Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នគរបាលបានប្រគល់រថយន្តជូនម្ចាស់ទទួលយកទៅប្រើប្រាស់វិញហើយ
ឆេះផ្ទះមួយខ្នងនៅស្រុកប្រាសាទបាគងរួមទាំងទ្រព្យសម្បត្តិគ្មានសល់
ឯកឧត្តម សុខ លូ បិទវគ្គបណ្តុះបណ្តាលអប់រំនយោបាយកំរិតមូលដ្ឋាន ជំនាន់ទី៥ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ជំនាន់ទី៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង
សម្តេចតេជោហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តកំពត-ខេត្តកែប
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បង្កើតស្លាកសញ្ញាសម្គាល់ផលិតផល ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះលើទីផ្សារ
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ឧសភា ២០២៦

បុរសម្នាក់ដាក់គ្រឿងចក្រកាយដីទន្ទ្រានព្រៃ​ យកអាចម៌ដីលក់ នៅក្នុងភូមិស្វាយចេក​ ស្រុកអង្គរធំ​ មិនទាន់មានអ្នកទប់ស្កាត់

ខេត្តសៀមរាប​៖យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាមានបុគ្គលម្នាក់ជាថៅកែគ្រឿងចក្រ​ ឈ្មោះ សាក់​ កុសល បានដាក់គ្រឿងចក្រ​ អេស្កា​ កាយដី​ ទន្ទ្រានព្រៃ​ កាយយកអាចម៌ដីលក់​ យ៉ាងអាណាធិបតេយ្យដោយមិនទាន់មានអ្នកទប់ស្កាត់នៅឡើយ។

ទីតាំងកាយដីលក់យ៉ាងអាណាធិបតេយ្យនេះ ស្ថិតក្នុងភូមិស្វាយចេក​ ឃុំស្វាយចេក​ ស្រុកអង្គរធំ​។ ការដាក់គ្រឿងចក្រកាយដីលក់បែបអាណាធិបតេយ្យនេះគេនៅពុំទាន់ដឹងថាមានលិខិតអនុញ្ញាតពីជំនាញឬអាជ្ញាធរពាក់ព័ន្ធនោះទេ ដោយសកម្មភាពធ្វើយ៉ាងគគ្រឹកគគ្រេងមិនញញើតនិងអ្វីទាំងអស់។

នេះបើតាមការផ្សព្វផ្សាយព័ត៌មានក្នុងស្រុកដែលបានចេញផ្សាយនៅថ្ងៃទី 1 ខែឧសភា ឆ្នាំ 2026 នេះ។

ជុំវិញការកាយដីលក់យ៉ាងអាណាធិបតេយ្យនេះ ទិញពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរចំនាញពាក់ព័ន្ធនឹងលោក​ សាក់​ កុសល ម្ចាស់គ្រឿងចក្របាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 17K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ឧសភា ២០២៦

សម្ដេចធិបតីហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឱ្យកាន់តែរីកចម្រើន គឺសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ ថា វិស័យកំពង់ផែ គឺជាវិស័យ អាទិភាពដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាននានា ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់យើង ឱ្យកាន់តែរីកចម្រើនថែមទៀត សម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ។

ជាបន្ត, សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវខិតខំធ្វើទំនើបកម្ម និងកែទម្រង់ ឱ្យបានជាប់ជាប្រចាំ ពិសេសការកែសម្រួលនីតិវិធីផ្សេងៗឱ្យកាន់តែលឿន និងប្រសិទ្ធភាពខ្ពស់ ដែលជា ចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចំណាយ និងចំណេញពេលវេលា។ មួយវិញទៀត យើងត្រូវជំរុញ និងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍលើបច្ចេកវិទ្យា សម្ភារៈ និងធនធានមនុស្ស។ ក្នុង ន័យនេះ, ទន្ទឹមនឹងការធ្វេីទំនេីបកម្មបចេ្ចកវិទ្យា និងសម្ភារ:, បុគ្គលិក និង មន្ត្រីទាំងអស់ ដែលបម្រើការក្នុងវិស័យកំពង់ផែ ត្រូវបន្តពង្រឹងសមត្ថភាពជាប់ជាប្រចាំ ដើម្បីជួយដល់ការពង្រឹងគុណភាព នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុផង និងសេដ្ឋកិច្ចជាតិផង ពិសេសការទទួលបានការជឿជាក់ពីបណ្តាប្រទេសនានា លើការរៀបចំ និងទុកដាក់លេីការដឹកជញ្ជូនទូកុងតឺន័រ ដែលបានចាកចេញពីកម្ពុជា។

