Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០%
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២២

ភ្នំពេញ៖សម្ដេចស ខេងបានមានប្រសាសន៍ថាសព្វថ្ងៃនេះគ្រឿងញៀនកំពុងវាយលុកសង្គមកម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយទាមទារឱ្យមានការស្វែងរកមូលហេតុនៃបញ្ហានេះ ក្នុងនោះការរកឃើញជាបឋម គឺបញ្ហាគ្រឿងញៀនឆ្លងកាត់តាមព្រំដែន ចូលមកកម្ពុជា និងការនាំចូលគ្រឿងញៀនសំយោគ។ សម្ដេចបានចាត់ទុកបញ្ហាគ្រឿងញៀនសំយោគនេះថាជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភបំផុតសម្រាប់កម្ពុជា និងបានស្នើឱ្យរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធយកចិត្តទុកដាក់ឱ្យបានខ្ពស់។

សម្ដេចបានសង្កត់ធ្ងន់ទៀតថា«សូមឯកឧត្តមរដ្ឋមន្ត្រីពាក់ព័ន្ធមើលបញ្ហាហ្នឹង បើមិនដូច្នេះឯកឧត្តមនឹងជាប់ជំពាក់ការទទួលខុសត្រូវចំពោះសង្គមកម្ពុជា ទាក់ទងនឹងបំផ្លាញសុខភាពសាធារណៈ ហើយអាជ្ញាធរគ្រឿងញៀនក៏ដូចគ្នាដែរ ត្រូវតែមើលរឿងហ្នឹងឱ្យបានច្បាស់លាស់»។ 

សម្ដេចបានណែនាំគ្រប់ភាគីសហការផ្ដល់ព័ត៌មានឱ្យគ្នាក្នុងការត្រួតពិនិត្យដំណើរការនាំចូលសាធាតុផ្សេងៗ ដើម្បីតាមដាន និងសិក្សាបន្ថែម ថាតើសាធាតុនោះអាចត្រូវបានប្រើប្រាស់សំយោគជាគ្រឿងញៀនឬយ៉ាងណា?

សម្ដេចក៏បានមានប្រសាសន៍អំពីស្ថានភាពចរាចរណ៍នៅកម្ពុជាដែរ ដែលក្នុងរយៈកាលចុងក្រោយនេះ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ហាក់មានការហក់ឡើងវិញ ដោយសារកំណើននៃការធ្វើដំណើរតាមដងផ្លូវ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ។ សម្ដេចក៏បានបង្ហើបឱ្យដឹងថា ក្រសួងមហាផ្ទៃកំពុងធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ដោយមិនបន្តធ្វើវិសោធនកម្មនោះទេ ហើយថាច្បាប់ថ្មីនេះ មានលក្ខណៈតឹងរឹងជាងមុន ដើម្បីធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

សម្ដេចក៏បានឆ្លៀតមានប្រសាសន៍ដល់ការធ្វើបាតុកម្មតវ៉ានៃក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។ សម្ដេចបានអំពាវនាវឱ្យអាជ្ញាធរ ក្រុមបាតុករ និងក្រុមហ៊ុន រក្សាភាពអត់ធ្មត់ ខិតខំរកវិធីបញ្ចប់បញ្ហាឱ្យបានឆាប់ ដោយមិនគួរបែរខ្នងដាក់គ្នានោះទេ។

សម្ដេចក៏បានផ្ដល់ការណែនាំឱ្យកងកម្លាំងនគរបាលទាំងអស់ត្រូវត្រៀមលក្ខណៈចូលរួមគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់   ពិសេសការបង្កលក្ខណៈឱ្យគ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយអាចធ្វើសកម្មភាពស្របទៅតាមច្បាប់ និងដោយគ្មានការរំខាន។ 

សម្ដេចក៏បានណែនាំឱ្យត្រៀមលក្ខណៈសម្រាប់ការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសដែលនៅឆ្នាំ២០២២នេះកម្ពុជាត្រូវដឹកនាំកិច្ចប្រជុំអាស៊ាន ព្រមទាំងបន្តត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍បោះឆ្នោត និងព្រឹត្តិការណ៍កីឡា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ នេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចំនួន៦ខ្សែ និងការជួសជុលផ្លូវសំបុកមាន់ ក្នុងក្រុងបាត់ដំបង។

ចំពោះដំណើរការជួសជុលផ្លូវក្នុងក្រុងនេះ រដ្ឋបាលខេត្តបានរៀបចំធ្វើការជួសជុលកំណាត់ផ្លូវដូចខាងក្រោម៖

-ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៥២៦ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ ៥១៥ (ផ្លូវទៅវត្តពោធិ៍ ពីមុខស្នាក់ការ ស.ស.យ.ក ខេត្ត) ដែលមានប្រវែង
១១៦៥ម x ១០ម ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

-ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៦១៤ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ ១៥៣ (ផ្លូវមុខស្នងការនគរបាលខេត្ត ពីស្តុបរំចេក ដល់ផ្លូវមាត់ស្ទឹង) ដែល
មានប្រវែង ១៥២០ម x ៨ម ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។

-ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៥៣០ ចាប់ពីផ្លូវជាតិលេខ៥ (ខាងជើងព្រះនរាយណ៍) ដល់ផ្លូវលេខ ៥១៥ ដែលមានប្រវែង ១១៦៥ម x ៨ម ស្ថិត
ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

-ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៧១៦ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ ៧០០ (មុខយោធភូមិភាគទី៥ ផ្លូវចំការដូង)ដែលមាន ទំហំ ១០៥០ម x ៨ម ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

-ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ១៣៩ ពីផ្លូវលេខ ៣ ដល់ផ្លូវលេខ ១០៦ (ផ្លូវក្រោយបុរី កាណាឌីយ៉ា) ដែលមានប្រវែង ៥០៥ម x ៦ម ស្ថិតនៅ
ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

-ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ១១១ ពីផ្លូវលេខ ៥២៤ ដល់ផ្លូវលេខ ១១៥ (ផ្លូវខាងជើងអតីតសណ្ឋាគារ ហូលីដេ) ដែលមានប្រវែង ២៥០ម x ៦ម
ស្ថិតនៅក្នុង សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

-ការងារជួសជុលផ្លូវសំបុកមាន់ក្នុងក្រុងបាត់ដំបង។

នាឱកាសនោះលោក សុខ លូ បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលក្រុង និងសង្កាត់រៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានឲ្យបានហើយស្រេច ទាំងចំណីផ្លូវ សំណង់អាណាធិបតេយ្យ និងការលក់ដូរគ្មានរបៀបរៀបរយនៅតាមសាធារណៈ ព្រោះបើមិនធ្វើការរៀបចំពីឥឡូវទេ ថ្ងៃទៅមុខនឹងធ្វើឲ្យសណ្ដាប់ធ្នាប់ក្នុងក្រុងកាន់តែគ្មានរបៀបរៀបរយ ហើយពេលដែលមានគម្រោងចង់ពង្រីកផ្លូវ បង្ករការលំបាកក្រុមការងារក្នុងការដោះស្រាយ។

លោក បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះរៀបចំសំរាម កាកសំណល់ផ្សេងៗឲ្យមានរបៀប និងចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់ ដើម្បីយើងអាចប្រើប្រាស់ផ្លូវថ្នល់បានយូរអង្វែង និងដើម្បីសោភ័ណភាពក្នុងក្រុងបាត់ដំបង ឲ្យសាកសមនឹងក្រុងដែលទើបទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

លោកមានប្រសាសន៍ ជំរុញដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ សូមរួសរាន់ចាក់នៅតាមបណ្ដាមណ្ឌលចាក់វ៉ាក់សាំងក្នុងមូលដ្ឋានរបស់ខ្លួន និងអ្នកដែលមិនទាន់បានចាក់ដូសមូលដ្ឋាន ដើម្បីចូលរួមកាត់ផ្ដាច់ការឆ្លងក្នុងសហគមន៍ និងជាពិសេសជំងឺកូវីដ-១៩បម្លែងថ្មី អូមីក្រុង ដែលកំពុងវាយប្រហារយ៉ាងរហ័សក្នុងសហគមន៍ និងពិភពលោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២២

ខេត្តកំពង់ចាម​៖លោកវេជ្ជបណ្ឌិត ង៉ិល វុធ អនុប្រធានមន្ទីរព្យាបាលភ្នែក ហូសេង ភ្នំពេញ​ បាន​ដឹកនាំ​ក្រុមការងារ​ សហការជាមួយ​មន្ទីរពេទ្យយោធ ភូមិភាគទី២​ ដោយមានការគាំទ្រ​ ពី​ស.ស.យ.ក និង​សមាគម LP8​ ដែលបានចូលរួមឧបត្តមនូវ​ថវិកា​ មួយចំនួន​សម្រាប់​ធ្វើការពិនិត្យ ព្យាបាល និងផ្ដល់ជាវែនតា​ ជូន​ដល់ប្រជាពលរដ្ឋ​ ក្នុង​ស្រុកកំង់សៀម​ ប្រមាណ​ជាង​៤០០នាក់​ ដែលមានបញ្ហាភ្នែក​​។ ការចុះចែកនិងពិនិត្យនេះ ធ្វើឡើង​នារសៀល​ថ្ងៃទី​២៤​ ខែមករា​ ម្ម្សិលមិញនៅ​មន្ទីរពេទ្យ​​ ៧ដេ​ ខេត្តកំពង់ចាម​។

