ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរំលឹកប្រាប់ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការពារខ្លួន ថែរក្សាអនាម័យអោយបានជាប្រចាំ ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជំងឺកូវីដ-១៩ ដែលចាំបាច់ ត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ “ដើម្បីចៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។
លោក អ៊ុន ចាន់ដា បន្តថា ពិតមែនតែស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ហើយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសបើកប្រទេសពេញលេញឡើងវិញក្តី តែម្នាក់ៗ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលបានឡើយ ទោះជាបានចាក់វ៉ាក់សាំងរួចហើយក្តី។
លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅព្រឹកមិញនេះ ក្នុងឱកាសប្រគល់ផ្ទះមនុស្សធម៌ទី៧ ជូន ជនមានពិការភាពទ័លក្រ ១គ្រួសារ ឈ្មោះសុខ សុភាព អាយុ៣៦ឆ្នាំ រស់នៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។
គួរបញ្ជាក់ថា បុរសឈ្មោះ សុខ សុភាព ជាជនមានពិការភាព( ស្វិតជើងទាំង២ ពីកំណើត) ទ័លក្រ មានប្រពន្ធ និងកូនស្រី ប្រុស ២នាក់ (អាយុ៦ឆ្នាំ និង៣ឆ្នាំ) ក្នុងបន្ទុក។ ដោយស្ថានភាពលំបាកនេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ ៤ម×៦ម ) ១ខ្នង តម្លៃ ៩លាន និង៨០ម៉ឺនរៀល។ ក្នុងនោះក៏បានផ្តល់ជូននូវអំណោយសម្រាប់ឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ១០០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ៨, ម៉ាស់ ៥០ បន្ទះ , សម្ភារផ្ទះបាយ និងថវិកា ៦០ម៉ឺនរៀល។ ដោយឡែក លោកតា លោកយាយ ដែលអញ្ជើញចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១៨នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕SRP


