Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នាយករដ្ឋមន្ត្រី៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ
រដ្ឋមន្ត្រីហ៊ុន ម៉ានី ចុះពិនិត្យឃើញ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងប៉ះពាល់បរិស្ថាន និងមិនមានលិខិតអនុញ្ញាត
ឯកឧត្តម សុខ លូ ណែនាំឱ្យមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាក
រដ្ឋមន្ត្រីហ៊ុន ម៉ានី បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប រួមទាំងក្រុមគ្រួសារឯកឧត្តម បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍
ជម្នះឧបសគ្គដើម្បីស្នាមញញឹមគ្រួសារ៖ ដំណើរជីវិត និងភាពបត់បែនលើវិថីការងាររបស់លោក ជិន វាសនា ជាមួយ foodpanda
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កញ្ញា ២០២៦

អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនមេឃុំម្នាក់ និងបក្ខពួក៣នាក់​ (ម្នាក់ចិន) ដែលដឹកនាំ​ រៀបចំទីតាំងឲ្យពួក​ Scams!

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនលោក រៀម រុំ មេឃុំព្រែកខ្សាច់​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​ រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត ក្នុងនោះមានជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងបទល្មើសស៊ី សំណូក សូកប៉ាន់ ដឹកនាំ​ និងរៀបចំទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onlin Scams) នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ក្រោយការឃាត់ខ្លួនជាបន្តបន្ទាប់ ACU បានបញ្ជូនក្រុមជនសង្ស័យទាំងនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២៦នេះ ​ បានចេញសេចក្តីប្រកាសព័ត៌មាន ចោទប្រកាន់ជនសង្ស័យខាងលើជាផ្លូវការដូចខាងក្រោម៖

ទី១៖ ឈ្មោះ​ រៀម​ រុំ​ មេឃុំព្រែកខ្សាច់​ ស្រុកគិរីសាគរ​​ (ឃាត់ខ្លួន)​ ពីបទ​ស៊ីសំណូក, សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់​ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ២៩ និងមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។

ទី២៖ ឈ្មោះ ជា វាសនា ភេទប្រុស​ (ឃាត់ខ្លួន)​ និងឈ្មោះ ជា សុទ្ធ ហៅម៉េង ភេទប្រុស (កំពុងជាប់ឃុំ)​ ពីបទសមគំនិតក្នុងអំពើស៊ីសំណូក , សមគំនិតក្នុងអំពើរៀបចំ ឬ ដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមគំនិតក្នុងអំពើសម្អាតប្រាក់​ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ២៩ និងមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ទី៣៖ ឈ្មោះ ចាង ចៀនឈាំង (ZHANG JIAN QIANG) ហៅ ឆៃ យ៉ូវយៀន (Cai You Yuan) ហៅត្រង៉ោលភេទប្រុស ជនជាតិចិន និង​ បក្សពួក (គេចខ្លួន)​ ពីបទ សូកប៉ាន់, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, រៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៥, មាត្រា ៦ និងមាត្រា ៩នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ ស្តីពី ការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕SRP

Like 196
Comment 0
Share ចែកចាយ
Views 7.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២៦

នគរបាលខេត្តសៀមរាប តាមចាប់ចោរដល់កន្លែងដោះដូរផ្លាកលេខម៉ូតូ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច

ខេត្តសៀមរាប៖ជនសង្ស័យចំនួន២ ត្រូវបាននគរបាលខេត្តសៀម ចាប់ខ្លួនបានភ្លាមៗ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថាបន្ទាប់ពីទទួលបាន សេចក្តីរាយការណ៍មានករណីលួចម៉ូតូ ០១គ្រឿង ម៉ាក Honda Scoopy i ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ផ្លាកលេខ ភ្នំពេញ 1JC-1170 កាលពីវេលាម៉ោង ១៥:០០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ កែ សុខហេង (អាយុ ២០ឆ្នាំ) កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការពីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញអន្តរាគមន៍ បើកការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតស្វែងរកឃើញ និងឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នាក់ ភ្លាមៗ នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខណៈពេលដែល ពួកគេ កំពុងធ្វើសកម្មភាព ដោះដូរផ្លាកលេខម៉ូតូ ដើម្បីបំភាន់ភ្នែក សមត្ថកិច្ច។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបន្តថាជនសង្ស័យទាំង០២ នាក់ ទី១/ឈ្មោះ ហាន ភា ហៅ ម៉ៅ ភេទប្រុស អាយុ ៤២ឆ្នាំ ជាជនដៃដល់ (ធ្លាប់ជាប់ពន្ធនាគារ ០១លើក រយៈពេល ០៨ខែ ករណីលួចម៉ូតូ) និងជនសង្ស័យទី២/ ឈ្មោះ ស៊ា សារ័ត្ន ហៅ ហាក់ ភេទប្រុស អាយុ ២៤ឆ្នាំ ជាបក្ខពួក (ធ្លាប់ជាប់មណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ០២លើក)។

