មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺកើតចេញពីការចូលរួមរបស់យើងគ្រប់រូបនៅក្នុងមូលដ្ឋាន»

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺកើតចេញពីការចូលរួមរបស់យើងគ្រប់រូបនៅក្នុងមូលដ្ឋាន»
0

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺកើតចេញពីការចូលរួមរបស់យើងគ្រប់រូបនៅក្នុងមូលដ្ឋាន»

ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍សង្កត់ធ្ងន់ថា «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺកើតចេញពីការចូលរួមរបស់យើងគ្រប់រូបនៅក្នុងមូលដ្ឋាន» ដោយតម្រូវឱ្យកម្លាំងសមត្ថកិច្ចទាំងអស់អនុវត្តតួនាទីដោយម៉ឺងម៉ាត់ ខិតខំបម្រើផលប្រយោជន៍ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋជាចម្បងផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍​ណែនាំឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វើរដ្ឋបាលចំហ ឱ្យបានជាប្រចាំដូចភ្លៀងរលឹមត្រូវយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ និងបង្ក្រាបបញ្ហាក្មេងទំនើង, គ្រឿងញៀន, និងល្បែងស៊ីសងគ្រប់ប្រភេទ ដោយពង្រឹងការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ -សង្កាត់ មានសុវត្ថិភាព» ដល់ប្រជាពលរដ្ឋមន្ត្រីរាជការស៊ីវិល គ្រឹះស្ថានសិក្សា និងវិស័យឯកជន។

នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃក៏បានមានប្រសាសន៍ណែនាំឲ្យមន្ត្រីពាក់ព័ន្ធ​និងសមត្ថកិច្ចជំនាញ បន្តជំរុញ និងពន្លឿនការផ្ដល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ជូនដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានលឿន និងគ្រប់ៗ គ្នា រួមទាំងប្រជាពលរដ្ឋខ្មែរចំណាកស្រុក និងប្រជាពលរដ្ឋខ្មែរទើបវិលត្រឡប់មកពីបរទេស​ និងដើម្បីធានាថាប្រជាពលរដ្ឋ ទទួលបានឯកសារសម្គាល់ខ្លួនាន់ពេលសម្រាប់ប្រើប្រាស់។

សូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការផ្សព្វផ្សាយឱ្យបានទូលំ ទូលាយ អំពីយន្តការថ្មីដើម្បីសម្រួលដល់ការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយអនុញ្ញាតឱ្យ ប្រជាពលរដ្ឋចំណាកស្រុកអាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត កន្លែងដែលខ្លួនកំពុងស្នាក់នៅផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញនោះទេ ហើយព្រមទាំងដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់ និងអាចទទួល បានសេវាដោយងាយស្រួល នៅស្នងការដ្ឋាននគរបាលរាជធានីខេត្ត ឬទីតាំងចល័ត ណាមួយតាមការរៀបចំចាំបាច់របស់ស្នងការដ្ឋាន។
 
ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ ក៏បានមានប្រសាសន៍បន្តថា មន្ត្រីផ្តល់សេវាទាំងអស់ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវនីតិវិធី និងបទដ្ឋាន បច្ចេកទេស ដែលបានកំណត់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សុចរិតភាព តម្លា ភាព គណនេយ្យភាព និងការបម្រើប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវពង្រឹងការតាមដាន វាយតម្លៃ និងរាយការណ៍ អំពីវឌ្ឍនភាព បញ្ហា ប្រឈម និងសំណូមពរនានា ក្នុងអំឡុងពេលអនុវត្ត ដើម្បីអាចធ្វើការកែលម្អ និង ដោះស្រាយបញ្ហាបានទាន់ពេលវេលា។

មានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»ប្រចាំឆមាសទី១ឆ្នាំ២០២៦ ​នៅរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំនេះ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប​ ក៏បានមានប្រសាសន៍ថា ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» គឺជាសសរទ្រូងមួយយ៉ាងសំខាន់ ស្របតាមកម្មវិធីនយោបាយ និង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោ​មការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រមទាំងការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តមអភិសន្តិបណ្ឌិត   ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែចាត់ទុក «សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈរបស់ប្រជាពលរដ្ឋ» ជាអាទិភាពចម្បង និងជាមូលដ្ឋានគ្រឹះមិនអាចខ្វះបា​ន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ។

លោក សំកុល សុចិត្រា បន្តថា ក្នុ​​​ង​​ឆមា​ស​ទី១ ឆ្នាំ២០២៦ នេះ ដោយផ្អែកលើស្មារតី នៃគោលនយោបាយរាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានបង្កើនការស្រាវជ្រាវ បង្ក្រាប និងរៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំដល់ប្រជាពល​រដ្ឋឱ្យបានទូលំទូលាយ អំពីកលល្បិចរបស់ក្រុមជនខិលខូច ដើម្បីកាត់បន្ថយ និងលុបបំបាត់ការឆបោកតាមបណ្តាញសង្គមឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយបន្តអនុវត្តវិធានការក្តៅ ក្នុងការបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានឱ្យអស់ជាស្ថាពរផងដែរ៕SRP