មន្ត្រីរាជការបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ពាក្យបណ្តឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ សុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកអ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ។ នេះបើយោងតាមពាក្យបណ្តឹងដែលសារព័ត៌មានប្រយុទ្ធទទួលនៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។
យោងតាមពាក្យបណ្តឹងរបស់មន្ត្រីរាជការបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ជូន
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង
ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានប្ដឹងសុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកអ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ។
នៅក្នុងពាក្យបណ្តឹងបានជម្រាបជូន ឯកឧត្តម កិត្តនីតិកោសលបណ្ឌិតថា “ចាប់តាំងពីឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាអំឡុងដើមខែមេសា ឆ្នាំ២០១៦ រហូតមកទល់បច្ចុប្បន្ននេះ គឺក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានគ្រប់គ្រង ដឹកនាំរុំព័ទ្ធពីលើដល់ក្រោមដោយបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួក របស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពេញទំហឹង រួមមានជាអាទិ៍ ៖
១-ឯកឧត្តម ភួង សោភា ជារដ្ឋលេខាធិការ ត្រូវជាប្អូនថ្លៃរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (ទទួលបានការតែងតាំងមុខតំណែងចំនួនពីរលើកក្នុងមួយឆ្នាំ គឺលើកទី១ ជាអនុរដ្ឋលេខាធិការ ដោយព្រះ រាជក្រឹត្យលេខ នស/រកត/០១១៩/០៩៦ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ និងលើកទី២ ជារដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខ នសរកត/១១១៩/១៧៧៧ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩) ។
២-ឯកឧត្តម អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ត្រូវជាកូនបង្កើតរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៩១ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០) ។
៣-លោកជំទាវ គង់ សុជីវី ជាអនុរដ្ឋលេខាធិការ ត្រូវជាភរិយារបស់ឯកឧត្តម ភួង សោភា ដែលជារដ្ឋ លេខាធិការ និងជាប្អូនថ្លៃឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រក ត/០១២៣/០៦២ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣) ។
៤-ប្រធានមន្ទីរជំនាញ និងបុគ្គលិក មន្ត្រីរាជការក្រោមឱវាទក្រសួង ចំនួនរាប់សិបនាក់ទៀត… ។ល។ ប្រព័ន្ធគ្រប់គ្រង ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដោយបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួក របស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានក្លាយជាបច្ច័យអាក្រក់ពាក់ព័ន្ធនឹងអភិបាលកិច្ច រហូតធ្វើឲ្យ មន្ត្រីរាជការក្រោមឱវាទ និងមជ្ឈដ្ឋានក្រុមហ៊ុនឯកជនមួយចំនួន ដែលអនុវត្តគម្រោងអភិវឌ្ឍន៍នានារបស់ ក្រសួង ត្អូញត្អែររអ៊ូរទាំថា មានការប្រព្រឹត្តអំពើពុករលួយក្រោមរូបភាពកាត់ភាគរយចំនួនប្រមាណ២០ភាគរយ ពីគម្រោងអភិវឌ្ឍន៍នានា ជាពិសេសគម្រោងដែលប្រើប្រាស់ថវិកាជាតិ និងកាត់ភាគរយចំនួនប្រមាណ ១០ភាគរយ ពីខ្ទង់ចំណាយរបស់មន្ទីរជំនាញរាជធានី-ខេត្ត ខណៈសម្រាប់ឆ្នាំ២០២៣នេះ គឺក្រសួងមាន ខ្ទង់ចំណាយសរុបចំនួន ១ ០២៣ ៧៧៤លានរៀល ក្នុងនោះខ្ទង់ចំណាយថវិកាជាតិ ចំនួន ៣៤៤ ៣៦៤ លានរៀល (រដ្ឋបាលកណ្ដាល ចំនួន ២៩៥ ៦៨៤លានរៀល និងមន្ទីរជំនាញរាជធានី-ខេត្ត ចំនួន ៤៨ ៦៨០លានរៀល) និងខ្ទង់ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ចំនួន ៦៧៩ ៤១០លានរៀល ។
យើងខ្ញុំយល់ឃើញថា ប្រព័ន្ធដឹកនាំ គ្រប់គ្រង និងអំពើពុករលួយនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ពាក់ ព័ន្ធនឹងបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួករបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពិតជាធ្វើឲ្យ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ បាត់បង់គុណភាព និងប្រសិទ្ធភាព និងក៏បានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ ជំនឿទៅលើកម្មវិធីនយោបាយអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា ដ៏គួរឲ្យសោកស្តាយជាទីបំផុត ។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ យើងខ្ញុំសូមសំណូមពរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុក រលួយជាប្រព័ន្ធរបស់ឯកឧត្តម ភួង សោភា ជារដ្ឋលេខាធិការ និងឯកឧត្តម អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ដោយអនុគ្រោះបំផុត៕SRP


ខេត្តបាត់ដំបង៖ក្នុងកិច្ចប្រជុំពិភាក្សាការងារ និងស្ដាប់បទបង្ហាញវឌ្ឍនភាព អនុគម្រោងសាងសង់ ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្ម ទឹកកខ្វក់ក្រុងបាត់ដំបង ឯកឧត្តម សុខ លូ ពិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ជំរុញដល់ក្រុមការងារ ពន្លឿន ក្នុងការកសាង និងជាពិសេស គឺការសាងសង់ប្រព័ន្ធលូ ឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីពន្លឿនដល់ការសាងសង់ផ្លូវ ឱ្យស្អាតត្រឡប់មកវិញ សម្រាប់សម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ព្រោះបច្ចុប្បន្ន នេះដោយសារការកាយផ្លូវ ដើម្បីរៀបចំប្រព័ន្ធលូ នេះ បានបង្កជាផលលំបាកដល់ ប្រជាពលរដ្ឋ ដែលរស់នៅក្រុងបាត់ដំបង ក្នុងការធ្វើដំណើរនៅលើដងផ្លូវសាធារណៈ។
ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃចន្ទ ម្សិលមិញ សម្ដេចស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអះអាងថា ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែមានហានិភ័យខ្ពស់ ជាងគ្រោះថ្នាក់សង្គមនានា ដែលបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ និងបានបន្សល់ទុកនូវសោកនាដកម្ម ជាច្រើនដល់ប្រជាពលរដ្ឋ ដូចជា៖ ការរងរបួស ពិការភាព និងការខាតបង់ទ្រព្យសម្បត្តិ ហើយក៏ជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការអនុវត្ត គោលនយោបាយកាត់បន្ថយភាពក្រីក្រផងដែរ។