Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា
ចាប់ខ្លួនមេក្លោងធំម្នាក់ រួមនឹងបក្ខពួកសរុប៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ
មនុស្សប្រុសស្រីចំនួន៣នាក់រួមដៃគ្នាប្លន់សម្លាប់
រដ្ឋាករទឹកស្វយ័តសៀមរាប ទទួលស្គាល់ថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការផ្គត់ផ្គង់ទឹកស្អាត មានបញ្ហាធុំក្លិនដី ក្លិនភក់ បណ្តាលមកពីប្រភពទឹកបឹងទន្លេសាបមានការប្រែប្រួលគុណភាពលឿនខុសប្រក្រតី
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលថ្មម៉ិច ប្រវែង ១២,០០០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងស្លាកសញ្ញាគម្រោង២កន្លែង ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២៦

ក្រុមហ៊ុនសែលកាត ជំរុញសក្តានុពលឌីជីថលក្នុងខេត្តសៀមរាប តាមរយៈបច្ចេកវិទ្យា 5G និងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់វិស័យទេសចរណ៍

ខេត្តសៀមរាប៖ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជា បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោក ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

ក្នុងកិច្ចសហការជាយុទ្ធសាស្ត្រនេះ ក្រុមហ៊ុនសែលកាតបានក្លាយជា ដៃគូសហប្រតិបត្តិការទូរគមនាគមន៍ឌីជីថល របស់រដ្ឋបាលខេត្តសៀមរាប។

កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការប្រែក្លាយខេត្តសៀមរាប ឱ្យទៅជាគោលដៅទេសចរណ៍ ដែលមានការតភ្ជាប់យ៉ាងពេញលេញ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត តាមរយៈការត្រៀមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G របស់ cellcard ក្នុងក្រុងសៀមរាប ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញសេវាឱ្យកាន់តែមានគុណភាពខ្ពស់នៅទូទាំងខេត្ត។

ចំណុចស្នូលនៃកិច្ចសហការនេះ គឺការជឿជាក់រួមគ្នាថា «ការតភ្ជាប់» គឺជាគ្រឹះនៃទេសចរណ៍ប្រកប ដោយចីរភាព ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរមិនត្រឹមតែអាចដើរកម្សាន្តបានយ៉ាងរលូនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងអាចចែករំលែកភាពអស្ចារ្យនៃខេត្តសៀមរាបទៅកាន់ពិភពលោកបានភ្លាមៗ ដែលជួយបង្កើនភាពទាក់ទាញជាសកល និងគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក។

ក្រុមហ៊ុនសែលកាត និងរដ្ឋបាលខេត្តសៀមរាប នឹងរួមគ្នាអនុវត្តគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់បទពិសោធរបស់ភ្ញៀវទេសចរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់៖

  • ការតភ្ជាប់ជំនាន់ថ្មី៖ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ក្នុងក្រុងសៀមរាប រួមជាមួយការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ 4G និង 5G ដើម្បីផ្តល់នូវសេវាអ៊ីនធឺណិតកាន់តែលឿន និង មានទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋ អាជីវកម្ម និងភ្ញៀវទេសចរ។
  • សេវា WiFi សាធារណៈ៖ ការដំឡើងសេវា WiFi សាធារណៈនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការស្វែងរកព័ត៌មាន ចែករំលែករូបភាព និងស្វែង យល់ពីវប្បធម៌ដ៏សម្បូរបែបរបស់ខេត្តសៀមរាប។
  • ការជំរុញទេសចរណ៍តាមរយៈព្រឹត្តិការណ៍ផ្សេងៗ និងការធ្វើទីផ្សារ៖ ការឧបត្ថម្ភព្រឹត្តិការណ៍យុទ្ធសាស្ត្រ និងយុទ្ធនាការទីផ្សាររួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកមកកាន់ខេត្តសៀមរាបកាន់តែច្រើន ដែលជួយគាំទ្រដល់វិស័យទេសចរណ៍ពេញមួយឆ្នាំ។
  • ការលើកកម្ពស់ជីវភាពក្នុងតំបន់៖ ការប្រើប្រាស់បណ្តាញ និងប្រព័ន្ធឌីជីថលរបស់ cellcard ដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកបើកបរ (តាក់ស៊ី/កង់បី) ជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបង្កើតឱកាសការងារថ្មីៗ និងបង្កើនប្រាក់ចំណូលក្នុងសហគមន៍។
  • សេវាឌីជីថលសម្រាប់ភ្ញៀវទេសចរ៖ ការដាក់ឱ្យប្រើប្រាស់សេវា eSIM និងដំណោះស្រាយទូរស័ព្ទសម្រាប់ភ្ញៀវអន្តរជាតិ រួមទាំងការប្រើប្រាស់កម្មវិធីទំនាក់ទំនងសំខាន់ៗដូចជា WhatsApp ជាដើម ដើម្បីធានាថាពួកគាត់អាចរក្សាការតភ្ជាប់បានយ៉ាងងាយស្រួលចាប់ពីពេលមកដល់។