បន្ថែមពីនេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនៅគោលការណ៍ណែនាំអំពីការកាត់បន្ថយនីតិវិធីក្នុងការចុះវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) សម្រាប់រោងចក្រសហគ្រាសដែលបានចុះធ្វើ ឬបង្កើតរោងច្រកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានអាជ្ញាប័ណ្ណផ្លូវការ ដោយ៖ ១), ក្នុងករណីដែលរោងចក្រសហគ្រាស មិនមានហានិភ័យនៃការប៉ះពាល់បរិស្ថានខ្ពស់ មិនតម្រូវឱ្យមានការចុះធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថានជាមួយក្រសួងបរិស្ថានទេ ដោយតម្រូវឱ្យម្ចាស់តំបន់សេដ្ឋកិច្ចពិសេស ជាអ្នកទទួលខុសត្រូវ និងសហការជាមួយក្រសួងបរិស្ថាន និង ២), ក្នុងករណីដែលរោងចក្រសហគ្រាស ដែលមានហានិភ័យខ្ពស់ចំពោះបរិស្ថាន គឺត្រូវធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន ជាមួយក្រសួងបរិស្ថាន ព្រមជាមួយគ្នានេះ ក្រសួងបរិស្ថាន នៅតែមានសិទ្ធិក្នុងការចុះត្រួតពិនិត្យ ប្រសិនបើមានតម្រូវការ ឬហានិភ័យផងដែរ។

មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមឡេីងវិញ អំពីករណីក្មេងទំនើង ដោយសម្ដេច បានបញ្ជាក់ថា សម្ដេចបានប្រគល់ភារកិច្ចឱ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ស ថេត អគ្គស្នងការនគបាលជាតិ និង ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ពិនិត្យមើលច្បាប់ដែលមានជាធរមាន ៖ ១), ថាតេីច្បាប់អាចអនុញ្ញាតឱ្យយេីង អាចយកក្មេងទំនើងធ្វេីសកម្មភាពការងារមួយចំនួន ដែលបម្រើដល់សមរភូមិមុខឬទេ មិនមានគោលការណ៍ឱ្យបង្កើតច្បាប់ថ្មីនោះទេ។ ទី២), គឺយកក្មេងទំនើងទាំងនោះ ទៅធ្វេីសកម្មភាព បម្រើសមរភូមិមុខ ពុំមែនបញ្ជូនទៅសមរភូមិមុខនោះទេ ( មិនឱ្យកាន់កាំភ្លេីង នៅសមរភូមិនោះទេ)។ ជាគោលគំនិត, ក្មេងទំនេីងដែលប្រព្រឹត្តខុស គឺត្រូវអនុវត្តច្បាប់ជាធរមាន។ ប៉ុន្តែ ឱ្យពិនិត្យមេីលក្មេង ទំនេីង ដែលកំពុងជាប់ឃុំ, ដែលកំពុង ទទួលការអប់រំ ត្រូវធ្វេីពលកម្មបន្ថែម ដូចជាធ្វេីសកម្មភាពចាក់បេតុងធ្វើលេណដ្ឋានជាដេីម ដែលបម្រើដល់សមរភូមិ ក្រៅពីសកម្មភាពពលកម្មតិចតួច ដូចជា បោសសម្អាត ការធ្វេីរងបន្លែ ឬទទួលការអប់បណ្តុះបណ្តាលផ្សេងៗដែលមាន ស្រាប់ ។

បន្ថែមពីនេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាសង្គមជាតិមួយរីកចម្រើន ទាល់តែមនុស្សមានវិន័យ, មានសមត្ថភាព ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់។ ក្នុងន័យនេះ, ប្រជាជនគ្រប់រូបត្រូវតែជាធនធានរបស់ជាតិ មិនមែនជាបន្ទុករបស់ជាតិទេ នេះហើយគឺជាទិសដៅរបស់យើងក្នុងការកសាងជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២៦