ជនសង្ស័យ ឈ្មោះ ហាន ភា បានសារភាព ទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូចំនួន០២ លើកពិតមែន ដោយលើកទី១ នៅក្នុងខែសីហា ឆ្នាំ២០២៦ យកបានម៉ូតូម៉ាក Honda Click ពណ៌ស ផ្លាកលេខ ព្រះវិហារ 1E-2840 នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ឱ្យឈ្មោះ ស៊ា សារ័ត្ន ជិះយកទៅ និងលើកទី២ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ យកបានលួចម៉ូតូ Honda Scoopy i បានហើយ យកមកប្តូរផ្លាកលេខ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន តែម្តង។ ជាមួយគ្នានេះ កម្លាំងជំនាញបានធ្វើតេស្ត ស្វែងរកសារធាតុញៀន ជាលទ្ធផល ជនសង្ស័យឈ្មោះ ស៊ា សារ័ត្ន មានសារធាតុញៀន (វិជ្ជមាន) នៅក្នុងទឹកនោម។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចដករហូតវត្ថុតាងបាន ម៉ូតូScoopy i ចំនួន០១ គ្រឿង ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1JC-1170 បានប្រគល់ជូនជនរងគ្រោះជាម្ចាស់វិញ។ ម៉ូតូ Honda Click ០១គ្រឿង ពាក់ផ្លាកលេខព្រះវិហារ 1E-2840។

យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាពជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមជម្រាបថាប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕SRP

Like 198
Comment 0
Share ចែកចាយ
Views 36.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២៦

អធិការក្រុងប៉ោយប៉ែត ច្រានចោលការបិទបាំងព័ត៌មាន និងថាជនបង្កត្រូវបានបញ្ជូនទៅចាត់ការតាមនីតិវិធីរួចហើយ

អធិការក្រុងប៉ោយប៉ែតបំភ្លឺជុំវិញករណីអធិការរងបង្កគ្រោះថ្នាក់ចរាចរណ៍ និងការសង្ស័យប្រើប្រាស់គ្រឿងញៀន

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយលោកអធិការរងនគរបាលក្រុងប៉ោយប៉ែត ដែលលោក ផែង វណ្ណៈ បានបង្ហោះសារចោទប្រកាន់ថា លោកអធិការរងរូបនោះបានបើករថយន្តគ្មានស្លាកលេខបុកគេ ព្រមទាំងសង្ស័យមានសារធាតុញៀន ក្នុងពេលដែលលោកអធិការក្រុងប៉ោយប៉ែតបានចេញមុខច្រានចោលការបិទបាំងព័ត៌មាន និងបញ្ជាក់ថា ជនបង្កត្រូវបានបញ្ជូនទៅចាត់ការតាមនីតិវិធីរួចហើយ។

លោក ផែង វណ្ណៈ ដែលជាអ្នកសកម្មនៅលើបណ្ដាញផ្សព្វផ្សាយសង្គម Facebook បានបង្ហោះសារមួយនៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លើទំព័រហ្វេសប៊ុករបស់ខ្លួនថា «មហាជនឆ្ងល់ថា ហេតុអ្វីរថយន្តរបស់លោកអធិការរងក្រុងប៉ោយប៉ែតដែលកំពុងប្រើប្រាស់រាល់ថ្ងៃគ្មានស្លាកលេខ? ព្រោះរថយន្តគ្មានស្លាកលេខ មិនអាចធ្វើចរាចរណ៍លើដងផ្លូវបានទេ»។

