អាច​ផ្ទុក​អ្នកជំងឺ​បាន​ក្នុង​រង្វង់​ជិត ១០០០​នាក់។ ទីតាំងទី២-​ ​​ឃ្លាំងនៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម ក្នុង​ក្រុង​កំពង់ចាម ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែលអាចដាក់​ប្រជាពលរដ្ឋ​ក្នុង​រង្វង់​ពី ៨០០ ទៅ ១០០០ នាក់ ។ និងទីតាំង​ទី៣-ឃ្លាំង​នៅក្នុង​ស្រុក​កងមាស ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែលអាចដាក់​ប្រជាពលរដ្ឋ ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​រង្វង់​ពី ៨០០ ទៅ ១០០០ នាក់​ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បានបង្ក្រាបបទល្មើសព្រៃឈើ មួយករណី។ ការបង្ក្រាបធ្វើឡើងនៅក្នុងភូមិចំបក់ ឃុំរលួស ស្រុប្រាសាទបាគង នៅព្រលប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។

សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថាការបង្ក្រាបនេះបានរឹបអូសឈើប្រភេទយាង ឈ្លីក ប្រវែងពី៦ម៉ែត្រទៅ១០ម៉ែត្រ មានមុខកាត់ពី ៥x១៥ និង ៥x២០ ជាង៤ម៉ែត្រគូប ត្រូវបានយក​ទៅរក្សាទុក​នៅ​ផ្នែករដ្ឋបាល​ព្រៃឈើបន្ទាយស្រី ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

សេចក្ដីរាយការណ៍បានឲ្យដឹងថាសកម្មភាពបទល្មើសព្រៃឈើនេះជាររបស់ឈ្មោះ ណាក់ បានដឹកចេញពីស្រុកស្វាយលើ ក្នុងគោលដៅយកមកចែកចាយតាមដេប៉ូនៅក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២១

ខេត្តសៀមរាប៖ផ្លួវ១ខ្សែនៅស្រុកអង្គរធំដែលមានចម្ងាយជាង២០គីឡូពីក្រុងសៀមរាបបាន រងការខូចខាតយ៉ាងធ្ងន់ធ្ងរ មិនទាន់​មានការជួសជុលឬធ្វើឡើងវិញនោះ មន្ត្រីថាដោយសាររថយន្តដឹកលើសទម្ងន់ហួសកម្រិត។

ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវបានប្រាប់សៀមរាបប៉ុស្ដិ៍ថាផ្លូវមួយខ្សែមានទីតាំងនៅ ភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប រងការខូចខ្ទេចខ្ទីទាំងស្រុងដោយសារ ឡានធំៗដឹកគ្រួស ថ្ម ខ្សាច់ និង ដី របស់ក្រុមឈ្មួញប្រកបរបរជីវកម្ម។ ពលរដ្ឋថា ករណីនេះបានបង្កឲ្យពលរដ្ឋជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ។

ប្រជាពលរដ្ឋថាតាមផ្លូវមួយខ្សែនេះ ជាផ្លូវសក្តានុពលទេសចរណ៍ សម្រាប់បម្រើក្នុងវ័យទេសចនិងការដឹកជញ្ជូនកសិកផលរបស់ប្រជាពលរដ្ឋផងដែរ។ ក្នុងនោះពលរដ្ឋក៏ដូចជាភ្ញៀវដែលតែងតែធ្វើដំណើរទៅទស្សនាតំបន់ទេសចរណ៍ ទឹកជ្រោះធ្លាក់ពាក់ស្នែង និងរមណីយដ្ឋានភ្នំពើងតានាន់ ភ្នំថ្មធម្មជាតិជាច្រើន ជាដើម។

ប្រជាពលរដ្ឋបន្តថាបើទោះបីជាផ្លូវមួយនេះសំខាន់ក្នុងការបម្រើលើវិស័យទេសចរណ៍និងការដឹកជញ្ជូនកសិផល ហើយបានរងការខូចខាតយ៉ាងណាក៏ដោយពួកគាត់មិនទាន់ឃើញអាជ្ញាធរមន្ទីរពាក់ព័ន្ធធ្វើការធ្វើនៅឡើយទេ។

មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប បានលើកឡើងថាផ្លូវ១ខ្សែ ខាងលើដែលរងការខូចខាតនោះ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូននោះឡើយ គឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។

