ខេត្តកំពង់ចាម៖ក្នុងពិធីប្រគល់ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១១ នៅព្រឹកមិមិញនេះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ប្អូនៗសិស្សានុសិស្សថា បេីយើងខ្លាំងយើងរឹងមាំហេីយនោះ គ្មានបរទេសណាគេអាចដណ្តើមការងារពីយេីងបានទេ ដូច្នេះយើងត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រទាំងខ្មែរ និងបរទេសផង ដេីម្បីតម្រូវតាមទីផ្សារការងារបច្ចុប្បន្ន និងទៅថ្ងៃអនាគត នៅពេលបញ្ចប់ការសិក្សាហើយនោះ ត្រូវសម្លឹងមើលទៅមុខឲ្យបានវែងឆ្ងាយផងដែរ។
ក្នុងពិធីនោះដែរ លោក អ៊ុន ចាន់ដា បានថ្លែងថា ការរៀបចំប្រលងជ្រើសរើសពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ ពិតជាមានអត្ថន័យ យ៉ាងជ្រាលជ្រៅបំផុត ក្រៅពីការលើកកិត្តិយស និងសមត្ថភាពបុគ្គល គឺវាបានចូលរួមចំណែកបន្តរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសនីមួយៗ ដែលនៅជាប់ដងទន្លេមេគង្គ។ ក្រៅពីនោះ វាបានចូលរួមចែករំលែកនូវបទពិសោធន៍ ដល់បញ្ញាវ័ន្ត ក៏ដូចជា អ្នកនិពន្ធ ទាំងឡាយ ដែលស្ថិតនៅជាប់ដងទន្លេមេគង្គ ផងដែរ។
អភិបាលខេត្តបានថ្លែងបន្តថា ការដែលឈានទៅដណ្ដើមបាននូវពានរង្វាន់អក្សរសិល្ប៍ ទន្លេមេគង្គកម្រិតអន្តរជាតិ នាពេលនេះ គឺកិច្ចការលំបាកបំផុត ពីព្រោះថា វាពុំមែនជាការប្រលងកម្រិតផ្ទៃក្នុង នៃប្រទេសយើង ប៉ុណ្ណោះទេ តែវាជាការប្រលងជ្រើសរើសសមត្ថភាព ពិតប្រាកដ ដោយមានការចូលរួមពី បញ្ញាវ័ន្ត កវីនិពន្ធ នៅតាមបណ្ដាប្រទេស ជាប់ដងទន្លេមេគង្គ ចំនួន ៦ រួមមាន ៖ប្រទេសចិន ភូមា ថៃ ឡាវ ប្រទេសកម្ពុជា និងវៀតណាម។ យ៉ាងណាមិញ ខេត្តកំពង់ចាម ក៏ជាខេត្តសាមី ក្នុងចំណោមអ្នកទទួលបានជ័យលាភី ទាំង២រូប របស់ប្រទេសកម្ពុជាទៀតផង។ ទាំងអស់នេះ គឺផ្ដើមចេញពីការខិតខំប្រឹងប្រែង ពីបុគ្គលផ្ទាល់ខ្លួន ជាពិសេស អ្នកដឹកដៃ ឬអ្នកបង្ហាត់បង្ហាញ ធ្វើឲ្យយើងមានមូលដ្ឋានច្បាស់លាស់ ក្នុងការសរសេរបានល្អ ពីព្រោះថា ការដែលពូកែខាងផ្នែកអក្សរសិល្ប៍ វាក៏ជាមូលដ្ឋាន នៃការសរសេរប្រវត្តិសាស្ត្របានយ៉ាងល្អ ផងដែរ។
គួរបញ្ជាក់ថា ការប្រកួតប្រជែងពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១១ ឆ្នាំ២០២០ គឺបានជ្រើសរើស យកប្រធានបទ «ជីវិត និងនិរន្តរភាពទន្លេមេគង្គ»។ ក្នុងចំណោមបេក្ខជន ប្រគួតប្រជែងជាច្រើនរូប នៃបណ្ដាប្រទេសទាំង៦ កម្ពុជាយើង ក៏មានបេក្ខនារី ចំនួន ២រូប ទទួលបានជ័យលាភីគឺ៖ ១-កញ្ញា លឹម ផាន់ណា និង២-លោកស្រី ឡុង លាភសុជាតា៕SRP



ខេត្តសៀមរាប៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប បានវាយតម្លៃខ្ពស់ ចំពោះកិច្ចដំណើរការរបស់ការដ្ឋានទាំងអស់ ក្នុងប្រតិបត្តិការណ៍របស់ខ្លួន ប្រកបដោយភាពរលូនទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកត្រឹមត្រូវ ដែលអាចនឹងរំពឹងទុកថា នឹងមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និង បញ្ចប់តាមផែនការ ដែលបានគ្រោងទុក។ សម្តេច ក៏បានលើកផងដែរថា ដើមី្បតម្រូវឲ្យមានការគោរពតាមបទដ្ឋានបច្ចេកទេសស្តង់ដាតែមួយ ចៀសវាងការសាងសង់រួចត្រូវគាស់កកាយជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកា និងពេលវេលា និងត្រូវឲ្យក្រុមការងារបច្ចេកទេសនៃកងវិស្វកម្ម ចុះធ្វើការត្រួតពិនិត្យឡើងវិញ រាល់ការក្រាលម៉ាតនៅតាមចិញ្ចើមផ្លូវ ដែលមានការខ្វះចន្លោះបច្ចេកទេស ព្រមទាំងធ្វើការសម្អាត ឲ្យបានមុនពេលការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ។
ខេត្តសៀមរាប៖អភិបាលស្រុកបន្ទាយស្រី មិនបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នោះទេ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី តាមរយៈទំព័រផេកហ្វេសប៊ុកបានសរសេរថា «ហត់នឹងឆ្លើយ! ចឹងសុំប្រាប់តែម្តង ហ្វីណង់នេះអត់អីទេ ហើយក៏អត់មានអីពាក់ព័ន្ធនឹងលោក ហ្វីណង់ ទឹង ដែរ!»។