លោក ផែង វណ្ណៈ បានអះអាងបន្តថា «រឿងហេតុម្សិលមិញ (ថ្ងៃទី១៣ ខែកញ្ញា) រថយន្តលោកអធិការរងក្រុងប៉ោយប៉ែត មុននឹងបុកម៉ូតូជនរងគ្រោះ គឺបានបើកបុករថយន្តដែលម្ចាស់ចតស្ងៀមម្តងហើយ នេះបើតាមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍។ លោកអធិការរងដូចជាមានអារម្មណ៍រវើរវាយខ្លាំង (សង្ស័យប្រើប្រាស់គ្រឿងញៀន)»។ តាមសំណេរដដែលនោះ លោកបានបន្ថែមថា សមត្ថកិច្ចគួរតែអញ្ជើញអធិការរងក្រុងប៉ោយប៉ែតរូបនោះមកតេស្តទឹកនោម ព្រមទាំងបានចោទប្រកាន់លោកអធិការក្រុងប៉ោយប៉ែតថា មានជំនាញខាងបិទបាំងព័ត៌មាន និងការពារអំពើអាក្រក់របស់កូនចៅជាច្រើនលើកច្រើនសារ រហូតដល់ករណីគ្រោះថ្នាក់ចរាចរណ៍នេះទៀតផង។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ លោក ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឆ្លើយបំភ្លឺថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយអធិការរងក្រោមឱវាទរបស់លោក ពិតជាបានកើតឡើងមែន ហើយលោកបានបញ្ជាឱ្យមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាត់បញ្ជូនជនបង្កទៅដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យរួចរាល់ហើយ។ ដោយឡែក ករណីសង្ស័យថាមានប្រើប្រាស់សារធាតុញៀន ឬគ្រឿងស្រវឹងនោះ គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ មិនទាន់មានលទ្ធផលបញ្ជាក់នៅឡើយទេ។

ដោយឡែក ចំពោះការលើកឡើងថា អធិការរងរូបនោះបានបង្កគ្រោះថ្នាក់ចរាចរណ៍ពីរដង និងប្រើប្រាស់រថយន្តគ្មានស្លាកលេខ លោកអធិការក្រុងប៉ោយប៉ែត បានបញ្ជាក់ថា លោកពុំធ្លាប់បានដឹងនោះឡើយ ដោយលោកកត់សម្គាល់ឃើញថារថយន្តនោះតែងមានស្លាកលេខធម្មតា។ ប៉ុន្តែនៅថ្ងៃកើតហេតុ លោកមិនបានដឹងច្បាស់លម្អិតនោះទេ ដោយសារលោកជាប់បំពេញភារកិច្ចនៅក្រៅអធិការដ្ឋាន៕SRP

Like 197
Comment 0
Share ចែកចាយ
Views 6K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២៦

អភិបាលខេត្តបាត់ដំបង ណែនាំដល់អភិបាលស្រុកថ្មីត្រូវពង្រឹងការបង្រ្កាបគ្រប់ប្រភេទ

អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានណែនាំដល់អភិបាលស្រុកទើបប្រកាសចូលកាន់តំណែងថ្មីត្រូវពង្រឹងការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង បទល្មើសនេសាទ និងបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ដាស់តឿនអាជ្ញាធរស្រុក ឃុំត្រូវយកចិត្តទុកដាក់ក្នុងរំដោះដីចំណីផ្លូវ បើកផ្លូវសាធារណៈរបស់រដ្ឋឱ្យបានធំទូលាយ ថែរក្សាអនាម័យបរិស្ថាន ទប់ស្កាត់ការរំពងសំឡេងឮខ្លាំងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ បន្តដាំដើមឈើនៅតាមទីប្រជុំជន និងសាលារៀនឱ្យបានច្រើនបន្ថែមទៀតសម្រាប់បម្រើជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយ។

