រដ្ឋមន្ត្រីហ៊ុន ម៉ានី បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប រួមទាំងក្រុមគ្រួសារឯកឧត្តម បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង លលោកគ្រូអ្នកគ្រូ និសិស្សានុសិស្ស នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦។
មានប្រសាសន៍សំណេះសំណាលជាមួយអង្គពិធី ឯកឧត្តមក៏បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប ដែលរួមមានក្រុមគ្រួសារឯកឧត្តមផ្ទាល់ផងនោះ បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍។ ពេលយើងគិតទៅដលអតីតកាល ទើបយើងដឹងថាប្រទេសកម្ពុជាយើងបានឆ្លងកាត់នូវសោកនាដកម្មដ៏ជូរចត់រាប់មិនអស់។ ទោះបីជាយើងមិនរស់នៅក្នុងអតីតកាលក្តី ហើយយើងបានខិតខំប្រឹងប្រែងបន្តទៅមុខគ្រប់ជំហាន តែចំពោះដួងវិញ្ញាណក្ខ័ន្ធរបស់សមាជិកក្រុមគ្រួសារដែលបានស្លាប់ គឺយើងត្រូវតែនឹកឃើញដល់ពួកគាត់ជានិច្ច។
ជាក់ស្តែង វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ជាវិទ្យាល័យមួយដែលស្ថិតនៅក្នុងភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមជាប់តាមបណ្តោយផ្លូវ ជាតិលេខ៧។ នៅក្នុងឆ្នាំ ១៩៦៥ ដល់ ១៩៦៦ ទីតាំងនេះ គឺជាសាលាបឋមសិក្សាមេមត់។ នៅក្នុងឆ្នាំ ១៩៧៥ – ១៩៧៩ សាលារៀននេះបានក្លាយទៅជាមន្ទីរពេទ្យតំបន់របស់របបប្រល័យពូជសាសន៍ប៉ុលពត។ កន្លែងនេះហើយជាមហាសោកនាដកម្មដ៏ខ្លោចផ្សាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយលោកទាំង២បានបាត់បង់កូនប្រុសច្បងជាទីស្រលាញ់ដែលមាននាមថាកុមារ ហ៊ុន កំសត់។
សូមបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងក្នុង គោលបំណង ជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស។ ជាមួយគ្នាដែរ ឯកឧត្តមបាននាំយកអំណោយជាសម្ភារៈ និងថវិកា ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គ មហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារដើម្បីរំឭកដល់ខួបលើកទី៥០ នៃការទទួលមរណភាពកូនប្រុសច្បងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងឈានមកដល់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ៕SRP