ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុត ដោយអ្នកចេះ គឺជាប់។
លោកថ្លែងបែបនេះ ក្នុងឱកាសដែលលោក និងលោកស្រី សឿ សុជាតា ប្រធានគណៈមេប្រយោគទូទាំងប្រទេស និងជាអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២០-២០២១ នៅមណ្ឌលសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ នៅព្រឹកមិញនេះ។
លោក ជាម ច័ន្ទសោភ័ណ បានបង្ហាញហឹបវិញ្ញាសារ ជូនដល់បេក្ខជនប្រឡង ដោយពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារ នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ និង តម្លាភាព។
អភិបាលខេត្តបានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសនៅថ្ងៃប្រឡងបាក់ឌុប និងខិតខំធ្វើវិញ្ញាសារប្រឡងឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរតាមបទបញ្ជាផ្ទៃក្នុងនៅពេលប្រឡងឲ្យបានល្អ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយពេលប្រឡង ពិសេសទទួលបានជោគជ័យក្នុងការប្រឡង សាកសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិសម្រាប់ថ្ងៃអនាគត។
បើយោងលើរបាយការណ៍របស់លោក អុិនពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថាខេត្តត្បូងឃ្មុំ មានមណ្ឌលប្រឡងចំនួន ៩មណ្ឌល ក្នុងនោះ មណ្ឌលថ្នាក់វិទ្យាសាស្ត្រចំនួន៣មណ្ឌល និងថ្នាក់សង្គមចំនួន០៦មណ្ឌល គិតជាបន្ទប់មានចំនួន ១៧២បន្ទប់ និងមានបេក្ខជនដែលត្រូវចូលរួមប្រឡងមានចំនួន៤២៧៩នាក់៕SRP