ឯកឧត្តម ណែនាំដល់មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកទាំងអស់ សូមបន្តរក្សាសាមគ្គីភាព គោរពឋានានុក្រម និងគាំទ្រដល់ការដឹកនាំរបស់អភិបាលស្រុកថ្មីដើម្បីឱ្យការងារបម្រើសេវារដ្ឋបាល សេវាសាធារណៈ បានប្រព្រឹត្តទៅប្រកបដោយថាមពល និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម គូសបញ្ជាក់ថា ស្ថានភាពសន្តិសុសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តបាត់ដំបង មានលក្ខណៈល្អប្រសើរ ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់បានធ្វើការចុះបង្ក្រាប និងបិទទីតាំងល្បែងផ្សងសំណាងខុសច្បាប់នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តបានល្អប្រសើរ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម សុខ លូ ប្រកាសគាំទ្រ និងអនុវត្តយ៉ាងពេញទំហឹងចំពោះការដាក់ចេញផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ និងសូមប្តេជ្ញាចូលរួមអនុវត្តឱ្យទទួលបានជោគជ័យ ដើម្បីពង្រឹងសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងរដ្ឋបាលដែនដីឱ្យកាន់តែមានប្រសិទ្ធភាព ហើយជឿជាក់យ៉ាងមុតមាំថា ផ្លែផ្កាជោគជ័យនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះនឹងធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ និងមានជីវភាពរស់នៅកាន់តែប្រសើ មានលទ្ធភាពកាន់តែងាយស្រួលក្នុងការទទួលបានសេវាសាធារណៈ ទាំងសេវារដ្ឋបាល និងសេវាសន្តិសុខប្រកបដោយទំនុកចិត្ត ការជឿជាក់ ឆាប់រហ័ស ទំនើប និងប្រកបដោយប្រសិទ្ធភាព ធានាបាននូវការអភិវឌ្ឍខេត្តលើគ្រប់វិស័យ បរិយាប័ន្ន និងបច្ចេកវិទ្យាឌីជីថល។

អភិបាលខេត្តបាត់ដំបង ណែនាំបែបនេះ ក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ទន់ សុផន អភិបាលស្រុកមោងឫស្សីដែលពិធីនេះធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកមោងឫស្សី៕SRP


Like 195
Comment 0
Share ចែកចាយ
Views 2.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២៦

ឯកឧត្តមអ៊ុន ចាន់ដា ណែនាំឲ្យរៀបចំដាំដើមត្នោតបន្ថែមជាជួរស្អាតៗ ដោយត្រូវបន្តថែទាំ និងរៀបចំបរិស្ថានឱ្យបានល្អប្រសើរ

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ សូមរៀបចំដាំដើមត្នោតបន្ថែមជាជួរស្អាតៗ ដោយត្រូវបន្តថែទាំ និងរៀបចំបរិស្ថានឱ្យបានល្អប្រសើរ ដើម្បីឱ្យកាន់តែមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្ត។

អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខព្រះចៅអធិការវត្ត សិរីសាគរ ស្រុកស្រីសន្ធរ នៅថ្ងៃម្សិលមិញ ក្នុងដំណើរអញ្ជើញបំពេញបេសកកម្មនៅស្រុកស្រីសន្ធរ។

គួរបញ្ជាក់ថា ផ្លូវបេតុង ចូលវត្តសិរីសាគរ ត្រូវបានបុព្វបុរសជំនាន់មុននាំគ្នាដាំដើមត្នោតជាជួរយ៉ាងស្រស់ស្អាត ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ដោយបានទាក់ទាញដល់ភ្ញៀវទេសចរណ៍ពីគ្រប់ទិសទី ជាពិសេសអ្នកលេងបណ្ដាញសង្គម មកផ្តិតយករូបភាព និងវីដេអូធ្វើការបង្ហោះចែកចាយពេញបណ្ដាញសង្គមផងដែរ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 3.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២៦

អភិបាលខេត្តកំពង់ចាម៖ ការបង្កើតទីលានចាក់សំរាមនេះ គឺជាជំហានសំខាន់មួយ ក្នុងការកែលម្អបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការបង្កើតទីលានចាក់សំរាមនេះ គឺជាជំហានសំខាន់មួយ ក្នុង ការកែលម្អបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ ធានា សុខុមាលភាពសាធារណៈ និងទប់ស្កាត់ការចោលសំរាម ពាសវាលពាសកាល។ ឯកឧត្តមក៏បានណែនាំឲ្យក្រុមការងារ បច្ចេកទេស និងអាជ្ញាធរមូលដ្ឋានសហការគ្នាសិក្សាផល ប៉ះពាល់ ឲ្យគ្រប់ជ្រុងជ្រោយទាំងផ្នែកបរិស្ថាន និងសង្គម ដើម្បីឲ្យការអនុវត្តគម្រោងនេះដំណើរការទៅដោយរលូន និង ទទួលបានផលប្រយោជន៍ អតិបរមា ជូនប្រជាពលរដ្ឋក្នុងតំបន់។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា ប្រសិនបើតំបន់នេះមានការគ្រប់គ្រងសំរាមបានល្អប្រសើរ វាមិនត្រឹមតែជួយឱ្យភូមិឃុំមានអនាម័យ និងខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់សោភ័ណភាព និងទាក់ទាញទេសចរណ៍ ឱ្យមកកម្សាន្តក្នុងតំបន់នេះកាន់តែច្រើន។