លោកវេជ្ជបណ្ឌិត ង៉ិល វុធ​ ជាដុកទ័រជំនាញឯកទេសភ្នែក​ បាន​ឲ្យដឹងថា​ កម្មវិធីថែទាំសុខភាពភ្នែក របស់មន្ទីព្យាបាលភ្នែកហូសេងភ្នំពេញ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម​ នេះ​ ត្រូវបានធ្វេីឡេីង​ក្នុង​រយៈពេល​២ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​២៤​ ដល់​ថ្ងៃទី​២៥​ ខែមករា​ ឆ្នាំ​២០២២​ ក្រោមប្រធានបទ​ «ពន្លឺថ្មីនៃក្តីសង្ឃឺម»​ ក្នុងគោលបំណង ផ្សព្វផ្សាយ អប់រំ អំពីរបៀបថែទាំសុខភាពភ្នែក​ និងចែកវ៉ែនតា​ ក្រោមការ​គាំទ្រ​ពី​លោកស្រី​ សុក សុធាវី តំណាងសមាគម LP8។ ​
លោកវេជ្ជបណ្ឌិត​ បាន​បញ្ជាក់​ថា​ ចំពោះ​លោកយាយ​ លោកតា​ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ ប្រសិនណា​ជាការ​ពិនិត្យ​នេះឃើញ​ថា​ ភ្នែក​មាន​បញ្ហា​ធ្ងន់ធ្ងរ​ គឺ​សូម​បន្ត​ទៅ​ធ្វើការ​វះកាត់​នៅមន្ទីរព្យាបាលភ្នែក ហូ​សេងភ្នំពេញ​ នៅ​រាជធានីភ្នំពេញ​ដោយ​ឥតគិតថ្លៃ​ ដែលមន្ទីរព្យាបាលភ្នែកនេះ​ មានស្តង់ដារ​ រួមនឹងគ្រូពេទ្យមានជំនាញ​ និងបទពិសោធន៍ផ្នែកភ្នែកជាយូរឆ្នាំ​ មកពីទីក្រុង សៀង​ហៃ ប្រទេសចិន ដោយមានបំពាក់នូវម៉ាស៊ីនទំនើបៗ ជាមួយនឹងស្តង់ដារខ្ពស់​សម្រាប់​ការធ្វើរោគវិនិច្ឆ័យក្នុងការវះកាត់ភ្នែក​ និងប្រកបដោយផាសុខភាព​ ដើម្បីបម្រើសេចក្តីត្រូវការរបស់អ្នកជំងឺ ដែលផ្តល់នូវការព្យាបាលដល់អ្នកជំងឺ​ ដោយមានការយកចិត្តទុកដាក់បំផុត។​

លោកវេជ្ជបណ្ឌិត ង៉ិល វុធ​ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ លោក​ ប៊ិន​ ឡាដា​ អភិបាល ស្រុកកំពង់សៀម​ និង​លោក​ ​ឧត្ដមសេនីយ៍​​ វេជ្ជបណ្ឌិត​.ណាំ វណ្ណះ​ នាយកមន្ទីរពេទ្យយោធភូមិភាគទី២​ ក៏ដូចជា​ក្រុមការងារ​ទាំងអស់​ ដែល​បាន​យកចិត្ត​ទុកដាក់​​សហការ​គាំទ្រ​កម្មវិធី​ថែទាំសុខភាពភ្នែក របស់មន្ទីព្យាបាលភ្នែកហូសេងភ្នំពេញ​ ជូនដល់ពលរដ្ឋក្នុងស្រុកកំពង់សៀម​ រយៈពេល​២ថ្ងៃ​នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២២

ខេត្តត្បូងឃ្មុំ​៖កំព្យូទ័រយួរដៃ (computer latop) ចំនួន៥៤គ្រឿង ព្រមទាំងថវិកា ជារង្វាន់ដ៏ថ្លៃថ្លារបស់ លោកហ៊ុន ម៉ាណែត ផ្តល់ជូនសិស្សានុសិស្ស ប្រលងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេសA ទាំង៥៤នាក់ ក្នុងឆ្នាំសិក្សា២០២០-២០២១ ដែលជាការលើកទឹកចិត្តដល់ប្អូនៗក្មួយៗ ខិតខំសិក្សា ប្រលងជាប់ទទួលបាននិទ្ទេសល្អ ក្នុងចំណោមសិស្សដែលប្រលងជាប់ជាស្ថាពរសរុប២៩៤៤នាក់ ក្នុងខេត្តត្បូងឃ្មុំទាំងមូល​។

ក្នុងឱកាសសំណេះសំណាលផ្តល់រង្វាន់ និងថវិកាលើកទឹកចិត្តសិស្សឆ្នើមនិទ្ទេសA នៅព្រឹកមិញនេះ នៅសាលាខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានចែកថវិកា ដល់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស ជាការអរគុណដែលខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ រហូតក្មួយៗទទួលបានលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះផងដែរ។

អភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ កោតសរសើរក្មួយៗទាំង៥៤រូប និងលោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិស្ស ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីដ៏សាកសមបំផុត មានទាំងចំណេះដឹងខ្ពង់ខ្ពស់ បុគ្គលិកលក្ខណៈល្អឥតខ្ចោះ មានសុជីវធម៍ គុណធម៍ និងប្រជាប្រិយភាពគ្រប់ស្រទាប់វណ្ណៈនៃពលរដ្ឋកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។

អភិបាលខេត្ត ក៏បានជំរុញឲ្យប្អូនៗក្មួយៗសិស្សានុសិស្ស យកសម្ភារសិក្សា និងថវិកាដែលផ្តល់ជូន ទៅប្រើប្រាស់ឲ្យចំគោលដៅ ខិតខំប្រឹងប្រែងរៀនសូត្របន្ត នាថ្នាក់ឧត្តមសិក្សា ពិសេសសិស្សានុសិស្សថ្នាក់វិទ្យាល័យនាជំនាន់ក្រោយៗទៀត ខិតខំប្រឹងប្រែងសិក្សាដើម្បីទទួលបានការលើកទឹកចិត្តដូចគ្នាបែបនេះ ពិសេសត្រូវចង់ចាំថា ចំណេះវិជ្ជាជាស្ពានឈានទៅរកជោគជ័យនិងកិត្តិយស សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយើងទាំងមូល ដែលកំពុងត្រូវការធនធានមនុស្សជាចាំបាច់ នាសព្វថ្ងៃនេះក្នុងការបន្តអភិឌ្ឍន៍ប្រទេស​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មករា ២០២២

