ជម្នះឧបសគ្គដើម្បីស្នាមញញឹមគ្រួសារ៖ ដំណើរជីវិត និងភាពបត់បែនលើវិថីការងាររបស់លោក ជិន វាសនា ជាមួយ foodpanda
ភ្នំពេញ៖សម្រាប់ឪពុកគ្រប់រូប គ្មានអ្វីមានតម្លៃជាងការបានឃើញកូនៗធំធាត់ប្រកបដោយសុភមង្គល និងអនាគតភ្លឺស្វាងនោះឡើយ។ សម្រាប់លោក ជិន វាសនា ដែលជាដៃគូដឹកជញ្ជូន (Rider) មួយរូបរបស់ foodpanda ជីវិតប្រចាំថ្ងៃរបស់លោកមិនមែនត្រឹមតែជាការចេញទៅរកប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែជាការតស៊ូប្រកបដោយក្តីស្រឡាញ់ ដើម្បីបង្កើតលំនឹងរវាងការងារ និងភាពកក់ក្តៅក្នុងគ្រួសារដែលមានសមាជិក ៥ នាក់។
ទោះបីជាត្រូវបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០ ក៏ដោយ ឧបសគ្គរាងកាយមិនដែលជាឧបសគ្គនៃក្តីសង្ឃឹមរបស់លោកឡើយ។ ដោយមានជំនួយពីម៉ូតូកង់បីកែច្នៃស្របតាមស្ថានភាពកាយសម្បទា លោក វាសនា តែងតែបង្ហាញវត្តមាននៅលើដងវិថីដោយទឹកមុខស្វាហាប់។ កាលពីមុន លោកធ្លាប់ប្រកបរបរដេរកាបូប និងលក់ផ្លែឈើ ប៉ុន្តែវិបត្តិកូវីដ-១៩ បានធ្វើឱ្យមុខរបរទាំងនោះត្រូវបាត់បង់ស្ទើរតែទាំងស្រុង។ រហូតដល់ឆ្នាំ ២០២១ តាមរយៈការលើកទឹកចិត្តពីបងប្អូន លោកក៏បានសម្រេចចិត្តចាប់យកឱកាសការងារថ្មីជាមួយ foodpanda។
ការចាប់ផ្តើមដំបូងមិនមែនជារឿងងាយស្រួលនោះទេ ទាំងការសម្របខ្លួនទៅនឹងប្រព័ន្ធបច្ចេកវិទ្យា និងការរៀនប្រើប្រាស់កម្មវិធីទូរសព្ទតាមប្រព័ន្ធអនឡាញ។ ប៉ុន្តែ ដោយសារកម្មវិធីរបស់ foodpanda មានភាពងាយស្រួល ផ្តោតច្បាស់លាស់លើសេវាដឹកជញ្ជូន ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ លោកក៏បានស៊ាំទៅនឹងការងារនេះយ៉ាងស្ទាត់ជំនាញ។ ជារៀងរាល់ព្រឹក លោកគ្រាន់តែបើកកម្មវិធីទូរសព្ទ ស្កេនផ្ទៃមុខ និងរង់ចាំទទួលការកុម្ម៉ង់នៅក្បែរតំបន់ភោជនីយដ្ឋានមមាញឹកនានា។
អ្វីដែលជាចំណុចពិសេស និងផ្លាស់ប្តូរជីវិតរបស់លោកយ៉ាងពិតប្រាកដ គឺ «ភាពបត់បែននៃពេលវេលា» ដែលប្រព័ន្ធការងាររបស់ foodpanda ផ្តល់ជូន។ លោក វាសនា អាចបែងចែកកាលវិភាគការងារដោយខ្លួនឯងទៅតាមតម្រូវការជាក់ស្តែងរបស់គ្រួសារ៖ ពេលព្រឹកលោកបើកកម្មវិធីទទួលការងារពីម៉ោង ៧:០០ ដល់ ១១:០០ រួចឆ្លៀតទៅទទួលកូនៗពីសាលារៀន និងហូបបាយជុំគ្នា បន្ទាប់មកទើបបន្តការងារពីម៉ោង ១:០០ រសៀល ដល់ ៥:០០ ល្ងាច។ នៅចន្លោះការកុម្ម៉ង់នីមួយៗ លោកតែងតែឆ្លៀតសម្រាកយកកម្លាំង ហើយនៅពេលត្រឡប់ទៅផ្ទះវិញ លោកនៅមានពេលជួសជុលកាបូបជាមុខរបរបន្ថែម ព្រមទាំងជួយបង្រៀនកូនៗធ្វើកិច្ចការសាលាទៀតផង។
លោក វាសនា បានចែករំលែកដោយក្តីមោទនភាពថា៖ «បើខ្ញុំមិនប្រឹងប្រែងដើម្បីគ្រួសារខ្ញុំទេ តើមានអ្នកណាអាចមកជួយជំនួសយើងបាន? ការងារនេះមិនត្រឹមតែជួយឱ្យខ្ញុំរកចំណូលមកផ្គត់ផ្គង់ថ្លៃម្ហូបអាហារ និងការសិក្សារបស់កូនៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់លទ្ធភាពឱ្យខ្ញុំមានពេលវេលានៅក្បែរពួកគេគ្រប់ពេលដែលពួកគេត្រូវការ»។
សម្រាប់លោក ជិន វាសនា និយមន័យនៃជោគជ័យ និងសេចក្តីសុខប្រចាំថ្ងៃ មិនមែនជាអ្វីដែលឆ្ងាយដៃនោះឡើយ។ វាស្តែងចេញតាមរយៈការជម្នះឧបសគ្គរាងកាយដើម្បីរកប្រាក់ចំណូលដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន ភាពកក់ក្តៅដែលបានទៅទទួលកូនពីសាលារៀនទាន់ពេលវេលា និងស្នាមញញឹមរបស់កូនៗនៅពេលជួបជុំគ្នានៅឯផ្ទះ — ទាំងអស់នេះគឺជាតម្លៃពិតនៃជីវិត ដែលកើតចេញពីការតស៊ូ និងភាពបត់បែនលើវិថីការងារជាមួយ foodpanda https://youtu.be/UFn7SONvafw?si=RgzzahhdgRiyGTHt