អភិបាលខេត្តកំពង់ចាម មានប្រសាសន៍បែបនេះក្នុងឱកាសចុះពិនិត្យទីតាំងគ្រោងរៀបចំទីលានចាក់សំរាម នៅឃុំព្រែកដំបូក សម្រាប់បម្រើឲ្យស្រុកចំនួន ៣ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ស្រុកស្រីសន្ធរ។

គម្រោងរៀបចំទីលានចាក់សំរាមថ្មីនេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការគ្រប់គ្រងសំណល់ រឹង-សំរាម ឲ្យមានប្រសិទ្ធភាព និងអនាម័យបរិស្ថានខ្ពស់ ដោយត្រូវ ប្រើប្រាស់រួមគ្នាសម្រាប់ ស្រុក ចំនួន៣ នៃខេត្ត២ រួមមាន ៖ ស្រុកស្រីសន្ធរ, ស្រុកកោះសូទិន (ខេត្តកំពង់ចាម) និងស្រុកខ្សាច់កណ្តាល (ខេត្តកណ្តាល)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.9K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២៦

អាជ្ញាធរខេត្តកំពង់ចាម ត្រៀមទប់ច្រាំងទន្លេនៅស្រុកស្រីសន្ធរ ខណៈផ្ទះ ៧ខ្នងត្រូវរើចេញ និង ១២ខ្នងទៀតកំពុងប្រឈមបាក់ស្រុត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យស្ថានភាពបាក់ច្រាំងទន្លេដោយផ្ទាល់ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ដើម្បីវាយតម្លៃផលប៉ះពាល់ និងស្វែងរកដំណោះស្រាយជាបន្ទាន់ជូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងរៀបចំផែនការជួយជួសជុលទប់ច្រាំងទន្លេនៅទីតាំងនេះ និងទីតាំងឃុំចំនួនពីរទៀត ក្នុងអំឡុងរដូវទឹកស្រក ឆ្នាំ២០២៧ខាងមុខ ដើម្បីទប់ស្កាត់ និងចៀសវាងកុំឱ្យមានការបាក់ស្រុតបន្តទៀត។

លោកមេឃុំឫស្សីស្រុក បានឲ្យដឹងថាបញ្ហាបាក់ច្រាំងទន្លេនៅឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ នាពេលនេះ កំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបច្ចុប្បន្ន ផ្ទះ ០៧ ខ្នង ត្រូវបានបង្ខំចិត្តរុះរើ និងជម្លៀសចេញជាបន្ទាន់ដើម្បីគេចពីគ្រោះថ្នាក់។ ផ្ទះ ១២ ខ្នងទៀត កំពុងស្ថិតក្នុងស្ថានភាពប្រឈមខ្លាំង នឹងការបាក់ស្រុតធ្លាក់ចូលក្នុងទន្លេ ប្រសិនបើគ្មានវិធានការទប់ស្កាត់ទាន់ពេលវេលា។

ដំណោះស្រាយចំពោះមុខ អាជ្ញាធរមូលដ្ឋាន បានជួយសម្រួលដល់ការរុះរើ និងដឹកជញ្ជូនសម្ភារប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់មកត្រៀមអន្តរាគមន៍ជួសជុល ទប់ស្កាត់ការបាក់បន្ថែម ក្នុងអំឡុងពេលរដូវទឹកស្រក និងរៀបចំគម្រោងទប់ច្រាំងទន្លេផ្លូវការ នាឆ្នាំ២០២៧។

អភិបាលខេត្តកំពង់ចាម ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តតាមដានមើលស្ថានភាពដីបាក់ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅជិតតំបន់ប្រឈម បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។SRP

Like 196
Comment 0
Share ចែកចាយ
Views 2.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កញ្ញា ២០២៦