ខេត្តកំពង់ចាម​៖លោក សុក ផេង អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចំការលើ និងជាប្រធានក្រុមការងារចុះជួយឃុំ ល្វាលើ បានប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ៨០នាក់ មកពីភូមិចំនួន ៤ គឺភូមិក្បាលហុងថ្មី ភូមិក្បាលហុងចាស់ ភូមិល្វាជើង និងភូមិល្វាត្បូង ក្នុងឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីប្រកាសនេះបានធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សឃុំល្វាលើ ដោយចូលរួមពីលោក សំណាក់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាពាក់ព័ន្ធប្រមាណ ១១៩នាក់។

ក្នុងឱកាសនោះដែរ​ លោក​ សុក ផេង បានលើកឡើងថា តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេល ៤៣ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះ ៧ មករា ដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដោយពុំអាចនឹកស្មានដល់។​

លោកបានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ពីគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។

ជាមួយគ្នានោះ​ លោក សុក ផេង ក៏បានស្នើដល់សមាជិក-សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមធ្វើសកម្មភាពល្អៗ បម្រើផលប្រយោជន៍សង្គមឲ្យបានឲ្យផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការស្រលាញ់ពេញចិត្តនិងគោរពគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ការបញ្ចូលសមាជិកថ្មីនេះ ដើម្បីពង្រឹង និងបង្កើនការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មករា ២០២២

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងថា​ ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ របស់​រាជរដ្ឋាភិបាល​ នីតិកាល​ទី​៦​ នៃ​រដ្ឋសភា​​​ បានផ្ដល់​អទិភាព​លេីវិស័យ​ទាំង​៤​ គឺ​ មនុស្ស​ ផ្លូវ​ ទឹក​ និង​ភ្លេីង​ អញ្ចឹង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ យេីងត្រូវ​ជ្រេីសរេីស​​កម្រិត​ជំនាញ​ ​វិជ្ជាសាស្ត្រ​ បច្ចេកទេស​ជា​កត្តាសំខាន់​ ព្រោះការ​កសាង​ប្រទេស​​ឲ្យ​មាន​ការ​រីកចម្រើន​ គឺ​ត្រូវផ្តោត​សំខាន់​ ទៅ​លើ​ការកសាង​ធនធាន​មនុស្ស​​ ទេីប​ធ្វើ​ឲ្យ​​ប្រទេស​យើង​មាន​ការ​រីកចម្រើន​ ហើយ​ក៏នាំមក​នូវ​សុខសន្តិភាព​ ​ដេីម្បី​ឲ្យ​​សុខសន្តិភាព​ មាន​វឌ្ឍនភាព​ គឺ​ត្រូវ​ចំបាច់​មាន​ការ​អភិវឌ្ឍ​លេី​វិស័យ​ទាំង​៤​នេះ ដើម្បី​ផ្តល់​ផលប្រយោជន៍​ ជូនដល់​ប្រជាពលរដ្ឋ​ ដល់​សង្គមជាតិ​ ​និង​នាំមក​នូវ​ការ​រីកចម្រើន​ ក៏ដូចជា​ការ​ចូលរួម​លេីក​កម្ពស់​កម្រិត​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។

ថ្លែង​បែប​នេះ​ក្នុងពិធីបើកបវសនកាលថ្មីឆ្នាំសិក្សា២០២១-២០២២ និងចែកប័ណ្ណសរសើរជូននិស្សិត បុគ្គលិក សាស្តចារ្យ នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះ។

ក្នុង​ពិធី​លោក​ អ៊ុន​ ចាន់ដា​ បាន​ក្រេីនរំលឹកចំពោះប្អូនៗសិស្សនិស្សិតទាំងអស់​ ត្រូវចងចាំថា ប្អូនៗ គឺជាអ្នកកាន់កូនសោសម្រាប់បើកជោគវាសនារបស់ខ្លួន នាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះ ដែលអាចបើកផ្លូវ​ឲ្យ​ប្អូនៗទាំងអស់ទទួលបានអនាគតដ៏រុងរឿង​។

លោកអភិបាលខេត្ត​ បាន​បន្ត​ថា​ ចំណេះវិជ្ជា និងសីលធម៌ជាក្រុមគ្រួសារ ដូចនេះសូមឲ្យប្អូនៗ​ ខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រលើជំនាញសិក្សារបស់ខ្លួន ដើម្បីអាចក្លាយជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ”​ ​ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវបន្ថែមទៅលើកិច្ចការដែលលោកគ្រូ អ្នកគ្រូ សាស្ដ្រាចារ្យ បានដាក់ឲ្យធ្វេី ទាំងនៅក្នុងថ្នាក់រៀន និងក្រៅថ្នាក់រៀន​ ពោលគឺត្រូវចៀសវាងការប្រព្រឹត្តអំពើមិនគប្បី ទាំងឡាយ ដែលជាកង្វល់ចំពោះមុខរបស់សង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ​។​