លោក ង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្ត សៀមរាប មានប្រសាសន៍ថា៖ « ការសហការជាមួយក្រុមហ៊ុនសែលកាតនេះ គឺជាជំហានសំខាន់មួយក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅខេត្តសៀមរាប និងគាំទ្រកំណើនវិស័យទេសចរណ៍។ ជាមួយគ្នានេះ យើងនឹងជំរុញការប្រើប្រាស់ eSIM គាំទ្រអាជីវកម្មវិស័យទេសចរណ៍តាមរយៈវគ្គបណ្តុះបណ្តាលផ្នែកសេវាកម្ម និងធ្វើឱ្យប្រសើរឡើងនូវការចូលប្រើបច្ចេកវិទ្យាឌីជីថលសម្រាប់សហគមន៍មូលដ្ឋាន ជាពិសេសអ្នកបើកបរតុកតុក ដើម្បីអាចភ្ជាប់ទំនាក់ទំនងជាមួយភ្ញៀវទេសចរបានកាន់តែងាយស្រួល និងបង្កើនប្រាក់ចំណូល។ យើងជឿជាក់ថា ការតភ្ជាប់ដែលកាន់តែមានប្រសិទ្ធភាព នឹងជួយបង្កើនបទពិសោធភ្ញៀវទេសចរ និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន»។

លោក Yap Kok Leong (KL) អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានបន្ថែមថា៖ «យើងខ្ញុំមានកិត្តិយសណាស់ ដែលបានក្លាយជាដៃគូសហការទូរគមនាគមន៍ឌីជីថល របស់រដ្ឋបាលខេត្តសៀមរាប។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើងខ្ញុំ ក្នុងការគាំទ្រដល់កំណើនរបស់កម្ពុជា តាមរយៈការតភ្ជាប់ទំនាក់ទំនង។ ជាមួយបច្ចេកវិទ្យា 5G និងសេវាឌីជីថល យើងខ្ញុំកំពុងកសាងមូលដ្ឋានគ្រឹះ សម្រាប់ការទទួលយកបទពិសោធ ចែករំលែក និងផ្សារភ្ជាប់ជាមួយខេត្តសៀមរាប។ នេះគឺជាការភ្ជាប់ទំនាក់ទំនងតាមបែបឌីជីថល ដែលត្រូវបានផ្សារភ្ជាប់សម្រាប់គោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ហើយក៏ជាបេសកកម្មមួយដែលយើងខ្ញុំនឹងបន្តពង្រីកទៅទូទាំងប្រទេសផងដែរ»។ កិច្ចសហការនេះមិនមែនសម្រាប់តែការតភ្ជាប់អ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបើកបង្ហាញនូវសក្ដានុពលពេញលេញរបស់ខេត្តសៀមរាប ផងដែរ។

តាមរយៈការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា ទេសចរណ៍ និងសហគមន៍ ក្រុមហ៊ុនសែលកាត និងរដ្ឋបាលខេត្តសៀមរាប កំពុងបង្កើតអនាគតមួយដែលរាល់ការតភ្ជាប់ នឹងនាំមកនូវឱកាស ហើយការភ្ជាប់ទំនាក់ទំនងបែបឌីជីថលនឹងក្លាយជាតថភាពសម្រាប់មនុស្សគ្រប់គ្នា៕SRP

Like 197
Comment 0
Share ចែកចាយ
Views 4.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២៦

មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដាក់បទបញ្ជា បង្ការទប់ស្កាត់ និងបង្ក្រាប ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) ព្រមទាំងបទល្មើសៗផ្សេងៗ

ខេត្តសៀមរាប៖ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ ប្រធានអង្គភាពចំណុះកងរាជអាវុធហត្ថខេត្តទាំងអស់ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និងកម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសង្រ្គោះឧបទ្ទវហេតុផ្សេងៗ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលនឹងចូលរួមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខឲ្យដំណើរការទៅបានដោយរលូន ជាពិសេសចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាប ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) ព្រមទាំងបទល្មើសៗផ្សេងៗ ស្របតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ការណែនាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ណែនាំបែបនេះនៅសាលប្រជុំអគារសេនាធិការដ្ឋាន នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថខេត្តសៀមរាប ត្រីមាសទី១ និងលើកទិសដៅសកម្មភាពការងារត្រីមាសទី២ ឆ្នាំ២០២៦ ដែលមានការចូលរួមពីលោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង ទទួលការងារជំនាញ លោក លោកស្រី នាយសេនាធិការរង ប្រធានមន្ទីរ ប្រធានអង្គភាព លោក លោកស្រីនាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំចល័ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូប៕SRP

Like 198
Comment 0
Share ចែកចាយ
Views 11.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២៦

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ រហូតឈានដល់រាជធានីភ្នំពេញ ចាប់ខ្លួនមនុស្ស៦នាក់ និងដកហូតថ្នាំញៀនជាង១៥គីឡូក្រាម

ខេត្តតាកែវ៖ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនយ៉ាងធំមួយ ដោយពន្លាតដែនសមត្ថកិច្ចពីរខេត្តតាកែវ រហូតដល់រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ថា កាលពីវេលាម៉ោង ០៦:៤០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយ លោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបដំបូងនៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់។ បន្ទាប់ពីការសាកសួរ និងស្រាវជ្រាវយ៉ាងក្ដៅគគុក កម្លាំងជំនាញបានបន្តពន្លាតប្រតិបត្តិការទៅកាន់រាជធានីភ្នំពេញ ដោយសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារង ស៊ីន រក្សា ដោយបង្ក្រាបបានចំនួន ២ទីតាំងបន្ថែមទៀត ក្នុងខណ្ឌសែនសុខ និងខណ្ឌកំបូល។