ករណីនេះលោក ខេង ញ៉ល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ថា៖

https://www.srpostnews.com/wp-content/uploads/2021/10/មន្ទីរអភិវឌ្ឍន៍.ogg

ជុំវិញការផ្លូវខូចនេះ អភិបាលស្រុកអង្គរធំ លោកឡុង រដ្ឋារក្ស បានបញ្ជាក់តាមប្រព័ន្ទតេលេក្រាមថា៖

https://www.srpostnews.com/wp-content/uploads/2021/10/អភិបាលស្រុកអង្គរធំ.ogg

បើតាមមន្ត្រីមន្ទីរសាធារណការបញ្ជាក់ថា ជញ្ជីងថ្លឹងរថយន្តនៅផ្លូវខាងលើគឺក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ទោះជាយ៉ាង មិនទាន់ទទួលបានការឆ្លើយតប ពីអាជ្ញាធរជាតិអប្សរានៅឡើយ

នៅឡើយទេ ចំពោះការដាក់ទីតាំងថ្លឹងរថយន្តនេះ។

សូមរំលឹកថាផ្លូវមួយខ្សែនេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយខែវស្សាបែកភក់ ឯខែប្រាំងវិញ គឺហុយទ្រលោម ដោយសារតែរថយន្តធុនធំៗ ដឹកជញ្ជូនថ្ម ដែលកាយចេញភ្នំនៅឃុំគោកដូង ស្រុកអង្គរជុំ ដោយករណីនេះពលរដ្ឋធ្លាប់បិទផ្លូវតវ៉ាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២១

ខេត្តស្វាយរៀង៖បុរសខ្មែរនិងវៀតណាម២នាក់ ត្រូវបានចាប់ខ្លួនរួមជាមួយវត្ថុតាងថ្នាំញៀន ជិត២០គីឡូក្រាម។

មន្ត្រីប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទីនៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកអែម សុវណ្ណារិទ្ធិ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនមដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។

១.ឈ្មោះ ឡេ វ៉ាន់ថ អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។

២.ឈ្មោះ វ៉ាន់ សុផា អាយុ២០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។

មន្ត្រីបានបន្តថា ប្រតិបត្តិការនេះ រឹបអូសយកវត្ថុតាងរួមមាន:

– ថ្នាំញៀន ប្រភេទហេរ៉ូអុីន ទម្ងន់ ៣៥០២ក្រាម

– ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ២៩៨៦ក្រាម

– ថ្នាំញៀន ប្រភេទកេតាមីន ទម្ងន់ ១៣០០០ក្រាម(សរុបទម្ងន់ ១៩kg៤៨៨ក្រាម)

– អាវុធខ្លីធុន K54ចំនួន០១ដើម បង់០១ គ្រាប់ចំនួន០៨គ្រាប់

– ម៉ូតូ ០១គ្រឿងនិងកាបូបធំ សំរាប់ដាក់គ្រឿងញៀនចំនួន០១។

បច្ចុប្បន្នកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page327 Page328 Page329 … Page648 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ព្រោះតែជំនឿថាចេះអំពើអាបធ្មប់ ម្នាក់ជាឃាតកៈនិងម្នាក់ស្លាប់ ព្រោះតែជំនឿថាចេះអំពើអាបធ្មប់ ម្នាក់ជាឃាតកៈនិងម្នាក់ស្លាប់ ចុះផ្សាយថ្ងៃទី ៥ មីនា ២០២៦
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ប្រាប់ឱ្យអាជ្ញាធរក្រុងស្រុក បន្តបង្កើនការយកចិត្តទុកដាក់លើសុខទុក្ខពលករ និងគ្រួសារយុទ្ធជនពលី ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ប្រាប់ឱ្យអាជ្ញាធរក្រុងស្រុក បន្តបង្កើនការយកចិត្តទុកដាក់លើសុខទុក្ខពលករ និងគ្រួសារយុទ្ធជនពលី ចុះផ្សាយថ្ងៃទី ៥ មីនា ២០២៦
កូរ៉េខាងត្បូង១០នាក់ ត្រូវបានចាប់ខ្លួន ករណីបង្ក្រាបបទល្មើស Online Scams កូរ៉េខាងត្បូង១០នាក់ ត្រូវបានចាប់ខ្លួន ករណីបង្ក្រាបបទល្មើស Online Scams ចុះផ្សាយថ្ងៃទី ៥ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×