កម្ពុជាបានលែងអណ្តើកហ្លួង ដែលជាប្រភេទសត្វ កំពុងរងគ្រោះជិតផុតពូជ បំផុត ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល

ភ្នំពេញ៖ នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋាន ជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានលែងអណ្តើកហ្លួងដែលជាប្រភេទសត្វ កំពុងទទួលរងគ្រោះជិតផុតពូជបំផុតចំនួន២០ក្បាល ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ដែលជាទីជម្រក ធម្មជាតិតែមួយគត់នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេដឹងថាសត្វអណ្តើកហ្លួងអាចរស់នៅនិងបន្តពូជបាន។

កន្លងមក អណ្តើកហ្លួងធ្លាប់ត្រូវបានបារម្ភខ្លាចថាបាត់បង់ផុតពូជ ពីក្នុងប្រទេសកម្ពុជា ប៉ុន្តែការលែងអណ្ដើក ហ្លួងនាពេលនេះ បញ្ជាក់ពីជំហានជោគជ័យថ្មីមួយទៀត ដែលជាកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងក្នុងការ ស្តារប្រភេទសត្វអណ្ដើកនេះ ឱ្យមានចំនួនច្រើនឡើងវិញ ក្រោមការដឹកនាំរបស់អគ្គនាយកដ្ឋានជលផល ដោយមានការគាំទ្រពីរដ្ឋបាលខេត្តកោះកុង រដ្ឋបាលខេត្តព្រះសីហុន ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខេត្តកោះកុង និងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន សហគមន៍ការពារសម្បុក អណ្តើកហ្លួង និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា។

មូលនិធិ Mandai Nature, Turtle Survival Alliance អង្គការ WCS កាណាដា និងមូលនិធិ Patricia and Alan Koval Foundation និងតំបន់ទេសចរណ៍ ធម្មជាតិ Shinta Mani Wild គឺជាដៃគូដែលគាំទ្រកិច្ចខិតខំប្រឹងប្រែង ស្តារចំនួនអណ្តើកហ្លួងឡើងវិញ។

ការលែងអណ្តើកហ្លួង នាពេលថ្មីៗនេះអាចប្រព្រឹត្តទៅបាន ដោយសារ កិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងដើម្បីស្តារចំនួនសត្វអណ្តើកនេះ ចាប់ផ្តើមបង្ហាញសញ្ញានៃវឌ្ឍនភាពដែលទទួល បានដោយការព្យាយាមយ៉ាងអំណត់និងមុតមាំបំផុត៕SRP

Like 196
Comment 0
Share ចែកចាយ
Views 14.5K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២៦

អភិបាលខេត្តបាត់ដំបងស្នើដល់ភាគីកូរ៉េជួយកៀរគរអ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េមកបណ្ដាក់ទុនរកស៊ី និងទស្សនាកម្សាន្តមកកាន់ខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើងបន្ថែមទៀត

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានស្នើដល់ភាគីកូរ៉េជួយកៀរគរអ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េមកបណ្ដាក់ទុនរកស៊ី និងទស្សនាកម្សាន្តមកកាន់ខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកមិញនេះ បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គីម ឆាងយ៉ុង (KIM CHANGYONG) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា។ក្នុងជំនួបដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ភាគីទាំងពីរបានពិភាក្សាលើការងារសំខាន់ៗរួមមាន៖ស្ថានភាពព្រំដែន ការងារបង្រ្កាបបទល្មើសស្គែមអនឡាញ និងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េជាដើម។

ជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅ ឯកឧត្តម សុខ លូ បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតពីស្ថានភាពភូមិសាស្រ្ត ប្រជារាស្រ្ត សេដ្ឋកិច្ច សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ និងវប្បធម៌ដ៏សំបូរនៃខេត្តបាត់ដំបង។ឯកឧត្តម បានរំលេចពីសក្ដានុពលដ៏សំបូរបែបលើវិស័យកសិកម្មប៉ុន្តែការវិនិយោគលើការកៃច្នៃនៅមានកម្រិតដែលទាមទារឱ្យមានការវិនិយោគបន្ថែម។