សមត្ថកិច្ចបានបន្តថាលទ្ធផលនៃប្រតិបត្តិការដ៏ធំនេះ រួមមាន៖ ការឃាត់ខ្លួនជនសង្ស័យ៖ សរុបចំនួន ០៦នាក់ (ស្រី ០២នាក់) ដែលមានមុខរបរមិនពិតប្រាកដ និងមានទីលំនៅមកពីបណ្ដាខេត្តផ្សេងៗគ្នា រួមមាន តាកែវ ភ្នំពេញ បន្ទាយមានជ័យ និងស្វាយរៀង។ វត្ថុតាងដែលដកហូតបាន៖ សារធាតុញៀនសរុប៖ ជាង ១៥ គីឡូក្រាម (រួមមាន ម្សៅក្រាមពណ៌សថ្លា (MET) ជិត ១៤.៤ គីឡូក្រាម, ថ្នាំគ្រាប់ WY ជាង ៣,៥០០គ្រាប់ និងម្សៅពណ៌ទឹកក្រូច (Ketamine) ជាង ១គីឡូក្រាម)។ រថយន្ត LEXUS NX200T ចំនួន ០១គ្រឿង, ម៉ូតូ ០៣គ្រឿង, ម៉ូតូកង់បី (PassApp) ០១គ្រឿង និងទូរស័ព្ទដៃ ០៩គ្រឿង។ កាំភ្លើងកែច្នៃ ០១ដើម, ជញ្ជីងថ្លឹងថ្នាំញៀន ០៣គ្រឿង, ម៉ាស៊ីនអ៊ុតមាត់ថង់ ០១គ្រឿង ព្រមទាំងលិខិតឆ្លងដែននិងសម្ភារៈវេចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងទាំងអស់ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕SRP

Like 197
Comment 0
Share ចែកចាយ
Views 9.9K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២៦

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង

ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ក្រោមអធិបតីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នាសាលប្រជុំសាលាខេត្តបាត់ដំបង។

សូមជ ម្រាបថា លោក ខៃ សុដា ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ជំនួសលោក ឡុង ផលគុណ ដែលទទួលភារកិច្ចថ្មី។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងដែលកន្លងមកបានខិតខំបំពេញការងារអស់ពីសមត្ថភាពតាមជំនាញនីមួយៗ ព្រមទាំងបានបំពេញការងារជូនអង្គភាពរហូតសម្រេចបានលទ្ធផលគាប់ប្រសើរ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ក៏ដោយក៏យើងនឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំង អស់នោះដើម្បីគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយមក្នុងខេត្ត សហការរៀបចំប្រព័ន្ធប្រឡាយទឹកតូចធំ គ្រប់គ្រងទឹកបានល្អ និងផ្គត់ផ្គង់ទឹកប្រើប្រាស់ និងបង្កបង្កើនផលបានតាមរដូវ ដែលស្របទៅតាមគោល នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តម សុខ លូ បានណែនាំលោកប្រធានមន្ទីរថ្មីព្រមទាំងមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយម ត្រូវបន្តក្ដាប់ឱ្យបាននូវគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធថ្មីបន្ថែម។ត្រូវអនុវត្តឱ្យបានត្រឹមត្រូវបំផុតនូវលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំរបស់ក្រសួង និងការចង្អុលបង្ហាញរបស់រដ្ឋបាលខេត្ត។ រក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង ត្រូវដឹកនាំប្រកបដោយគណនេយ្យភាព និងព្រហ្មវិហារធម៌ប្រកាន់ខ្ជាប់នូវសច្ចភាព តម្កល់ផលប្រយោជន៍ស្ថាប័ន និងអង្គភាពជាធំ ចំពោះមន្ត្រីក្រោមឱវាទត្រូវគោរពវិន័យ និងបទបញ្ជាថ្នាក់លើប្រកបដោយភាពស្មោះត្រង់ និងគោរពប្រយោជន៍សមូហភាព។

លោក ខៃ សុដា បានធ្វើការប្តេជ្ញាចិត្តស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពតាមរដ្ឋធម្មនុញ្ញ គោរពនិងអនុវត្តតាមគោលការណ៍ច្បាប់ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជ រដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត លើការគ្រប់គ្រងនិងអភិវឌ្ឍន៍វិស័យធនធានទឹកប្រកបដោយសមធម៌ តម្លាភាព និងចីរភាព។យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្យាយាមប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី បន្តពង្រឹងវិន័យ និងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឱ្យកាន់តែមានភាពរឹងមាំជាធ្លុងមួយដើម្បីគុណតម្លៃ និងផលប្រយោជន៍រួម។ប្តេជ្ញាអនុវត្តតាមតួនាទីភារកិច្ច និងកិច្ចការដទៃទៀតដែលក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្តប្រគល់ជូនព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ ស្ថាប័ន អង្គភាពនានា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការពង្រឹងវិស័យធនធានទឹកឱ្យបានកាន់តែល្អប្រសើរ។ប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវតួនាទីភារកិច្ច របៀបរបបការងារ បែបបទ នីតិវិធី សមត្ថកិច្ច និងលក្ខខណ្ឌការងាររបស់មន្ត្រី បុគ្គលិក សំដៅលើកកម្ពស់ប្រសិទ្ធិភាពការងារ។គោរពវិន័យ និងការចាត់តាំងរបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន និង បំពេញភារកិច្ចដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួង និងរដ្ឋបាលខេត្តប្រគល់ជូនឱ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យ។

