ភ្នំពេញ៖គណៈកម្មការប្រតិបត្តិ នៃ ស.ស.ស.ក បានសម្រេចជាឯកច្ឆ័ន្ទ គាំទ្រ លោក ហ៊ុយ វណ្ណៈ ជាប្រធានដឹកនាំ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។
នេះបើតាមសេចក្ដីប្រកាស ព័ត៌មានរបស់ ស.ស.ស.ក៕SRP
ភ្នំពេញ៖គណៈកម្មការប្រតិបត្តិ នៃ ស.ស.ស.ក បានសម្រេចជាឯកច្ឆ័ន្ទ គាំទ្រ លោក ហ៊ុយ វណ្ណៈ ជាប្រធានដឹកនាំ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។
នេះបើតាមសេចក្ដីប្រកាស ព័ត៌មានរបស់ ស.ស.ស.ក៕SRP
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់សមាជិក្រុមប្រឹក្សា.ឃុំ សង្កាត់ ជាប់ឆ្នោតថ្មី ត្រូវរក្សាគោលចំហរសាមគ្គីភាព ដេីម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព និងយុត្តិធម៌ ពុំមានការប្រកាន់និន្នាការនយោបាយ ព្រមទាំងអនុវត្តឲ្យបានស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់ផងដែរ៊
ការថ្លែងបែបនេះក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំចំការអណ្តូង ស្រុកចំការលើ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។
លោក អ៊ុន ចាន់ដា បានលើកឡើងថា បន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត បេក្ខជនជាប់ឆ្នោតមកពីគណបក្ស នយោបាយនានា ដែលបានប្រកួតប្រជែង ក្នុងពេលបោះឆ្នោត នឹងក្លាយជាក្រុមប្រឹក្សាឃុំ សង្កាត់ ជាអាជ្ញាធរសាធារណៈ ដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ធ្វើជាតំណាងឲ្យ ប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំ សង្កាត់ របស់ខ្លួន ដែលត្រូវការពារ និងបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋគ្រប់ៗរូប គឺមិនតំណាងឲ្យតែប្រជាពលរដ្ឋ ដែលគាំទ្រគណបក្សរបស់ខ្លួននោះឡើយ។
លោកអភិបាលខេត្ត បានបន្តថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលមកពីគណបក្សផ្សេងៗ គ្នា ត្រូវខិតខំរួបរួមសាមគ្គី សហការធ្វើការជាមួយគ្នាប្រកដោយការទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ នៅក្នុងឃុំ សង្កាត់របស់ខ្លួន ដោយមិនត្រូវមានការរើសអើង បែងចែកពណ៌សម្បុរ ឬនិន្នាការនយោបាយនោះឡើយ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលបានចូលរួមធ្វើសកម្មភាពគាំទ្រគណបក្សនយោបាយផ្សេងៗគ្នា ដែលបានប្រកួតប្រជែងគ្នា ក្នុងពេលបោះឆ្នោត ក៏មិនត្រូវធ្វើការបែងចែក ការគុំគួន ការរើសអើងខាងនយោបាយដាក់គ្នានោះឡើយ។ ពោលគឺត្រូវរួមសាមគ្គីសហការគ្នា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ឲ្យបានល្អនៅតាមសហគមន៍ មូលដ្ឋាននានា និងត្រូវសហការចូលរួមជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោត ដើម្បីអភិវឌ្ឍ មូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានការរីកចម្រើនបន្តទៀត។
លោក អ៊ុន ចាន់ដា ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតថ្មី គណបក្សនយោបាយនានា និងប្រជាពលរដ្ឋ ទាំងអស់ត្រូវខិតខំរួមគ្នាលើកកម្ពស់ វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរស់នៅ និងបំពេញការងាររួមគ្នា ប្រកបដោយភាពសុខដុមរមនា ក្នុងសង្គម សម្រាប់ជាមូលដ្ឋាន ក្នុងការធានាចីរភាពដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍសង្គមឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន បន្តទៀតផងដែរ៕SRP
ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធមណ្ឌលវត្តចំនួន២ គឺវត្តសីលារង្សី (ហៅវត្តថ្កូវ) ស្ថិតក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ និងវត្តវិហារទន្ទឹម ស្ថិតក្នុងសង្កាត់សួង ក្រុងសួង។
លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី ព្រមទាំងបុត្រ គឺជាពុទ្ធសាសនិក ដែលមានជំនឿយ៉ាងមុតមាំចំពោះព្រះពុទ្ធសាសនា តែងតែនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃនៅតាមទីអាវត្តនានា ជារៀងរាល់ឆ្នាំ ពេលគង់ចាំព្រះវស្សារយៈពេល ៣ខែនេះ។
ពិធីប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ត្រូវបានធ្វើឡើងតាមលំអានព្រះពុទ្ធសាសនា ក្នុងនោះក៏មានការសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ជូនលោកអភិបាលខេត្ត និងលោកស្រី ព្រមទាំងបុត្រ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការដែលបានអញ្ជើញចូលរួមផងដែរ។
ការនាំយកទៀនព្រះវស្សា និងទេយ្យទានទាំងនេះ ក៏ដើម្បីប្រមូលនូវបុណ្យកុសលទាំងឡាយកើតចេញពីសទ្ធាជ្រះថ្លានេះ ឧទ្ទិសជូនវិញ្ញាណក្ខន្ធ ដល់ជីដូនជីតា ញាតិការទាំង៧សណ្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបរុសខ្មែរ យុទ្ធជន យុទ្ធនារីខ្មែរ ទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិឱ្យបានទៅកាន់សុគតិភព និងចាប់បដិសន្ឋិនៅទីឋានដ៏គាប់ប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានធ្វើការសំណេះសំណាល សួរសុខទក្ខ ព្រមទាំងអំពាវនាវ ដល់លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ បន្តរួមគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការថែរក្សាការពារសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ទាំងវិស័យពុទ្ធចក្រ និងអណាចក្រ ពិសេសថែរក្សាសន្តិភាពឱ្យបានគង់វង្សទាំងអស់គ្នា ទោះត្រូវចំណាយតម្លៃណាក៏ដោយ ពោលគឺ ប្រសិនបើគ្មាន សុខសន្តិភាពទេនោះ ក៏គ្មានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះដែរ៕SRP
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡេីងថា ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ នឹង ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការផ្តល់សេវានានានៅមូលដ្ឋាន បញ្ហាគន្លឹះសំខាន់គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលសំខាន់ចំនួន៥ ដែលក្នុងនោះមានគឺ(១)មេឃុំ ចៅសង្កាត់, (២)ស្មៀនឃុំ សង្កាត់, (៣)ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ (៤)មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព និង(៥)មេភូមិ ដូច្នេះស្នើឲ្យតួអង្គទាំង ០៥ខាងលើនេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈ នានាជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត កំណត់ផងដែរ។
លោក អ៊ុន ចាន់ដា ក៏បានលើកឡើងថា ការផ្តល់សេវាសាធារណៈ លើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយក្នុងចំណោម តួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ។
លោកមានប្រសាសន៍យ៉ាងដូច្នេះក្ក្នងពិធី ប្រកាសសុពលភាព ចៅសង្កាត់វាលវង់ ក្រុងកំពង់ចាម នៅរសៀលថ្ងៃចន្ទម្សិលមិញ៕SRP