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យមន្ត្រីពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការជួយដោះស្រាយ និងអន្តរាគមន៍សង្គ្រោះស្រូវប្រជាកសិករ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវសហការគ្នាជាមួយអាជ្ញាធរស្រុក ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយ និងអន្តរាគមន៍សង្គ្រោះស្រូវដែលប្រជាកសិករយើងបានដាំដុះ ដោយកុំឱ្យប្រឈមនឹងបញ្ហាខ្វះខាតទឹកស្រោចស្រពបន្តទៀត។

អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ជំរុញបែបនេះ
នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានីយបូមទឹក និងប្រព័ន្ធធារាស្ត្រព្រែកពោធិ៍ នៅស្រុកស្រីសន្ធរ ដើម្បីបង្ការ និងបញ្ចៀសការខ្វះខាតទឹកស្រោចស្រព ខណៈស្រូវប្រមាណជិត ៥០០ហិកតា ក្នុងឃុំស្វាយពោធិ៍ និងឃុំខ្នារស ត្រូវរងគ្រោះរាំងស្ងួត។

គួរបញ្ជាក់ថា ប្រព័ន្ធធារាស្ត្រព្រែកពោធិ៍ មានប្រឡាយមេចំនួន ១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូច-ធំចំនួន ១៩៥កន្លែង ដោយមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រខ្នាតធំ ៧គ្រឿង ក្នុងមួយកន្លែង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីប្រមាណ ៩.០០០ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតទៅដល់បណ្ដាឃុំមួយចំនួនក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយប្រើប្រាស់ប្រភពទឹកពីទន្លេមេគង្គ ដែលមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ទាំងរដូវប្រាំង និងរដូវវស្សា ខណៈគម្រោងនេះប្រើប្រាស់ថវិកាសរុបប្រមាណ ៣២ លានដុល្លារអាមេរិក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កញ្ញា ២០២៦

ក្រុមហ៊ុន ROYAL CERA CO., LTD.  បំពុលបរិស្ថាន

ក្រសួងបរិស្ថានដាក់បញ្ជាឱ្យក្រុមហ៊ុន ROYAL CERA CO., LTD. បន្តផ្អាកដំណើរការផលិតកម្ម បន្ទាប់ពីក្រុមមន្រ្តីជំនាញពាក់ព័ន្ធ បន្តរកឃើញថា ក្រុមហ៊ុនផលិតក្បឿង ចានបង្គន់ និងការ៉ូមួយនេះ មិនទាន់បានចាត់វិធានការគ្រប់គ្រងសំណល់រាវមិនទាន់បានត្រឹមត្រូវ។

ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានចូលរួមជាមួយមន្រ្តីជំនាញមកពីមន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្ត  មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរសុខាភិបាល មន្ទីរធនធានទឹក និងឧតុនិយម រដ្ឋបាលស្រុកទឹកឈូ រដ្ឋបាលស្រុកដងទង់ ខេត្តកំពត និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន  ROYAL CERA CO., LTD.  ដែលមានទីតាំងស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

ក្រុមការងារបានបន្តពិនិត្យឃើញថាក្រុមហ៊ុន បានដំណើរការដោយគ្មានរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់។ ក្រុមហ៊ុនគ្មានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ  និងបានដឹកចេញដោយពុំមានលិខិតអនុញ្ញាត។ កន្លងមកនេះក្រុមការងារ ក្រសួងបរិស្ថាននិងអ្នកពាក់ព័ន្ធ  កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ធ្លាប់បានចុះពិនិត្យ និងតម្រូវឱ្យក្រុមហ៊ុន អនុវត្តតាមវិធានការច្បាប់និងបទដ្ឋានបច្ចេកទេសបរិស្ថាន ឱ្យបានត្រឹមត្រូវ ប៉ុន្តែក្រុមហ៊ុនមិនបានអនុវត្ត។