ឯកឧត្តម ថោ ជេដ្ឋា បានណែនាំដល់ប្រធានមន្ទីរថ្មីត្រូវយកចិត្តទុកដាក់លើការផ្ដល់ដំណឹងទុកជាមុនដល់ប្រជាពលរដ្ឋនូវព័ត៌មានពាក់ព័ន្ធស្ថានភាពអាកាសធាតុ និងឧតុនិយម ខណៈការទទួលបានព័ត៌មានជាមុនពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសកសិករ។

ឯកឧត្តម ស្នើប្រធានមន្ទីរទើបតែងតាំងថ្មីត្រូវបំពេញភារកិច្ចឱ្យកាន់តែប្រសើរឡើងដោយប្រកាន់ខ្ជាប់នូវគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្រមសីលធម៌វិជ្ជាជីៈ បង្កើនកិច្ចសហការជិតស្និទជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងដៃគូអភិវឌ្ឍន៍ដោយតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ។

ឯកឧត្តមរដ្ឋមន្រ្តី សំណូមពរដល់មន្រ្តីរាជការ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តដើម្បីប្រើប្រាស់បានយូរអង្វែងសម្រាប់ជាប្រយោជន៍រួម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២៦

លោកទុំ ណូ មេគយខេត្តកោះកុង ល្បីល្បាញ
រឿងអាស្រូវពេញបន្ទុក

បណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនតែងតែធ្វើការចុះផ្សាយលាតត្រដាងនូវរឿងអាស្រូវរបស់ លោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តកោះកុង ដែលធ្លាប់មានរឿងភាពមិនប្រក្រតីជាច្រើន កាលនៅខេត្តប៉ៃលិន និងខេត្តព្រះសីហនុ រហូតដល់ខេត្តកោះកុង។ ដូច្នេះស្នើសុំអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាសាវជ្រាវនិងត្រួតពិនិត្យមេគយខេត្តកោះកុងឈ្មោះទុំ ណូ នេះផង។ ដោយហេតុថា មេគយខេត្តកោះកុងរូបនេះ បាទឃុបឃិតគ្នាជាមួយឈ្មួញឲ្យមានអំពើរត់ពន្ធយ៉ាងពេញបន្ទុកដោយទំនិញខ្លះត្រូវបានបង់ពន្ធមិនគ្រប់និងទំនិញខ្លះទៀតមិនមានការបង់ពន្ធនោះទេ។ ករណីនេះត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយជីបន្តបន្ទាប់។

សូមជម្រាបថា អនុប្រធាន និងមន្រ្តីសាខាគយ និងរដ្ឋាករខេត្តកោះកុង ព្រមទាំងមនុស្ស៣នាក់ទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួន
បញ្ជូនទៅតុលាការ ដែលល្បីល្បាញ ចាប់ឡានដឹកទំនិញមិនរើស តាំងពីទំនិញមានពន្ធ ទំនិញគ្មានពន្ធ គ្រឿងអេតចាយ ត្រី សាច់ បន្លែ គ្រឿងផ្ទះដែលរុះរើ…នៅកន្លែងឈរជើងរបស់ពួកគេចំណុចអណ្តូងទឹក។

សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបាន ACU បញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦មកម្ល៉េះ តែទើបទម្លាយចេញ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៨ អាណត្តិទី៤ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ។

យោងតាមរបាយការណ៍របស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ ACU បានបញ្ជាក់ថា ជនសង្ស័យ ៤រូបរួមមាន៖

ទី១៖ ឈ្មោះ ម៉ៅ សាន់សូនា ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ អនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ជាប់សង្ស័យក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់

ទី២៖ ឈ្មោះ ម៉ៅ ទិត្យា ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ បុគ្គលិកជាប់កិច្ចសន្យា នៃសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់

ទី៣៖ ឈ្មោះ ពត ស្រីនាង ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរមេផ្ទះ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់

ទី៤៖ ឈ្មោះ ផល ដុល្លា ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 5.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២៦

ប្រមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
អភិសន្តិបណ្ឌិត ស សុខា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា លោកបានឲ្យផ្អាកការចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត។

ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្រ្តី ស​ សុខា បានថ្លែងថា «យើងបានផ្អាកអស់ហើយ យើងធ្វើតែត្រួតពិនិត្យគ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ ការផាកពិន័យទាំងផ្លូវលំ និងផ្លូវជាតិ គឺឲ្យផ្អាកទាំងអស់»។

ទោះបីមានការណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃក៏ដោយ តែនៅតាមគោល គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ បានថតបង្ហោះពីសកម្មភាពដែលក្រុមមន្ត្រីនគរបាលចរាចរណ៍ កំពុងបន្តសកម្មភាពចាប់ផាកពិន័យចរាចរណ៍ដដែល។ តើនៅត្រង់ចំណុចនេះ មន្ត្រីនគរបាលចរាចរណ៍ បានទទួលការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែរឬទេ?៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.7K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២៦

នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាល ដាក់ទិសដៅក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង និងបណ្តាខេត្តទិសខាងកើត ឱ្យក្លាយជាតំបន់ឧស្សាហកម្ម និង កសិ-ឧស្សាហកម្ម ប្រកបដោយសក្កានុពលខ្ពស់ ក្នុងរយៈពេល២០ឆ្នាំខាងមុខ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និង ពិធី បើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន ៥ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ថា កម្ពុជា និងជប៉ុន បានបន្តចូលរួមអភិវឌ្ឍ ហេដ្ឋារចនា សម្ព័ន្ធ និងសមិទ្ធផលជា ច្រើនជាបន្តបន្ទាប់ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ហើយជាក់ស្តែង ថ្ងៃនេះក៏បានរួមគ្នា សម្ពោធបើកដំណើរការជាផ្លូវការនៃវិស័យទឹកស្អាតសម្រាប់ប្រជាជន ខេត្ត ស្វាយ រៀង។ ខេត្តស្វាយរៀង គឺជាខេត្តប្រកបដោយសក្កានុពលសេដ្ឋកិច្ចដ៏ធំ បូក បន្ថែមលើវិស័យកសិកម្ម ដែលការណ៍នេះ រាជរដ្ឋាភិបាលបានជំរុញឱ្យមានការវិនិយោគលើវិស័យកសិ- ឧស្សាហកម្ម និងឧស្សាហកម្ម ដើម្បីនឹងក្លាយជាតំបន់សម្រាប់ការវិនិយោគលើរោងចក្រ សហគ្រាស។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងរៀបចំ កម្ពុជា ឱ្យក្លាយជាប្រទេសអភិវឌ្ឍ ដោយឈរលើសមត្ថភាពរបស់ប្រជាជនខ្មែរ ពិសេសយុវជន ដែល មាន ចំណេះ និងជំនាញលើគ្រប់វិស័យ ដូចជា កសិ-ឧស្សាហកម្ម, ឧស្សាហកម្ម, កម្មន្ដសាល និង កសិកម្ម ជាដើម។ ឈរលើការប្តេជ្ញាចិត្តនេះ, កម្ពុជា បាននិងកំពុងអនុវត្តយុទ្ធនាការយ៉ាងសកម្មក្នុងការ បោស សម្អាតភាពអសកម្ម និងសកម្មភាពនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាឱ្យបាននូវសន្តិសុខ និង សណ្តាប់ធ្នាប់សង្គម ព្រមជាមួយនឹងការបង្កលក្ខណៈអំណោយផល និង កាន់តែល្អប្រសើរ សម្រាប់វិនិយោគិន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏មានប្រសាសន៍បន្ថែមថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និង បរិស្ថាន, តាមរយៈការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និង ការការពារបរិស្ថាន, សំដៅចូលរួមលើកកម្ពស់សុខភាព និង សុខុមាលភាព របស់ប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅក្នុងខេត្តស្វាយរៀង ។ ជាមួយគ្នានេះ, គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន៥ ៖ ស្វាយរៀង, កំពង់ធំ, មណ្ឌលគិរី, ពោធិ៍សាត់ និង កំពត នឹងចូលរួមជំរុញការអភិវឌ្ឍវិស័យទឹកស្អាត ក៏ដូចជា ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ, ការលើកកម្ពស់សុខុមាលភាពសាធារណៈ, ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន, និង ការបំពេញតម្រូវការជាសារវន្ដនៃការអភិវឌ្ឍវិស័យឧស្សាកម្ម និង សិប្បកម្ម នៅកម្ពុជា ។

ជាទីបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តច្បាស់លាស់សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយផ្តោតលើ ការលើកកម្ពស់សេដ្ឋកិច្ចបៃតង, ការពង្រឹងអភិបាលកិច្ចបរិស្ថាន និង ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការ, ទាំងពេលបច្ចុប្បន្ន និង អនាគត, ក្នុងនោះ រាជរដ្ឋាភិបាលនឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ រួមទាំង ការផ្គត់ផ្គង់ទឹកស្អាត, អនាម័យ, និង ប្រព័ន្ធគ្រប់គ្រងសំណល់ នៅទូទាំងប្រទេសកម្ពុជា, ស្របតាមទិសស្លោក «ទីណាមានទឹកស្អាត, ទីនោះនឹងមានការផ្លាស់ប្តូរជាសេដ្ឋកិច្ច», ព្រមទាំង បន្តលើកកម្ពស់ អភិបាលកិច្ច, ការថែទាំ និង ការប្រើប្រាស់ក្នុងវិស័យទឹកស្អាត ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២៦

ខេត្តរតនគិរីការនាំចេញកសិផលតាមច្រកអូរយ៉ាដាវស្ទុះឡើងជិត ១០០% ខណៈក្រសួងពាណិជ្ជកម្មសម្រុកពង្រឹងស្តង់ដារ “ផលិតផលខ្មែរ” !