ខេត្តបាត់ដំបង៖លោលសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសហការី នៅថ្ងៃចន្ទ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនដល់ចាស់ជរា ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៥០១គ្រួសារ ដែលរស់នៅភូមិចំនួន៦ ក្នុងសង្កាត់អូចារ ក្រុងបាត់ដំបង។
ក្នុងឱកាសជំនួបសំណេះ សំណាល សួរសុខទុក្ខនេះដែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាខេត្ត បានសម្តែងនូវក្តីសប្បាយរីករាយ និងនាំយកប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ ហើយសម្ដេចក៏តែងតែធ្វើការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញើនូវក្តីនឹករលឹកចំពោះលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
លោកសុខ លូ បានលើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទ ត្រូវឧស្សាហ៍ចុះពិនិត្យស្ថានភាពជាក់ស្តែង ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាកជូនពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ ។
លោកប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ។
លោកបានបន្តទៀតថា ការនាំយកអំណោយចែកជូននាពេលនេះ គឺមិនមានការប្រកាន់និន្នាការនយោបាយណាមួយឡើយ ឱ្យតែជាជនងាយរងគ្រោះ ដែលត្រូវការជំនួយ នោះសាខាកាកបាទក្រហមកម្ពុជានឹងធ្វើការចែកជូនគាត់ ដើម្បីដោះស្រាយជីវភាពបានមួយរយៈពេលខ្លីផងដែរ។
លោកក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងនោះចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឬទី៥ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិតរបស់យើងបាន ហើយបានធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអាចបើកឱកាសឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ហើយបើសិនជាបានចាក់រួចរាល់បន្ទាប់ពី៤ខែឡើងត្រូវបន្តចាក់ដូសជំរុញបន្តទៀត ដោយក្នុងនោះរាជរដ្ឋាភិបាលបានធ្វើការរៀបចំវ៉ាក់សាំងទុករួចជាស្រេចក្នុងការចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទោះបីដូសទី៦ ឬដូសបន្តបន្ទាប់ឡើយ ។
លោកក៏បានគូសបញ្ជាក់ពី វិនាសកម្មនៃសង្គ្រាមដែលធ្វើឱ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហេតុដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមពង្រឹងថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើងដើម្បីការអភិវឌ្ឍបន្តទៅមុខទៀត។
ទន្ទឹមនឹងការអភិវឌ្ឍផ្លូវថ្នល់បានស្អាតល្អស្ទើរគ្រប់ទីកន្លែងនោះ លោក ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្ន គិតគូរពីសុវត្ថិភាពចរាចរណ៍គ្រប់ពេលវេលា ហើយក៏សូមចូលរួមអនុវត្តភូមិឃុំមានសុវត្ថិភាព ជៀសវាងគ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សា និងចេះស្រឡាញ់ សាមគ្គីគ្នា ជួយយកអាសាគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ជាតិសាសន៍ ជំនឿសាសនា ក្រោមម្លប់នៃសន្តិភាព។
បន្ទាប់ពីអញ្ជើញសំណេះ សំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅបវេណផ្សារទំនើបភួ ពុយ រួចហើយ លោកសុខ លូ និងលោកជំទាវ ព្រមទាំងសប្បុរសជនក៏បានបន្តអញ្ជើញសំណេះ សំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន០៥គ្រួសារនៅតាមខ្នងផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើងស្ថិតក្នុងសង្កាត់អូរចារផងដែរ។
សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២០គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ វីឃែរ១ កេស,ទឹកត្រី១យួ,ទឹកស៊ីអ៊ីវ ១យួរ,ផងដែរ៕SRP