ក្រសួងបរិស្ថានដាក់ចេញវិធានការចំពោះក្រុមហ៊ុន ដោយបន្តឱ្យផ្អាកដំណើរការផលិតកម្ម បញ្ចេញសំណល់រាវជាបន្ទាន់ ទោះរូបភាពណាក៏ដោយ។ ក្រសួងបរិស្ថានក៏បានតម្រូវឱ្យក្រុមហ៊ុន សាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មសំណល់ និងអនុវត្តស្របតាមច្បាប់ ក៏ដូចជាក្រមបរិស្ថាន និងធនធានធម្មជាតិ ឱ្យបានខ្ជាប់ខ្ជួន មុននឹងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។ លើសពីនេះ ក្រុមហ៊ុនត្រូវបូមសំណល់រាវ ដែលបានយកទៅចាក់ចោលនៅរណ្ដៅដី មកដាក់នៅស្រះស្ដុករបស់ក្រុមហ៊ុនជាបណ្ដោះអាសន្នវិញ និងត្រូវកាយដីភក់នៅទីតាំងដែលបានចាក់សំណល់រាវ នៅស្រុកដងទង់ មកដាក់ក្នុងទីតាំងក្រុមហ៊ុនវិញ ឱ្យបានរួចរាល់មុនថ្ងៃទី២២ ថ្ងៃកញ្ញា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ក្រុមហ៊ុនបានប្រព្រឹត្តល្មើស យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៥៦ ១៦១ មាត្រា១៧៣ និងមាត្រា២៨៧ និង៦៦៨ អនុក្រឹត្យលេខ២៧ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក។SRP

Like 197
Comment 0
Share ចែកចាយ
Views 8K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កញ្ញា ២០២៦

អភិបាលខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធី “Kapea App” ប្រសិនបើមានការសង្ស័យពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវ និងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរាយការណ៍ភ្លាមៗចូលទៅក្នុងកម្មវិធី “Kapea App” ប្រសិនបើមានការសង្ស័យថាជាករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ថ្លែងបែបនេះនារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេល ៩ខែ ដើមឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្ត។

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា បច្ចុប្បន្នល្បិចកលរបស់ក្រុមជនខិលខូចតាមប្រព័ន្ធអនឡាញមានភាពស្មុគស្មាញ និងផ្លាស់ប្តូររូបភាពជាច្រើន ដូច្នេះការចូលរួមរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋតាមរយៈកម្មវិធី Kapea App គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងទាន់ហេតុការណ៍បំផុត ដែលជួយឱ្យសមត្ថកិច្ចជំនាញអាចអន្តរាគមន៍ បង្ការ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានទាន់ពេលវេលា។

ឯកឧត្តម អភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ ត្រូវចេះការពារខ្លួន និងត្រូវចាត់ទុកបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដូចជាមេរោគដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលអាចសម្លាប់យើង ឬបំផ្លាញយើងបានគ្រប់ពេល ប្រសិនបើយើងមានការឆ្វេសប្រហែស។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបន្តជំរុញការផ្សព្វផ្សាយពីរបៀបប្រើប្រាស់កម្មវិធី Kapea App នេះដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ សំដៅរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២៦

អភិបាលខេត្តបាត់ដំបងណែនាំឲ្យមន្ត្រីពាក់ព័ន្ធបន្តបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឲ្យប្រសិទ្ធភាពបន្ថែមទៀត

អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែសីហា ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចបង្កើនការបង្រ្កាបគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង បទល្មើសនេសាទ និងបទល្មើសគ្រប់ប្រភេទឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ឯកឧត្តម ជំរុញពន្លឿនការរៀបចំចរាចរណ៍ក្នុងក្រុងបាត់ដំបងសំដៅកាត់បន្ថយការកកស្ទះ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តម ក្រើនរំឭកដល់អាជ្ញាធរក្រុង ស្រុក ត្រូវខិតខំបន្តការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ លុបបំបាត់សំណង់មិនរៀបរយ ហាមឃាត់ការសាងសង់សំណង់រឹងរំលោភលើដីសាធារណៈរបស់រដ្ឋ។

ឯកឧត្តម សុខ លូ ជំរុញអាជ្ញាធរក្រុង ស្រុកឱ្យបន្តយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដោយត្រូវបង្កើនការដាំដើមឈើនៅតាមទីប្រជុំជនដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានបៃតង ជាពិសេសត្រូវថែទាំដើមឈើដែលបានដាំរួចឱ្យបានលូតលាស់ល្អ។