បេីតាមលោក មួនវាសនា សាកលវិទ្យាធិការរង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម​ បាន​ឲ្យដឹងថា​ ក្នុងឆ្នាំក្សា ២០២០-២០២១  កន្លងមក​នេះUMEខេត្តកំពង់ចាម មាននិស្សិតកំពុងសិក្សាសរុបចំនួន ជាង២៥០០នាក់ និស្សិតស្រីច្រើនជាង៥០% ដែលកំពុងសិក្សាកម្រិតឆ្នាំសិក្សាមូលដ្ឋាន កម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមានជំនាញដូចជា ជំនាញគ្រប់គ្រង គណនេយ្យ ធនាគារ ហិរញ្ញវត្ថុ​ គ្រប់គ្រងទេសចរណ៍ ទីផ្សារ សេដ្ឋកិច្ច ច្បាប់ ភាសា អង់គ្លេស អភិវឌ្ឃសហគមន៍​ និងវិទ្យាស្ត្រកុំព្យូទ័រ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២២

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ សមាជិកគណៈកម្មធិការកណ្ដាល និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ចាម​​ បាន​ជំរុញ​ដល់​យុវជន​ឲ្យ​រួមគ្នាធ្វើការងារ​ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះ ក្នុងគោលបំណង ឲ្យ​ប្រជាពលរដ្ឋ​ បានរស់នៅក្នុងម្លប់សន្តិភាព​។

ថ្លែង​បែប​នេះក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០២១ និងលើកទិសដៅការអនុវត្តបន្ត របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សខេត្ត ក្រោម​វត្តមាន​លោក ខ្លូត ផន អនុប្រធានប្រចាំការ គណកម្មាធិការគណៈបក្សខេត្ត និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ព្រមទាំងសមាជិក សមាជិកាតាមបណ្ដា ក្រុង-ស្រុក​ផងដែរ។​

ក្នុង​កិច្ចប្រជុំ​នលោក​ អ៊ុន​ ចាន់ដា​ បាន​លេីកឡេីងពីគោលជំហររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម÷
-ត្រូវខិតខំប្រឹងប្រែងធ្វើអំពើល្អ ធ្វើកិច្ចសហការ ពង្រឹងអង្គការចាត់តាំងរបស់គណបក្ស ដោយពង្រឹង និងពង្រីកទ័ពយុវជនបក្ស​ ដើម្បីបម្រើប្រយោជន៍អោយប្រជាជន និងរក្សានិរន្តរភាពនៃសន្តិភាពក្នុងប្រទេសកម្ពុជាយើង។
-បន្តការខិតខំរក្សាសមិទ្ធផលដែលមានស្រាប់ និងខិតខំកសាងសមិទ្ធផលថ្មី
-ខិតខំពង្រឹងសមត្ថភាព និងត្រូវខិតខំប្រឹងប្រែងធ្វើការងារ
-ខិតខំប្រឹងប្រែងរក្សាសាមគ្គីភាពផ្ទៃក្នុង
-ត្រូវមានសមូហភាពដឹកនាំ និងរក្សារបបប្រជុំតាមផែននីមួយៗ
-យុវជនត្រូវធ្វើការប្រមូលផ្ដុំដើម្បីរួមគ្នាធ្វើការងារដើម្បី​ឲ្យ​គណបក្សប្រជាជនកម្ពុជាយើងឈ្នះ ក្នុងគោលបំណងឲ្យប្រជាជនយើងបានរស់ក្នងម្លប់សន្តិភាព
-ត្រូវប្រែក្លាយយុវជនយើងឲ្យទៅជាយុវជនគណបក្ស ដើម្បីរួមចំណែកធ្វើការងារសង្គមបម្រើប្រយោជន៍របស់ប្រជាជន និងរក្សាសុខសន្តិភាពឲ្យបានគង់វង្ស​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២២

ខេត្តសៀមរាប៖អាជ្ញាធរស្រុកបន្ទាយស្រី បានប្រកាសទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលកំពុងមានបញ្ហាទំនាស់ដីធ្លី។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព ផ្តល់ភាពច្បាស់លាស់ និងគ្រប់គ្រងឱ្យបានទិន្នន័យជារួមនៅក្នុងតំបន់ដែលមានភូមិសាស្ត្រស្មុគស្មាញ ឯកសារជាន់គ្នា ព្រំប្រទល់មិនច្បាស់លាស់ និងសម្បូរទៅដោយវិវាទ រដ្ឋបាលស្រុកបន្ទាយស្រីសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លីនៅក្នុងតំបន់ដូចដែលមានបង្ហាញនៅក្នុងផែនទីខាងក្រោមនេះ ទោះបីគិតថាមាន ឬគ្មានវិវាទក៏ដោយ មេត្តារួសរាន់ផ្តល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលលើដីរបស់ខ្លួន ដើម្បីផ្តល់ជាមូលដ្ឋានឱ្យរដ្ឋបាលស្រុកមានទិន្នន័យពេញលេញជាលក្ខណៈប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងការដោះស្រាយបញ្ចប់វិវាទទាំងឡាយដែលបានអូសបន្លាយអស់ជាង១៥ឆ្នាំមកហើយនេះ។