ខេត្តរតនគិរី៖វិស័យពាណិជ្ជកម្មនៅខេត្តរតនគិរី បានបង្ហាញសញ្ញាណវិជ្ជមានគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៦ នេះ ជាមួយនឹងកំណើននៃការនាំចេញកសិផលស្ទើរតែទ្វេដង។ ទន្ទឹមនឹងការរីកចម្រើននេះ ក្រសួងពាណិជ្ជកម្មបានបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីជំរុញឱ្យផលិតករក្នុងស្រុកពង្រឹងគុណភាព និងសោភណភាពផលិតផល សម្រាប់ប្រកួតប្រជែងលើទីផ្សារទំនើប និងការនាំចេញ។

ក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ផលិតផលខ្មែរ” នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោក នាង សំអាត អភិបាលរងខេត្តរតនគិរី បានបង្ហាញទិន្នន័យដ៏គួរឱ្យភ្ញាក់ផ្អើលថា ការនាំចេញកសិផល និងកសិ-ឧស្សាហកម្មតាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ សម្រេចបានប្រមាណ ១១,៩៤៤ តោន ដែលគិតជាទឹកប្រាក់ជាង ១០ លានដុល្លារ។ លោកថា តួលេខនេះតំណាងឱ្យកំណើនរហូតដល់ ៩៦.៨៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ផ្ទុយទៅវិញ ការនាំចូលទំនិញពីប្រទេសវៀតណាមបានធ្លាក់ចុះប្រមាណ ៩.៧៦% ដែលនេះសបញ្ជាក់ឱ្យឃើញពីសមត្ថភាពកាន់តែខ្ពស់ នៃផលិតកម្មក្នុងស្រុក ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីបំប្លែងសក្តានុពលនេះ ឱ្យទៅជាចំណូលប្រកបដោយចីរភាព អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក កៅ កោសល បានដឹកនាំក្រុមជំនាញ និងតំណាងមកពីផ្សារទំនើបអីអន (AEON) ដើម្បីបណ្តុះបណ្តាលម្ចាស់អាជីវកម្ម និងសិប្បករក្នុងខេត្តរតនគិរី លើវិធានការគន្លឹះចំនួន ៥ រួមមាន៖ ការកែច្នៃផលិតផលឱ្យត្រូវតាមនិយាមទីផ្សារបច្ចុប្បន្ន ,ការរចនាសម្បកវេចខ្ចប់ឱ្យមានភាពទាក់ទាញ និងអនាម័យ ,ការកសាងម៉ាកយីហោ (Branding) បង្កើតអត្តសញ្ញាណផលិតផលខ្មែរឱ្យមានភាពលេចធ្លោ ,ការបញ្ជូនទំនិញចូលផ្សារទំនើប ដោយបង្ហាញពីលក្ខខណ្ឌបច្ចេកទេស និងបទដ្ឋានច្បាប់ និងការចែករំលែកបទពិសោធន៍ផ្ទាល់ ពីសំណាក់ម្ចាស់អាជីវកម្មឆ្នើមក្នុងតំបន់។

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក កៅ កោសល បានសង្កត់ធ្ងន់ថា “ដើម្បីប្រកួតប្រជែងឈ្នះលើទីផ្សារ ផលិតករត្រូវយកចិត្តទុកដាក់ខ្ពស់លើការបិទស្លាកតម្លៃ បារកូដ និងកាលបរិច្ឆេទឱ្យបានត្រឹមត្រូវ”។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្តរតនគិរី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តគាំទ្រផលិតផលខ្មែរ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងពង្រឹងសេដ្ឋកិច្ចជាតិទាំងមូល។

សិក្ខាសាលានេះមិនត្រឹមតែជាការផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្ពានចម្លងផលិតផលពីតំបន់ភូមិភាគឦសាន ឱ្យមានវត្តមានកាន់តែច្រើននៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ និងនៅលើឆាកអន្តរជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៦

អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនមេរងសាខាគយ ខេត្តកោះកុង និងបក្សពួកបញ្ជូនទៅតុលាការ

អនុប្រធាន និងមន្រ្តីសាខាគយ និងរដ្ឋាករខេត្តកោះកុង ព្រមទាំងមនុស្ស៣នាក់ទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួន
បញ្ជូនទៅតុលាការ ដែលល្បីល្បាញ ចាប់ឡានដឹកទំនិញមិនរើស តាំងពីទំនិញមានពន្ធ ទំនិញគ្មានពន្ធ គ្រឿងអេតចាយ ត្រី សាច់ បន្លែ គ្រឿងផ្ទះដែលរុះរើ…នៅកន្លែងឈរជើងរបស់ពួកគេចំណុចអណ្តូងទឹក។

សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបាន ACU បញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦មកម្ល៉េះ តែទើបទម្លាយចេញ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៨ អាណត្តិទី៤ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ។

យោងតាមរបាយការណ៍របស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ ACU បានបញ្ជាក់ថា ជនសង្ស័យ ៤រូបរួមមាន៖

ទី១៖ ឈ្មោះ ម៉ៅ សាន់សូនា ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ អនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ជាប់សង្ស័យក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់

ទី២៖ ឈ្មោះ ម៉ៅ ទិត្យា ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ បុគ្គលិកជាប់កិច្ចសន្យា នៃសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់

ទី៣៖ ឈ្មោះ ពត ស្រីនាង ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរមេផ្ទះ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់