ឯកឧត្តម អភិបាលខេត្តបានបន្តណែនាំដល់មន្ទីរ អង្គភាព ក្រុង-ស្រុក ចូលរួមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចូលរួមផ្សាយរាល់ព័ត៌មានពិត មានប្រភពច្បាស់លាស់ របស់រដ្ឋាភិបាល និងប្រតិកម្មរហ័សលើព័ត៌មានក្លែងក្លាយ ដើម្បីលុបបំបាត់ព័ត៌មានបំពុលសង្គម។

ឯកឧត្តម អភិបាលខេត្តបានជំរុញដល់អាជ្ញាធរក្រុង-ស្រុកត្រូវខិតខំផ្សព្វផ្សាយកៀរគរយុវជន ពិសេសយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយហានិភ័យ ឱ្យចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ ដើម្បីមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានការងារធ្វើសមរម្យ និងមានប្រាក់ចំណូលខ្ពស់ ខណៈខេត្តបាត់ដំបង មានវិទ្យាស្ថានសម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកទេសរហូតដល់៣ទីតាំងដែលអាចទទួលសិស្សចូលរៀនបានជាច្រើននាក់៕SRP.

Like 196
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២៦

អភិបាលខេត្តកំពង់ចាម សំណេះសំណាល និងប្រគល់កុំព្យូទ័រ Laptop រួមនឹងថវិកា ជូនសិស្សនិទ្ទេស A សិស្សកំព្រា និងសិស្សពិការ ក្នុងក្រុងកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ចាម នៅព្រឹកមិញនេះ បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម។

ដើម្បីជួយសម្រួលដល់ការសិក្សាថ្នាក់ឧត្តមសិក្សា និងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែង រដ្ឋបាលខេត្តកំពង់ចាមបានឧបត្ថម្ភកុំព្យូទ័រ Laptop ១គ្រឿង ថវិកា ១លានរៀល និងសម្ភារសិក្សា ជូនដល់សិស្សនិទ្ទេស A ចំនួន ២៦នាក់ ព្រមទាំងផ្តល់ Laptop ថវិកា ១លានរៀល សម្ភារសិក្សា និងអាហារូបករណ៍ដល់សិស្សកុមារកំព្រា ២នាក់។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏បានផ្តល់ថវិកា ២លានរៀល សម្ភារសិក្សា និងអាហារូបករណ៍ដល់សិស្សពិការ គ ថ្លង់ ចំនួន ៥នាក់ ព្រមទាំងឧបត្ថម្ភថវិកា ១លានរៀល ដល់វិទ្យាល័យចំនួន ៥ ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ព្រមទាំងបានកោតសរសើរ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះក្មួយៗសិស្សនិទ្ទេស A ទាំង ២៦នាក់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ដោយបានសាងកិត្តិយសជូនខ្លួនឯង គ្រួសារ សាលារៀន និងខេត្តកំពង់ចាមទាំងមូល។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងជាប់ទាំងអស់ ឱ្យបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រនៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យក្លាយជា «មូលធនមនុស្ស» ដ៏មានសក្តានុពល។ ឯកឧត្តមក៏បានរំលឹកឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌ ដើម្បីយកចំណេះដឹងដែលទទួលបានទៅរួមចំណែកក្នុងការអភិវឌ្ឍគ្រួសារ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.2K
Sponsored
Older posts
Newer posts
← Previous Page1 … Page6 Page7 Page8 … Page696 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នាយករដ្ឋមន្ត្រី៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ នាយករដ្ឋមន្ត្រី៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ ចុះផ្សាយថ្ងៃទី ៩ វិច្ឆិកា ២០២៦
រដ្ឋមន្ត្រីហ៊ុន ម៉ានី ចុះពិនិត្យឃើញ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងប៉ះពាល់បរិស្ថាន និងមិនមានលិខិតអនុញ្ញាត រដ្ឋមន្ត្រីហ៊ុន ម៉ានី ចុះពិនិត្យឃើញ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងប៉ះពាល់បរិស្ថាន និងមិនមានលិខិតអនុញ្ញាត ចុះផ្សាយថ្ងៃទី ៩ វិច្ឆិកា ២០២៦
ឯកឧត្តម សុខ លូ ណែនាំឱ្យមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាក ឯកឧត្តម សុខ លូ ណែនាំឱ្យមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាក ចុះផ្សាយថ្ងៃទី ២ វិច្ឆិកា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×