លោកឃឹម ហ្វីណង់ បន្តថា ដីនៅក្នុងតំបន់ជាប់ព្រំប្រទល់រវាងឃុំខ្នារសណ្តាយ ឃុំរំចេក និងឃុំព្រះដាក់ ជាពិសេសតំបន់ចន្លោះផ្លូវជាតិលេខ៦៦ និងផ្លូវជាតិលេខ៦៧ សុទ្ធសឹងតែជាដីជាប់នៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២នៅឡើយ ដែលត្រូវបានប្រជាពលរដ្ឋរស់នៅកាន់កាប់អាស្រ័យផលជិតម្ភៃឆ្នាំរួចមកហើយ ប៉ុន្តែក៏ជាតំបន់ដែលមានការទាមទារត្រួតសុីគ្នា រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ឬរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដែលបានទិញដីបន្តពីប្រជាពលរដ្ឋ ដែលទាមទារឱ្យមានការត្រួតពិនិត្យជាប្រព័ន្ធ និងធ្វើការវិនិច្ឆ័យជារួមដំណាលគ្នាទើបសង្ឃឹមអាចរកច្រកចេញបាន។

បើតាមអភិបាលស្រុកបន្ទាយស្រី ម្ចាស់ដីទាំងអស់នៅក្នុងតំបន់ទាំងនេះនឹងត្រូវបានទុកពេលឱ្យរយៈពេល១ខែដើម្បីបង្ហាញឯកសារកាន់កាប់ដែលមានសុពលភាពនៅលើដីរបស់ខ្លួនមកកាន់ក្រុមការងាររបស់រដ្ឋបាលស្រុកដើម្បីធ្វើការផ្ទៀងផ្ទាត់ និងវាយតម្លៃ មុននឹងកំណត់ឱ្យច្បាស់ថាតំបន់ណាត្រួតជាន់គ្នាពិតប្រាកដ ហើយត្រូវដោះស្រាយបញ្ចប់ ដោយតម្រូវឱ្យម្ចាស់ដីពិតប្រាកដចេញមុខតវ៉ាដោះស្រាយដោយផ្ទាល់ និងមិនអនុញ្ញាតឱ្យតំណាងឬម្ចាស់ដីដើមចេញមុខតវ៉ាជំនួសឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២២

ខេត្តសៀមរាប៖នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ប៉ុស្ដិ៍គោកចក សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបង បានឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភលើទំនុកចិត្ត យកម៉ូតូ។

ជនសង្ស័យឈ្មោះ ជា ពិសិដ្ឋអាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រោយពីបានឆែកឆេរផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប របស់ឈ្មោះ ប៉ោះ សុឃឿន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនារីបម្រើការតាមហាង ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះស្រាវជ្រាវនេះ បានរកឃេីញ និងដកហូតវត្ថុតាងរួមមាន៖ ១.ម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០២២ គ្មានស្លាកលេខ លេខតួ+លេខម៉ាស៉ីន៦១៥៩៨៩០ (ជាម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពបានយកមករក្សាទុកក្នុងផ្ទះខាងលើ) ម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២២ ពាក់ស្លាកលេខសៀមរាប១AK-២៤១៩ លេខតួ+លេខម៉ាស៉ីន៨៣០៤៩៤១(គ្មានឯកសារបញ្ជាក់)។
២.ស្លាកលេខម៉ូតូចំនួន០៨សន្លឹក។ ៣.ម៉ូទ័រស្វានសម្រាប់ដោះដាក់ស្លាកលេខ១។ ចំពោះសម្ភារវត្ថុតាងដែលដកហូតបានយកទៅបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលបាត់ដំបង ដេីម្បីអនុវត្តនីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ដែលបានធ្វើសកម្មភាព លួចម៉ូតូ ដែលម្ចាស់មិនបានដកសោរ ត្រូវបានឃាត់ខ្លួន។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ម្សិលមិញ នៅក្នុងក្រុងសៀមរាប ដោយប៉ូលិសក្រុងសៀមរាប។ ជនសង្ស័យឈ្មោះរ៉ា ធុង អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ពាក់ព័ន្ធនិងករណីអំពើលួច(លួចម៉ូតូ) និងប្រើប្រាស់នូវសារធាតុញៀន។

ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកភឹង ចិន្តារ៉េត បានឲ្យដឹងថា៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២៣ និង៣០នាទី ស្ថិតនៅចំណុចក្រុមទី៤ ក្នុងភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប មានករណីអំពើលួច(លួចម៉ូតូ)បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខបាត់ដំបង១R-៣១១៧ លេខតួ.លេខម៉ាស៊ីន៩០៤៧៦៧៤ របស់ជនរងគ្រោះឈ្មោះសាំង ធី ភេទប្រុស អាយុ ៥៦ឆ្នាំ ដែលទុកម៉ូតូចោលនៅមុខផ្ទះហើយមិនបានដកសោរទុក។ ក្រោយពីសាកសួរបុរសរូបនេះឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតមែន ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមផ្លូវច្បាប់បន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២២