ឯកឧត្តម ថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនកូរ៉េដែលបានជួយដល់ប្រទេសកម្ពុជាលើវិស័យជាច្រើន ជាពិសេសបានជួយដល់ខេត្តបាត់ដំបងលើវិស័យសុខាភិបាល ប្រព័ន្ធធារាសាស្រ្ត និងការដោះមីនជាដើម។

ជាការឆ្លើយតប ឯកឧត្តម គីម ឆាងយ៉ុង បានមើលឃើញពីសក្ដានុពលជាច្រើនរបស់ខេត្តបាត់ដំបង ជាពិសេសក្រុងបាត់ដំបងដែលជាទីក្រុងពោរពេញទៅដោយភាពស្រស់ស្អាត និងមានភាពទាក់ទាញខ្ពស់លើវិស័យទេសចរណ៍។

ក្នុងន័យនេះ ឯកឧត្តមនឹងជួយផ្សព្វផ្សាយពីសក្ដានុពលរបស់ខេត្តបាត់ដំបងទៅកាន់អ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ដែលកំពុងអនុវត្តទទួលបានជោគជ័យនិងបានធ្វើការបង្ក្រាបលើឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាបន្តបន្ទាប់ ខណៈកម្ពុជា និងកូរ៉េខាងត្បូងបានបង្កើតក្រុមការងារចម្រុះមួយដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននានា រាប់ទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបាននិងកំពុងប្រតិបត្តិការយ៉ាងជោគជ័យជាទីបំផុត។

ឯកឧត្តម បានមើលឃើញយ៉ាងច្បាស់ពីផលប៉ះពាល់ដែលប្រទេស និងប្រជាជនកម្ពុជាបានជួបប្រទះដោយសារបញ្ហាជម្លោះព្រំដែនជាមួយភាគីថៃហើយភាគីកូរ៉េបាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនិងខិតខំជួយដល់ប្រជាជនកម្ពុជា។ក្នុងនាមស្ថានទូតកូរ៉េ ឯកឧត្តម បានបង្ហាញការប្ដេជ្ញាចិត្តជួយបណ្ដុះបណ្ដាលផ្នែកការងារដល់យុវជនកម្ពុជា និងផ្ដល់ឱកាសជាពលករជំនាញដល់ពលករកម្ពុជា។

ភាគីទាំងពីរបានពិភាក្សាពីការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបងជាមួយបណ្ដាក្រុង និងខេត្ត នានារបស់កូរ៉េផងដែរ ដើម្បីរឹតចំណងមេត្រីភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនភាពស្និទស្នាលរវាងប្រជាជននៃប្រទេសទាំងពីរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២៦

តំបន់ផាប់ស្ទ្រីតនិងតំបន់ដងស្ទឹង ត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ដំណាក់កាលទី២

តំបន់ផាប់ស្ទ្រីត និងតំបន់ដងស្ទឹងសៀមរាប ត្រូវបានជ្រើសរើសជាគោលដៅអាទិភាព សម្រាប់ការអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ (Smart City) ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានានៅក្នុងក្រុងសៀមរាប សម្រាប់ដំណាក់កាលទី២ ដែលយន្តការនេះត្រូវបានលើកយកមកពិភាក្សាយ៉ាងលម្អិត ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី២ និងពិធីចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចប្រជុំ (Meeting Record) រវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង លោក កាណាហ្កាវ៉ាក់ ម៉ាកូតុ នាយកជាន់ខ្ពស់ក្រុមទី៣ នៃក្រុមអភិវឌ្ឍន៍ទីក្រុង និងតំបន់ នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃទីស្នាក់ការកណ្ដាលចៃកា។ 

