កសិដ្ឋានចិញ្ចឹមជ្រូក២កន្លែង នៅខេត្តកំពត បានបង្កក្លិនស្អុយ ដល់ការរស់នៅរបស់ពលរដ្ឋ

កសិដ្ឋានចិញ្ចឹមជ្រូក២កន្លែង នៅខេត្តកំពត បានបង្កក្លិនស្អុយ ដល់ការរស់នៅរបស់ពលរដ្ឋ
0

កសិដ្ឋានចិញ្ចឹមជ្រូក២កន្លែង នៅខេត្តកំពត បានបង្កក្លិនស្អុយ ដល់ការរស់នៅរបស់ពលរដ្ឋ

មន្រ្តីជំនាញរបស់ក្រសួងបរិស្ថានបានរកឃើញ កសិដ្ឋានចិញ្ចឹមជ្រូក២កន្លែង នៅខេត្តកំពត បានប្រព្រឹត្តល្មើសច្បាប់បរិស្ថាននិងបានបង្កក្លិនស្អុយ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តកំពត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានបន្ដចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក ចំនួន ២ទីតាំង រួមមានកសិដ្ឋានចិញ្ចឹមជ្រូក ហែម ម៉ាច និងកសិដ្ឋានចិញ្ចឹមជ្រូក អ៊ុត ប៊ុនហេង ដែលមានទីតាំងនៅនៅក្នុងភូមិសាស្រ្តឃុំជំពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បានបង្កក្លិនស្ងុយនិងបង្ហូរសំណល់កខ្វក់ប៉ះពាល់ដល់ដីស្រែ និងការរស់នៅប្រជាពលរដ្ឋ។

ក្រុមការងារបានចុះពិនិត្យជាក់ស្តែងដល់មូលដ្ឋានកសិដ្ឋានទាំង២ ដោយបានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ហែម ម៉ាច បានបង្ហូរសំណល់រាវចេញពីស្រះស្ដុកចូលដីស្រែប្រជាពលរដ្ឋ និងបង្កក្លិនស្អុយ និងបានដំណើរការអាជីវកម្ម ដោយពុំបានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង។ ដោយឡែកកសិដ្ឋានចិញ្ចឹមជ្រូក អ៊ុត ប៊ុនហេង បានបង្កឱ្យមានក្លិនស្អុយភាយចេញពីរោងចិញ្ចឹមជ្រូកនិង ដំណើរការអាជីវកម្ម ដោយពុំបានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង។

ក្រុមការងារក្រសួងបរិស្ថាន បានចាត់វិធានការឱ្យកសិដ្ឋានទាំង២ ត្រូវធ្វើការបិតភ្ជិតចំណុចប្រសព្វ ជាមួយប្រឡាយសាធារណៈ ក្បែរកសិដ្ឋានជាបន្ទាន់ និងត្រូវធ្វើការសម្អាតរោងជ្រូក និងរកវិធីសាស្រ្ត ក្នុងការបំបាត់ក្លិនចេញពីកសិដ្ឋានចិញ្ចឹមជ្រូក។ កសិដ្ឋានត្រូវរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដាក់ជូនក្រសួងបរិស្ថាន ពិនិត្យ និងផ្ដល់យោបល់។

ក្នុងករណីពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ល្មើសនឹងមាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងករណីបញ្ចេញសំណល់រាវចូលដីស្រែប្រជាពលរដ្ឋ ល្មើសនឹងមាត្រា១៥៦ បង្កក្លិនស្អុយ ល្មើសមាត្រា១៦១ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ជាមួយគ្នានេះក្រសួងបរិស្ថានតម្រូវឱ្យកសិដ្ឋាន ត្រូវផ្ដល់សំណងផលប៉ះពាល់ និងការខូចខាតបរិស្ថាន ផងដែរ៕SRP