ខេត្តកំពង់ចាម៖ក្នុងពិធីប្រកាសសុពលភាព លោកស្រី ឃាង ស៊ីផាន ជា ចៅសង្កាត់សំមួរមាស ក្រុងកំពង់ចាម នៅចន្ទនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញេីដល់មេឃុំ ចៅសង្កាត់ថ្មី ឲ្យរក្សាគោលចំហរអព្យាក្រឹត ដេីម្បីរួមគ្នាបម្រើប្រជាពលរដ្ឋ ដោយពុំមានការប្រកាន់ និន្នាការ គណបក្សនយោបាយផ្សេងគ្នា ពោលគឺត្រូវយកចិត្ដទុកដាក់អនុវត្ដឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់ រាជរដ្ឋាភិបាល ឲ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នា នៅក្នុងការបំពេញការងាររបស់ខ្លួន។
អភិបាលខេត្ត បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។
លោក អ៊ុន ចាន់ដា បានបន្តថា អភិបាលកិច្ចល្អតម្រូវឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើជាតំណាងឲ្យផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ទាំងអស់នៅមូលដ្ឋាន ដូចនេះក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិច្ចក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈការអភិវឌ្ឍ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការផ្តល់សេវាសង្គម ការកសាង និងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធាណៈដែលសំខាន់ចាំបាច់ឲ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
អភិបាលខេត្ត ក៏បានលេីកឡើងថា ចំពោះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ ត្រូវបានវាយតម្លៃថាមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយលទ្ធផលនៃការបោះឆ្នោតត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោបោះឆ្នោតនេះផងដែរ៕SRP
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្ដម នាយឧត្តម សេនីយ៍ ខេង សុមេធ អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាន កងវិស្វកម្ម សម្តេចតេ ជោ ខេត្តសៀមរាប ថ្លែង អោយដឹងនៅល្ងាច ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២២ បានអញ្ជើញ ចុះពិនិត្យ ទីតាំង គម្រោង សាងសង់ ស្ពាន ដែលជាអំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល កម្ពុជា សម្រេច ផ្តល់ អំណោយ កសាង ស្ពានបេតុង ព្រះពន្លា មាន បណ្តោយ ១២០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ឆ្លងស្ទឹង សិរីសោភ័ណ ម្តុំ វត្ត ព្រះពន្លា នាភូមិ៤ និងភូមិ ព្រៃ ឬស្សី សង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ។ក្នុងឱកាស នោះ ក៏មាន វត្តមាន ឯកឧត្តម ខេង ស៊ុម ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោក ឡុង វុធ អនុប្រធានមន្ទីរ រៀបចំដែនៃដីនគរូប នីយកម្មសំណង់ និងសុរិយោដីខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ លោក នាង ហាវ អភិបាលរងនិង ពលរដ្ឋ ទទួលផលផងដែរ។
បើតាមនាយឧត្តមសេនីយ៍ ខេង សុមេធ បានឲ្យដឹងថា ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ ខេត្តបន្ទាយមានជ័យ ទើបបាន ស្នើ ទៅ សម្តេចតេជោហើយ សម្តេច ក៏ ឆ្លើយតបថា ត្រូវចាប់ផ្តើម សាងសង់ស្ពានមួយជាបន្ទាន់។
សូមបញ្ជាក់ថា សំណង់ ស្ពានបេតុង នេះ នឹងត្រូវ សាងសង់ ជំនួសស្ពានឈើចាស់ ទ្រុឌទ្រោម ដែលបានបាក់ ដួលរលំ ខូចខាត ដោយ ទឹកជំនន់ កាលពី ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ កន្លងមក។