លោក កាណាហ្កាវ៉ាក់ ម៉ាកូតុ បានបង្ហាញថា គម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ជំហាននទី២ គឺការអនុវត្តវិធីសាស្រ្តផ្អែកលើតំបន់ ដែលហៅថា “យុទ្ធសាស្ត្រកំណើនទីក្រុងឆ្លាតវៃរំដួល” ដោយផ្តោតលើតំបន់ចំនួន២ គឺតំបន់ផ្លូវ Pub Street និងតំបន់មាត់ស្ទឹង ដោយក្នុងតំបន់នីមួយៗ នឹងមានអនុវត្តសកម្មភាពចាំបាច់នានា ដើម្បីធ្វើឱ្យមានភាពទាក់ទាញ និងជាទីរីករាយសម្រាប់ការដើរកម្សាន្តនៃភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។ សកម្មភាពភាពដែលត្រូវអនុវត្តក្នុងតំបន់ទាំងពីរមានដូចជា៖ ការត្រួតពិនិត្យការចរាចរណ៍ ការផ្សព្វផ្សាយតាមបណ្ដាញសង្គម វិធីសាស្ត្រធ្វើឱ្យតំបនដងស្ទឹងមានភាពបៃតង កម្មវិធីជំរុញការដើរកម្សាន្តក្នុងក្រុង ផ្ទាំងបង្ហាញឌីជីថល កម្មវិធីគ្រប់គ្រងអ្នកលក់ដូរតាមទីសាធារណៈ ការឆ្លើយតបអគ្គិភ័យបឋម និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត មានប្រសាសន៍ថា តាមរយៈការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសនៃការជួយរៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃទាំងក្នុងដំណាក់កាលទី១ និងដំណាក់កាលទី២ ពីសំណាក់ប្រទេសជប៉ុនតាមរយៈ JICA មិនត្រឹមតែរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយលើកកម្ពស់សេដ្ឋកិច្ច និងវិស័យទេសចរណ៍ឱ្យសក្ដិសមជា “ទីក្រុងឆ្លាតវៃអាស៊ាន” ក៏ដូចជាចូលរួមលើកកម្ពស់នូវសេដ្ឋកិច្ចរបស់ខេត្តសៀមរាប តាមរយៈការជំរុញលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍បន្តថា រដ្ឋបាលខេត្តសៀមរាប បានទទួលនូវជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសតាមរយៈ JICA លើគម្រោងរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ដោយគម្រោងនេះអនុវត្តរយៈពេល ៦ឆ្នាំមកហើយ ដែលដំណាក់កាលទី១ បានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៥ ដែលសមិទ្ធផលនឹងមានកើតឡើង រួមមាន៖ រដ្ឋបាលខេត្តអាចក្តាប់បាននូវទិន្នន័យការចល័តរបស់ភ្ញៀវទេសចរ នៅតាមទីកន្លែងសំខាន់ៗ, ការលើកកម្ពស់សុវត្ថិភាពលើមធ្យោបាយធ្វើដំណើររបស់ភ្ញៀវទេសចរ, ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការអនុវត្តនូវគម្រោង Smart City តាមរយៈការដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនភាពទាក់ទាញក្នុងវិស័យទេសចរណ៍សម្រាប់ខេត្តសៀមរាប ក៏ដូចជាសម្រាប់កម្ពុជា។

ឯកឧត្តអភិបាលខេត្ត បានបន្តថា JICA ក៏បានជួយរៀបចំនូវផែនទីបង្ហាញផ្លូវ ក្នុងការជួយរៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃសម្រាប់ចក្ខុវិស័យឆ្នាំ២០២៣-២០៣៥។ ហើយរដ្ឋបាលខេត្ត    ក៏បានសហការជាមួយ JICA ក្នុងការបង្កើតនូវយន្តការថ្មី ដើម្បីជំរុញការអនុវត្តផែនទីចង្អុលផ្លូវក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃ ដែលយន្តការនេះ នឹងក្លាយជាកត្តាជំរុញការអនុវត្តផែនទីចង្អុលផ្លូវទីក្រុងសៀមរាប និងជាគំរូមួយសម្រាប់រាជធានីខេត្ត ចំនួន៣ផ្សេងទៀត ក្នុងប្រទេសកម្ពុជា ដែលជាសមាជិកនៃបណ្ដាញទីក្រុងឆ្លាតវៃអាស៊ាន។

