ខេត្តសៀមរាប៖ពិតជាអស្ចារ្យណាស់ នៅ ក្នុងថ្ងៃឆ្លងឆ្នាំសកល ២០២១ចូល ២០២២នេះ មានភ្ញៀវទេសចរប្រមាណជិត១៩ម៉ឺននាក់មករីករាយកម្សាន្ត នៅក្នុងខេត្តសៀមរាប។
របាយការណ៍របស់មន្ទីរទេសចរខេត្តសៀមរាបបានបង្ហាញថា ភ្ញៀវទេសចរដើរកម្សាន្តតាមរមណី យដ្ឋាននានា រួមទាំងរាត្រី ឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២១ ឈានចូល ឆ្នាំ២០២២ មានចំនួនប្រមាណជា ជិត ១៩ម៉ឺននាក់ ក្នុងនោះ ភាគច្រើនដ៏លើសលុប គឺភ្ញៀវទេសចរក្នុងស្រុក។
តាមការប៉ាន់ប្រមាណរបស់មន្ទីរបានឲ្យដឹងថា ភ្ញៀវអ្នកដំណើរកំសាន្តទាំងនោះ មានមកពីបណ្តាខេត្តនានាប្រមាណជាជិត ៧៦% គឺស្មើនឹងប្រមាណពី ១៤ ទៅ ១៥ម៉ឺននាក់។ ឯភ្ញៀវម្ចាស់ផ្ទះមានប្រមាណជាពី ៤ ទៅ ៥ ម៉ឺននាក់។
ជាលក្ខណៈពិសេសគួរកត់សម្គាល់នោះ គឺការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ បានឆ្លុះបង្ហាញ អំពីស្ថានភាពរស់នៅរបស់ប្រជាពល រដ្ឋកម្ពុជា និងកំពុងស្ថិតក្នុងប្រក្រតីភាពថ្មី ទម្លាប់រស់ជាមួយកូវីដ-១៩ ហើយកត្តាប្រុងប្រយ័ត្ន គឺជាគន្លឹះស្នូលនៃសេចក្តីសុខចម្រើន។
របាយការណ៍ដដែលបង្ហាញទៀតថា គោលដៅសំខាន់ៗនៃដំណើរកម្សាន្តនោះ មានដូចជារមណីយ ដ្ឋានអង្គរ ប្រហែលជា ១៧ម៉ឺននាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនប្រហែល ៥ពាន់នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានប្រហែលជា ១៤ពាន់នាក់។
ជាការកត់សម្គាល់ បណ្តាភ្ញៀវទេសចរទាំងនោះ បានជួបជុំគ្នាកំសាន្តរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាបផងដែរ ដូចជានៅផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់ផងដែរ។ ក៏ប៉ុន្តែ យ៉ាងហោចណាស់ នៅក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំថ្មី ឆ្លងឆ្នាំសកលនេះ មានភ្ញៀវទេសចរបរទេសផ្ទៃក្នុង ប្រហែលជាង៤០០ នាក់ ផងដែរ៕SRP