ការសាងសង់នេះ ជាការឆ្លើយតបយ៉ាង ទាន់ចិត្ត បន្ទាប់ពី ព្រះសង្ឃ អាចារ្យ គណកម្មការ ពុទ្ធបរិស័ទ ពលរដ្ឋ នៅសង្កាត់ព្រះពន្លា និង ក្រុង សិរីសោភ័ណ បាន សំណូមពរ កាលពីអំឡុង យុទ្ធនា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី ៥ ដែល បាន បោះឆ្នោត កាលពី ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ថ្មីៗ ៕SRP
ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់មេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដើម្បីបំពេញតម្រូវការ បំពេញការពេញចិត្តជូនប្រជាពលរដ្ឋ ហើយត្រូវចេះរាយការណ៍ដល់អភិបាលស្រុក ដើម្បីរាយការណ៍អំពីបញ្ហារបស់ខ្លួនដែលកំពុងជួបប្រទះនៅក្នុងភូមិសាស្រ្ដភូមិឃុំរបស់ខ្លួន ដូចជារាយការណ៍ អំពីសកម្មភាពភាពមិនប្រក្រតីចំពោះបុគ្គលណាមួយ ដែលកំពុងប្រព្រឹទ្ធផ្ទុយពីច្បាប់ ដោយមិនអាចទុកឱ្យបុគ្គលមួយចំនួនបង្កជាបញ្ហាផ្សេងៗនៅទីនោះបានទេ ធ្វើឱ្យប្រជាពលរដ្ឋមិនពេញចិត្តចំពោះទង្វើទាំងនោះ ហើយបើមេឃុំ ចៅសង្កាត់មានតម្រូវការអី ត្រូវចេះរាយការណ៍មករដ្ឋបាលស្រុក ដោយមានអភិបាលស្រុក ពិនិត្យមើលលទ្ធភាពដើម្បីជួយជ្រោមជ្រែងតាមតម្រូវការរបស់មេឃុំ ចៅសង្កាត់ដែលគាត់កំពុងជួបប្រទះ ដើម្បីផ្ដល់ជូនដំណោះស្រាយជូនមេឃុំ ចៅសង្កាត់ដែលខិតខំបម្រើប្រជាពលរដ្ឋ ។
លោក សុខ លូ ក៏បានធ្វើការណែនាំដល់អាជ្ញាធរភូមិឃុំ ស្រុក ត្រូវបន្តធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋដើម្បីឱ្យប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុស ដូសទី៣ ដល់ដូសទី៥ ដើម្បីឱ្យប្រជាពលរដ្ឋ បានយល់អំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញមួយនេះ បន្ទាប់ពីទទួលចាក់វ៉ាក់សាំងបានរយៈពេល៤ខែបន្ទាប់ ព្រោះថាអង់ទីក័រកូវីដ-១៩នឹងចុះខ្សោយបន្ទាប់ពីចាក់បាន៤ខែ ដូចនេះត្រូវការចាក់ជំរុញបន្ថែមទៀត ដើម្បីដាស់អង់ទីក័រកូវីដ-១៩ដែលមាននៅក្នុងខ្លួន ឱ្យងើបមកវិញដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជាសហគមន៍ នូវជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វើការភ្លេចខ្លួនឡើយ ហើយក្នុងនោះសូមកុំឱ្យមានការព្រួយបារម្ភថាវ៉ាក់សាំងកូវីដ-១៩អស់ពីស្ដុក ព្រោះរាជរដ្ឋាភិបាលបានធ្វើការកម្មង់ទិញជាបន្តបន្ទាប់ ដើម្បីចាក់ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋមិនថាដូសទីប៉ុន្មានឡើយ។
លោក សុខ លូ មានប្រសាសន៍បែបនេះក្នុងដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ នៅរសៀលថ្ងៃសុក្រនេះ នៅសាលប្រជុំអគារE សាលា ខេត្តបាត់ដំបង៕SRP
ខេត្តបន្ទាយមានជ័យ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការព្រលែងកូនត្រី និងត្រីមេពូជនាថ្ងៃនេះ គឺជារឿងល្អមួយសម្រាប់បង្កើនផលត្រីសម្រាប់ប្រជាពលរដ្ឋ ហើយការលែងត្រីមិនមែនធ្វើតែក្នុងទិវាមច្ឆជាតិ១កក្កដានោះទេ គឺអាចធ្វើរាល់ថ្ងៃ អោយតែមានកន្លែងព្រលែង(ទឹក) និងមានពូជត្រីសម្រាប់ព្រលែង។ ការដាំកូនឈើក៏ដូចគ្នាដែរ មិនមែនធ្វើតែនៅក្នុងរុក្ខទិវា៩កក្កដានោះទេ គឺអាចធ្វើបានរាល់ថ្ងៃ។
