បែកធ្លាយរឿងលោកមេប៉ុស្តិ៍នគរបាលច្រកភ្នំដិន បើកដៃឱ្យឈ្មួញនាំទំនិញចេញពីប្រទេស វៀតណាមដោយសេរី
ខេត្តតាកែវ៖មានការផ្សព្វផ្សាយព័ត៌មានក្នុងស្រុកថា
តាំងពីលោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន លោក ឈួន សុវណ្ណនរា ប្រកាសចូលកាន់តំណែង ពីថ្ងៃទី៣១ ខែតុលា ២០២៥ ជំនួសលោកវរសេនីយ៍ឯក អ៊ុក គឹមកណ្ណិកា អតីតនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន នោះមក លោកវរៈសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន មកដល់បច្ចុប្បន្ននេះ លោកក្តោបប្រមូលសេដ្ឋកិច្ច និង បើកដៃឱ្យឈ្មួញទាំងធំទាំងតូចសម្រុកដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុកទាំងយប់ទាំងថ្ងៃ។ ដោយឈ្មួញមកពីខេត្តនានា និងអាជីវករ បានត្អូយត្អែរថា លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា អាចប្រមូល
សេដ្ឋកិច្ចបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីមកកាន់តំណែង រហូតដល់បច្ចុប្បន្ន ហើយគ្មានឈ្មួញណាហ៊ានរំលងលោកនោះឡើយ។
ប្រភពពីអាជីវករនិងក្រុមឈ្មួញបានត្អូញត្អែថា ពួកគាត់បង់លុយតាមការកំណត់របស់លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ទើបដឹកជញ្ជូនទំនិញឆ្លងដែនចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរបានដោយរលូនហើយគ្មានឈ្មួញណាហ៊ានតវ៉ាជាមួយលោកបានឡើយ។
សកម្មភាព ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និង ទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកទាំងយប់ទាំងថ្ងៃ គឺជាប្រភពចំណូលដ៏សំខាន់របស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន និងបក្ខពួកធ្វើមានធ្វើបានយ៉ាងសុខស្រួល។ ដោយហេតុថា ប្រសិនបើឈ្មួញមិនបង់លុយតាមការកំណត់របស់លោក គឺឈ្មួញនិងអាជីវករមិនអាចដឹកជញ្ជូនទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរបានឡើយ។
ប្រភពដែលស្និទ្ធនឹងលោកវរសេនីយ៍ ឈួន សុវណ្ណនរា បានបង្ហើបឱ្យដឹងទៀតថា ដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទើបលោក ហ៊ានប្រើតួនាទីនិងអំណាចបើកដៃឱ្យឈ្មួញនាំទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាមអំពើចិត្ត។
ជុំវិញការបែកធ្លាយព័ត៌មាននេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះដោយពុំមានលេខទំនាក់ទំនង។
ទោះជាយ៉ាងណាក្ដីសូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជា ពិសេសឯកឧត្តម ឧត្តមសេនីយ៍ ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ គួរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវនូវភាពមិនប្រក្រតីរបស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិននេះផង៕SRP