ទី៤៖ ឈ្មោះ ផល ដុល្លា ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់។

សូមជម្រាបថា សាខាគយនិងរដ្ឋាករខេត្តកោះកុង គឺលោក ទុំ ណូ ជាប្រធានសាខា ដែលធ្លាប់មានរឿងភាពមិនប្រក្រតីជាច្រើន កាលនៅខេត្តប៉ៃលិន និងខេត្តព្រះសីហនុ រហូតដល់ខេត្តកោះកុង។ ដូច្នេះស្នើសុំអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាសាវជ្រាវនិងត្រួតពិនិត្យមេគយខេត្តកោះកុងឈ្មោះទុំ ណូ នេះផង៕SRP

Like 200
Comment 0
Share ចែកចាយ
Views 6.8K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៦

អភិបាលខេត្តបាត់ដំបង ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជូនដល់ភរិយា និងកូនៗរបស់វីរៈកងទព័ ញ៉ែម ភារិន ដែលបានពលីជីវិតលើសមភូមិ

ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាស្រុកបាណន់ ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្មគ្រ័ចិត្ត នៅរសៀលថ្ងៃនេះ បានអញ្ជើញចុះប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នងលេខរៀងទី ២៤ ជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ អ្នកស្រី តាយ សារី អាយុ៣៧ឆ្នាំ ជាភរិយា និងកូនរបស់លោកពលបាលឯក ញ៉ែម ភារិន ជាវីរៈកងទ័ពដែលបានពលីជីវិតលើសមរភូមិ ព្រមទាំងសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះ មានចាច់ជរា ជនមានពិការភាព និងមានជីវភាពក្រីក្រ ចំនួន៣២គ្រួសារ ស្ថិតនៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។

ចំពោះស្ថានភាពរបស់គ្រួសារវីរកងទ័ព អនុសេនីយ៍ត្រី ញ៉ែម ភារិន នៅអង្គភាពវរសេនាតូចលេខ២៤១ កងពលធំអន្តរាគមន៍លេខ២ យោធភូមិភាគទី៤ នៅទិសតាក្របី ដែលមាន ប្រពន្ធ ឈ្មោះ តាយ សារី រស់នៅផ្ទះជាមួយឪពុកម្តាយ (ទីលំនៅចំណុចចេកហាល ភូមិថ្មី ឃុំកន្ទឺ១) ពុំមានដី ផ្ទះសំបែង ដោយកន្លងមកលោកស្រី និងកូនទៅរស់នៅដោយរស់នៅជាមួយប្តីនៅបន្ទាយ(ខេត្តឧត្តរមានជ័យ)។ ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដោយមើលពីការលំបាកក្រខ្សត់ ទើប ឯកឧត្តមប្រធានសម្រេចទិញដី និងសាងសង់ ផ្ទះជូនលោកស្រី តាយ សារី និងកូនៗបានរស់នៅសមរម្យនាពេលនេះ។

ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម សុខ លូ បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ព ដោយក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តម សុខ លូ បានបញ្ជាក់បន្ថែមថា ជាការតបស្នងសងគុណ រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជា ទាំងអស់ សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ ។ ឯកឧត្តមបានបញ្ជាក់ផងដែរថា សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម។

ជាកិច្ចឆ្លើយតបអ្នកស្រី តាយ សារី និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរនិងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលធ្វើឱ្យលោកស្រីមានទីជម្រកយ៉ាងសមរម្យបែបនេះទេ។

សូមបញ្ជាក់ថា កន្លងមកក្រុមគ្រួសារខាងលើនេះ ត្រូវបានជួយសម្រាលការលំបាកពីកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង រដ្ឋបាលខេត្ត រដ្ឋបាលស្រុក សប្បុរជន និងថ្ងៃនេះបានទទួលផ្ទះថ្មថ្មី១ខ្នងរួមជាមួយអំណោយសម្រាប់សង្កត់ផ្ទះមួយចំនួនទៀតរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី២កេស,ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ២យួរ, ទឹកបរិសុទ្ធ២កេស និងថវិកាមួយចំនួនផងដែរ។

ដោយឡែកលោកយាយ លោកតានិងប្រជាពលរដ្ឋមានជីវភាពទីទ័លក្រ ដែលរស់នៅភូមិផងរបជាមួយចំនួន ៣២គ្រួសារក៏ទទួលបានអំណោយឧបត្ថម្ភផងដែរ ដោយមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកត្រី ១២យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ១យួរ, ទឹកបរិសុទ្ធ១កេសផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៦

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវជឿ មិនត្រូវចែករំលែក និងមិនត្រូវធ្វើការសន្និដ្ឋានលើព័ត៌មានណាមួយ ដែលមិនមានប្រភពច្បាស់លាស់ ឬមិនមានការបញ្ជាក់ពីស្ថាប័នផ្លូវការឡើយ