ខេត្តក្រចេះ៖ក្រុមហ៊ុនស៊ីបាយអូថេច កំពុងរងការរិះគន់ថា បានធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីព្រៃឡង់។

ប្រភពបានរាយការណ៍ថាចាប់តាំង ពីចុងឆ្នាំ ២០២១ រហូតដល់ពេលនេះ ក្រុមហ៊ុនសម្ប ទានសេដ្ឋកិច្ចឈ្មោះ ស៊ីបាយអូថេច (Ci-Biotech) បានបង្កើនការកាប់ឈើ ក្នុងតំបន់ព្រៃឡង់ ដោយដឹកតាមគោយន្តកន្ត្រៃ ចូលមកក្នុងក្រុមហ៊ុន ហើយបម្លែងជាឈើស្របច្បាប់ ដើម្បីដឹកចែកចាយបន្ត។

ប្រភពបានបន្តថាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅឃាត់រថយន្តវ៉េអងដឹកឈើមួយគ្រឿងក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីត្រួតពិនិត្យឈើនៅលើរថយន្តនោះ មានច្បាប់អនុញ្ញាតឲ្យដឹកជញ្ជូនស្របច្បាប់ពីស្ថាប័នជំនាញ។ ប៉ុន្តែនៅជាប់នឹងរថយន្តបែរជាគ្មានលិខិតអនុញ្ញាតហៅថា(PC)ឡើយ ដោយអ្នកបើកបររថយន្តដឹកឈើនោះថាលិខិតអនុញ្ញាត នៅមេការក្រុមហ៊ុនជាអ្នកកាន់ ហើយហាមមិនឲ្យសមត្ថកិច្ចបើកតង់ពិនិត្យឈើនៅលើរថយន្តនោះទេ។ រហូតដល់ម៉ោងជាង៦ល្ងាច ទើបសមត្ថកិច្ចបានឃើញលិខិតអនុញ្ញាត ដែលចេញដោយរដ្ឋបាលព្រៃឈើខេត្តក្រចេះ ក៏សម្រេចដោះលែងរថយន្តតែម្ដង។

មានការលើកឡើងថា ក្រុមហ៊ុនសុីបាយអូថេច កដឹកជញ្ជូនឈើស្របច្បាប់ ចេញពីក្រុមហ៊ុនបានលុះត្រាតែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចុះទៅត្រួតពិនិត្យ វាស់វែង ចេញបញ្ជីរាយទំហំឈើត្រឹមត្រូវ ទើបអនុញ្ញាតចេញលិខិតដឹកជញ្ជូនឈើបាន ហើយលិខិតអនុញ្ញាតនេះត្រូវបានចែកជូនដល់មន្រ្តីសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នភ្លាមៗឲ្យបានដឹង នឹងត្រូវដាក់ជាប់នឹងរថយន្តដឹកឈើនោះផងដែរ។ ផ្ទុយទៅវិញក្រុមហ៊ុនសុីបាយអូថេច បែរជាមិនអនុញ្ញាតឲ្យសមត្ថកិច្ចបើកតង់ត្រួតពិនិត្យឈើ លើរថយន្ត ឯលិខិតអនុញ្ញាតដឹកជញ្ជូនឈើpc ក៏គ្មាន។ ករណីនេះគេសង្ស័យក្រុមហ៊ុន ដែលទំនងជាការគប់គិតជាប្រព័ន្ធរវាងក្រុមហ៊ុននិងមន្ត្រីជំនាញក្នុងការរៀបចំបម្លែងឈើខុសច្បាប់ឲ្យទៅជាឈើស្របច្បាប់។

សេចក្ដីរាយការណ៍ថាការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់អភិរក្សដែលគ្រប់គ្រងដោយក្រសួងបរិស្ថាននេះ បានធ្វើឡើងនៅចំណុច អូរកំបោរ អូគ្រួត អូចា ចែម៉ែ ច្របស្វាយ ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ហើយដឹកជញ្ជូនតាមក្រោយភូមិកំភ្លុកចូលក្រុមហ៊ុនស៊ីបាយអូថេច តែម្ដង។

ជុំវិញការលើកឡើងនេះ សៀមរាបប៉ុស្តិ៍ នៅពុំទាន់ទទួលបានការឆ្លើយបំភ្លឺ ពីក្រុមហ៊ុន ស៊ី បាយអូថេច (Ci-Biotech) ក្រសួងបរិស្ថាននៅឡើយទេ។

សូមជម្រាបថា ក្រុមហ៊ុន ស៊ី បាយអូថេច(Ci-Biotech) គឺ​ជា​ក្រុមហ៊ុន​តំណាង​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​អភិវឌ្ឍន៍ រួម​គ្គ្នាជាមួយរដ្ឋាភិបាល​កម្ពុជា វិនិយោគ​ដំណាំ​ឧស្សាហកម្ម​អាកាស្យា ឬ​ស្ថានីយ​ស្ដារ​ព្រៃ​ឈើ​ឡើង​វិញ ដែល​វិនិយោ គ​លើ​ផ្ផ្ទៃដីជាង ៣​ម៉ឺន​ហិកតារ (៣៤.០០៧ ហិកតា) កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ ស្ថិតនៅ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២២