សម្តេចហ៊ុន សែន មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញព្រលែងកូនត្រី ក្នុងទិវាមច្ឆជាតិ១កក្កដា នៅអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ នៅថ្ងៃសុក្រ នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វត្តមានរបស់សម្តេចនៅអាងត្រពាំងថ្មនាពេលនេះ គឺជាវត្តមានលើកទី២ហើយ ខណៈលើកទី១ សម្តេចតេជោ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការអាងនេះ បន្ទាប់ពីជួសជុល និងកែលំអររួចរាល់ កាលពីអំឡុងខែមីនា ឆ្នាំ២០០៦។
សម្តេចហ៊ុន សែន បានបន្តក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប ទាំងអស់ត្រូវអនុវត្តន៍ឱ្យបានច្បាស់លាស់លើការកាត់ឆ្វៀលដីតំបន់អភិរក្សនៅបឹងទន្លេសាប ជូនប្រជាពលរដ្ឋដែលកាន់កាប់យូរឆ្នាំមកហើយនោះ តាមអ្វីដេលសម្តេចបានដាក់ចេញនូវបទបញ្ជាកន្លងទៅនេះ។ សម្តេចតេជោ ក៏ថ្លែងនូវការអំពាវនាវអោយប្រជាពលរដ្ឋនៅបឹងទន្លេសាប កុំឱ្យមានការកាប់ទន្ទ្រានយកដីអភិរក្សតំបន់២ និង៣បន្តទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាស និងចេញបទបញ្ជាឱ្យអាជ្ញាធរមីន និងវិស័យឯកជន ក្នុងការដោះមីននៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម នេះ ដោយត្រូវដោះឱ្យអស់នៅចុងឆ្នាំ២០២២នេះ និងត្រូវប្រែក្លាយតំបន់នេះជាតំបន់ដែលគ្មានមីនតទៅទៀត។ ជាមួយគ្នានោះ សម្តេចតេជោ ក៏បានណែនាំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យរៀបចំដាក់គម្រោងជួសជុលស្ពានដែលខូចខាតកន្លងមកដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នេះ ក្នុងកញ្ចប់ថវិកាសម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទនៅឆ្នាំ២០២៣។
តាមរបាយការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនត្រី និងត្រីមេពូជប្រមាណ ១លានក្បាលដែលត្រូវលែងនាថ្ងៃនេះរួមមាន៖ ប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីប្រា និងត្រីកន្ធរ រួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជាត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែបជាដើម។ ក្រៅតែពីលែងកូនត្រី និងត្រីមេពូជហើយ កម្មវិធីនេះក៏មានការលែងកូនបង្កងទឹកសាបជាថ្មី ប្រមាណ ២០ម៉ឺនក្បាលបន្ថែមទៀតផងដែរ៕SRP
ខេត្តសៀមរាប៖លោកវរសេនីយ៍ឯក អៀង មករា តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២
បានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខ័ន្ធសព លោកព្រិន្ទបាលទោ រឿន នរៈសត្យា អត្តលេខ ៩៥៧០៥ ឋានៈមន្ត្រី នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងបំពាក់ឋានន្តរស័ក្តិបច្ឆាមរណៈថ្នាក់ព្រិន្ទបាលឯកផងដែរ។
ក្នុងឱកាសនោះផងដែរ លោកអៀង មករា បាននាំយកនូវថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ទៅប្រគល់ជូនក្រុមគ្រួសារសព ចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) រួមជាមួយ ៖
-អង្ករ ០៣ការ៉ុង
-ទឹកសុទ្ធ ០៨ កេះ និង១០០ យួរ
-ទឹកក្រូច ០៩ កេះ
និងថវិកាចូលរួមបុណ្យរបស់ស្នងការដ្ឋាន រួមជាមួយអធិការដ្ឋាននគរបាលក្រុងសៀមរាប និងអធិការដ្ឋាននគរបាលស្រុកពួក ចំនួន ៦,០៦០,០០០៛ (ប្រាំមួយលានប្រាំមួយម៉ឺនរៀល)។
នៅក្នុងកម្មវិធីនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីចំណុះអធិការដ្ឋាននគរបាលក្រុងសៀមរាប និងអធិការដ្ឋាននគរបាលស្រុកពួក ផងដែរ។
លោកអៀង មករា បានសំដែងនូវការសោកស្តាយ និងបានពាំនាំនូវការរំលែកទុក្ខ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ស្នងការ ចំពោះការបាត់បង់សមាជិកក្រុមគ្រួសារ ក្នុងនាមប្រធានគណៈកម្មាធិការមូលដ្ឋាន៕SRP