សេចក្តីអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា៖

ក្នុងបរិបទដែលបណ្តាញសង្គមជាពិសេស facebook និង tiktok ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ននិងជាមធ្យោបាយទទួលព័ត៌មានមួយយ៉ាងសំខាន់, មានក្រុម និងប្រភពព័ត៌មានមួយចំនួនដែលមានមូលដ្ឋានពីក្រៅប្រទេស កំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានបំភ្លៃ និងព័ត៌មានបំផ្លើស ដោយមានចេតនាបង្កការភាន់ច្រឡំ បង្កភាពចលាចលក្នុងសង្គម និងប៉ះពាល់ដល់ស្ថិរភាពសាធារណៈ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវជឿ មិនត្រូវចែករំលែក និងមិនត្រូវធ្វើការសន្និដ្ឋានលើព័ត៌មានណាមួយ ដែលមិនមានប្រភពច្បាស់លាស់ ឬមិនមានការបញ្ជាក់ពីស្ថាប័នផ្លូវការឡើយ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជឿជាក់ និងតាមដានព័ត៌មានតែពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ច ដូចជា សេចក្តីប្រកាសផ្លូវការ ស្ថាប័នព័ត៌មានជាតិ និងប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ និងគោរពតាមស្តង់ដារសារព័ត៌មាន។

ទន្ទឹមនឹងនេះ សូមបងប្អូនចូលរួមជាដៃគូក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយត្រូវពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែក (Think Before You Share) និងរួមគ្នាការពារបរិយាកាសព័ត៌មានឱ្យមានភាពស្អាតស្អំ តម្លាភាព និងទទួលខុសត្រូវ។​ ការប្រុងប្រយ័ត្នរបស់បងប្អូន គឺជាកម្លាំងសំខាន់ក្នុងការការពារសន្តិសុខព័ត៌មាន ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ។

សូមគោរពអរគុណចំពោះការចូលរួមសហការរបស់បងប្អូន៕SRP

Like 196
Comment 0
Share ចែកចាយ
Views 3.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៦

ចាប់វៀតណាម ១០នាក់ ជាប់ពាក់ព័ន្ធ Online Scam

ភ្នំពេញ៖ក្នុងយុទ្ធនាការពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams មួយកន្លែង ស្ថិតនៅនៅផ្ទះលេខ១៦០ ផ្លូវលេខ៣៦៩ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បន្ទាប់ពីមានការសង្ស័យលើសកម្មភាពស្នាក់នៅរបស់ជនបរទេស។

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយកម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផល អាជ្ញាធរបានរកឃើញ និងឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១០នាក់ (ក្នុងនោះមានលិខិតឆ្លងដែនចំនួន ០៩ក្បាល)។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតសម្ភារៈបម្រើឱ្យសកម្មភាពបទល្មើសរួមមានៈ កុំព្យូទ័រប្រភេទ All-in-one ៩គ្រឿង, ម៉ាស៊ីន CPU ៤គ្រឿង,អេក្រង់ Monitor ៣គ្រឿង និងទូរសព្ទដៃ ១០គ្រឿង។

ផ្អែកតាមការពិនិត្យជាក់ស្តែង ទីតាំងខាងលើត្រូវបានរកឃើញថាមានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស “កម្ចីប្រាក់ខុសច្បាប់”។ បច្ចុប្បន្ន អាជ្ញាធរបានសម្រេចបិទឃ្លុំទីតាំងនោះជាបណ្ដោះអាសន្ន ចំណែកមនុស្សទាំង ១០នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។

‎លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូមជម្រាបថា ការបោសសម្អាតOnline Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធរក្នុងរាជធានី-ខេត្ត បានបង្ក្រាបដល់ទីតាំង និងបិទសៀល(មិនឱ្យមានសកម្មភាព) សរុបចំនួន ២៣៦ ទីតាំង នៅក្នុងបណ្តារាជធានី ខេត្ត ក្នុងនោះទីតាំងកាស៊ីណូ ចំនួន ៩១ ទីតាំង ទៅតាំងជាប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥ ទីតាំង។

‎តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ សរុបចំនួន ៧៩ សំណុំរឿង ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់ ចំណោមនោះមានជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង មីយ៉ាន់ម៉ា បង់ក្លាដេស សិង្ហបុរី នេប៉ាល់ ឥណ្ឌា ម៉ាឡេស៊ី ខ្មែរ ប៉ាគីស្ថាន ថៃ ហើយក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ តាមការកត់សម្គាល់របស់អាជ្ញាធរ ក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនេះ ចំនួនប្រមាណ ជាង ២២ម៉ឺនាក់ បានគេចខ្លួនចេញពីប្រទេសកម្ពុជា ខ្លះចេញតាមផ្លូវអាកាស ខ្លះតាមផ្លូវគោក។

‎សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 3.7K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 Page2 Page3 Page4 … Page657 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា ចុះផ្សាយថ្ងៃទី ៣ មេសា ២០២៦
ចាប់ខ្លួនមេក្លោងធំម្នាក់ រួមនឹងបក្ខពួកសរុប៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ ចាប់ខ្លួនមេក្លោងធំម្នាក់ រួមនឹងបក្ខពួកសរុប៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ ចុះផ្សាយថ្ងៃទី ២ មេសា ២០២៦
មនុស្សប្រុសស្រីចំនួន៣នាក់រួមដៃគ្នាប្លន់សម្លាប់ មនុស្សប្រុសស្រីចំនួន៣នាក់រួមដៃគ្នាប្លន់សម្លាប់ ចុះផ្សាយថ្ងៃទី ២ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×