ខេត្តពង់ចាម​៖ក្នុងកម្មវិធីបេីកការបោះជំរំយុវជន​ខេត្តកំពង់ចាម​ ក្រោមប្រធានបទ​ «ការអភិវឌ្ឍសមត្ថភាពយុវជនផ្នែកបច្ចេកទេសវិទ្យា​ ក្រោមម្លប់សន្តិភាព» នៅវិទ្យាល័យ​ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ​ នៅល្ងាច​ថ្ងៃទី​២០​ ខែមករា​ ម្សិលមិញ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានប្រាប់ដល់ក្មួយៗជាយុវជនទំពាងស្នងឬស្សី​ ត្រូវចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងពាលា ដែលសង្គមជាតិស្អប់ខ្ពើម ហេីយត្រូវចេះជួយអប់រំមិត្តភ័ក្រ និងធ្វើជាគំរូក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពខ្លួនឯងផង ក្រុមគ្រួសារមិត្តភ័ក្រនិងសង្គមជាតិ ទាំងមូលផងដែរ​។

ថ្លែងក្នុងពិធី លោក​អភិបាលខេត្ត​ បាន​ដាស់តឿន​​ដល់​យុវជន​ទាំងអស់​ ឲ្យបន្តការខិតខំកសាងស្នាដៃឆ្នើមក្នុងចលនា៣ល្អ គឺ«កូនល្អ​ សិស្សល្អ​ មិត្តល្អ»ហើយត្រូវយល់ថា ការប្រពឹត្តអំពើល្អរបស់ក្មួយៗ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយណា ដែលបង្កការរាំងស្ទះដល់ដំណើរការអភិវឌ្ឍ ប្រទេសជាតិ ដោយការធ្វើជាគំរូទាំងលើការសិក្សា ទាំងការរស់នៅដោយប្រកាន់ខ្ជាប់ និងចងចាំថា​ ក្នុងជីវិតយុវវ័យដូចក្មួយៗ ត្រូវកសាងជីវិតឲ្យល្អ ស្រស់ត្រកាលក្នុងថ្នាលសិក្សា ដើម្បីយកវិជ្ជា មក បម្រើក្នុងមាគ៌ាអភិវឌ្ឍប្រទេសជាតិ។

លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​រំពឹងទុកថា​​ ការបោះជំរំយុវជនខេត្តកំពង់ចាម ​ឆ្នាំ២០២២ នាពេលនេះ គឺជាឱកាសសម្រាប់ក្មួយៗ យកអស់សមត្ថភាព បទពិសោធន៍ របស់ខ្លួនមកធ្វើការផ្លាស់ប្តូរ ចែក រំលែកគ្នា ទៅវិញទៅមក រួមចំណែកអភិវឌ្ឍបំណិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន កាន់តែ រីកចម្រើនឡើង ពិសេសគឺការអប់រំខ្លួនតាមគន្លងសីលធម៌ កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ព្រមទាំងខិតខំធ្វើឲ្យខ្លួនមាន សេចក្តីព្យាយាម និងសេចក្តីសង្ឃឹមជឿជាក់ចំពោះខ្លួនឯង។ លេីសពីនោះត្រូវខិតខំ​សង្កេត​សិក្សា​ស្រាវជ្រាវ​ កត់ត្រានូវសកម្មភាពល្អៗ ទុកសម្រាប់ជា មេរៀនបទពិសោធន៍ សម្រាប់ជីវិត របស់ខ្លួន និងធ្វើការផ្សព្វផ្សាយ ពីលទ្ធផលទាំងអស់នេះ ដល់មិត្តភក្តិ បងប្អូនឲ្យបានជ្រាបបានដឹង ពីខ្លឹមសារដ៏មានសារៈសំខាន់ នៃកិច្ចការ ទាំងឡាយ ដែលក្មួយៗបានប្រតិបត្តិដោយផ្ទាល់ ក្នុងដំណើរការបោះជំរំ៧ថ្ងៃ លើទឹកដីស្រុក ជើងព្រៃ ខេត្តកំពង់ចាម ដ៏ស្រស់ត្រកាលនេះ​។

បើតាមលោកស្រី​ ស្រូយ សុជាតិ អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំយុវជន និងកីឡា​ បានថ្លែងថា​ ការបោះជំរំយុវជន ជាកម្មវិធីអភិវឌ្ឍន៍ និងបង្កើនសកម្មភាពយុវជន ដែលមិនអាចខ្វះបាននៅក្នុងការងារអប់រំ ពីព្រោះការបោះជំរំនេះ ធ្វើឲ្យយុវជនចេះសង្កេត ចេះពិចារណា ដោយបង្កើនស្មារតី ធ្វើការងារជាក្រុម ធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព ចេះស្រលាញ់ ថែរក្សានិងការពារបរិស្ថាន និងបុគ្គលប្រកបដោយការទទួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព និងសាមគ្គីភាព ជាពិសេសការចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍសហគមន៍ របស់យុវជនផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page289 Page290 Page291 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×