ខេត្តបន្ទាយមានជ័យ៖ប្រសិនមិនមានអ្វីប្រែប្រួលនោះទេ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១ កក្កដា ឆ្នាំ២០២២ ដែលនឹងប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថាជារៀងរាល់ឆ្នាំ ថ្ងៃទី១ ខែកក្កដា គឺជាទិវាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធទិវាមច្ឆជាតិ ដែលរៀបចំឡើង ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិអោយបានគង់វង្ស។
ទិវាមច្ឆជាតិ១កក្កដា បង្កើតឡើងក៏ដើម្បីបំផុសចលនាប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិ បង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសតាមតំបន់សមស្របនៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស៕SRP
ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានព្រមានមិនអត់ឱន ចំពោះអ្នកចូលអន្តរាគមន៍ ក្ក្នុងបទល្មើសគ្រឿងញៀន ជាដាច់ខាត។
លោក អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា៖សម្រាប់រូបខ្ញុំ គឺខ្ញុំនឹងមិនមានការយោគយល់ និងលើកលែងជាដាច់ខាត ចំពោះករណីល្មើស មួយនេះ ផ្ទុយទៅវិញ ខ្ញុំនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះបុគ្គលដែលមានសមត្ថកិច្ច ណាលូកដៃចូលអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀននេះ។
លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវ សូមឲ្យមានការចូលរួមទាំងអស់គ្នា ដេីម្បីការពារ សហគមន៍យេីង ពីការបំពានដោយគ្រឿងញៀនខុសច្បាប់ ដេីម្បីធានាបាននូវភាពសុខសាន្ត សម្រាប់សហគមន៍យើង ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត។ លោកថា បច្ចុប្បន្ននេះ បញ្ហាគ្រឿងញៀន វាកំពុងតែបំផ្លាញអនាគត របស់កូនចៅយើង ដូច្នោះ យើងទាំងអស់គ្នា ត្រូវចូលរួមទប់ស្កាត់ តាមរយ:ការរាយការណ៍ជាសម្ងាត់។
ថ្លែងបែបនេះ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌“ ដែលបានធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅស្រុកបាធាយ។
ក្នុងពិធី លោក អ៊ុន ចាន់ដា ក៏បានដាក់ចេញនូវវិធានការណ៍ សម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាការពារ ពិសេសកម្លាំងប៉ុស្តិ៍ រដ្ឋបាលនគរបាល ត្រូវតាមដាន និងគ្រប់គ្រង ឲ្យបានចាប់ នូវមុខសញ្ញា ជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ នៅក្នុងសហគមន៍ និងឈានដល់ការបង្ក្រាបនៅនឹងកន្លែង ឲ្យបានទាន់ពេលវេលា ឬក៏ចាត់វិធានការណ៍ បង្ក្រាបឲ្យខាងតែបានតាមដីការបស់តុលាការ។ សម្រាប់អាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវចូលរួមឲ្យបានសកម្មជាមួយនឹងគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ជាពិសេសចលនាប្រជាពលរដ្ឋ ចូលរួមក្នុងសកម្មភាពនេះឲ្យបានច្រើន។
សម្រាប់បងប្អូន ប្រជាពលរដ្ឋ សូមយោគយល់ ដល់សមត្ថកិច្ច ក្នុងការបំពេញនីតិវិធីបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោយចូលរួមសហការ ក្នុងនាមជាប្រជាពលរដ្ឋល្អ។
លោក អ៊ុន ចាន់ដា ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមចំណែកអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំយើងមានសុវត្ថិភាព នោះ គឺគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ហើយត្រូវមានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អផងដែរ៕SRP