ឯកឧត្តម ក៏បានបង្ហាញការគាំទ្រយ៉ាងខ្លាំង និងសង្ឃឹមជឿជាក់ថា គម្រោងជំហានទី២នេះ នឹងកាត់បន្ថយអត្រាអ្នកស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុងសៀមរាប។ ព្រមជាមួយគ្នានេះ អាចប្រែក្លាយរដ្ឋបាលខេត្តសៀមរាប ទៅជារដ្ឋបាលដែលជាទីតាំងចែករំលែកនូវបទពិសោធន៍ល្អៗ និងជោគជ័យក្នុងការអនុវត្តគម្រោងទីក្រុងឆ្លាតវៃទៅកាន់បណ្តាខេត្ត រាជធានីរបស់កម្ពុជា ក៏ដូចជាទៅកាន់បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ ឯកឧត្តម ក៏សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ ភាគីពាក់ព័ន្ធទាំងអស់ និងអ្នកទទួលបន្ទុកគម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដែលបានខិតខំប្រឹងប្រែងសម្របសម្រួលជាមួយក្រុមការងារ JICA រហូតសម្រេចបានលទ្ធផលផ្លែផ្កាក្នុងដំណាក់កាលទី១ និងបន្តឆ្ពោះទៅរកភាពជោគជ័យក្នុងដំណាក់កាលទី២បន្តទៀត៕SRP

‎អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 9K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២៦

លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះយិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត

លោកស្រី សោរ ប៊ុនណារី និងប្ដីបានលើកឡើងថាខ្លួនជាកូនបង្កើតរបស់លោកឪពុកឈ្មោះ ចៅ យ៊ាំង និងអ្នកម្ដាយយិត ឡាង បានឈ្នះក្ដីពីសាលាដំបូងរហូតដល់តុលាការកំពូល អស់១២ឆ្នាំហើយ តែមិនបានទទួលដីនិងផ្ទះដើម្បីកាន់កាប់តាមអំណាចរបស់តុលាការកំពូលឡើង ដោយសារតែកូនបំណុលឈ្មោះ សុច ច្រឹង និងប្រពន្ធឈ្មោះ ចៅ យុគចាន់ ដែលឪពុកម្ដាយខ្លួនយកមកនៅជាមួយ បង្រៀនឲ្យចេះរកស៊ីចែកមុខរបរ និងចែកដីស្រែឲ្យហើយក៏មានដីលំនៅដ្ឋានផ្ទាល់ខ្លួនទៀតលោភលន់ចង់បានដីផ្ទះកេរឪពុកម្ដាយរបស់ម្ចាស់បំណុលទៀត ទោះជាចាញ់ក្ដីនៅតុលាការគ្រប់ថ្នាក់ មានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តសៀមរាប អង្គភាពអាជ្ញាសាលា រដ្ឋបាលសាលាខេត្ត គណៈកម្មការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ ដ ក) និងក្រសួងយុត្តិធម៌ជាច្រើនលើក ច្រើនសារក៏ដោយក៏ឈ្មោះសុច ច្រឹង និងប្រពន្ធឈ្មោះចៅ យុគចាន់ មិនព្រមទទួលសេចក្ដីសម្រេចរបស់តុលាការកំពូល និងការសម្របសម្រួលដែរ។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប អាជ្ញាសាលានៃអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តសៀមរាប បានធ្វើការអនុវត្តដោយបង្ខំ “ឱ្យសហចុងចម្លើយរុះរើឥវ៉ាន់និងចាកចេញពីផ្ទះ និងដី ដែលមានទំហំទទឹង១៣ម៉ែត្រគុណនឹង៥៥ម៉ែត្រ មានព្រំប្រទល់ខាងជើងជាប់នឹងឈ្មោះ ប៉ោ វង ខាងត្បូងជាប់នឹងផ្លូវ ខាងកើតទល់នឹងផ្លូវជាតិលេខ៦៤ខាងលិចជាប់នឹងឈ្មោះសេង យ៉ង់ ដែលមានទីតាំងស្ថិតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប” តាមខ្លឹមសារនៃសាលដីកាលេខៈ ១០៦ “ជ” ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ របស់ តុលាការកំពូល, សាលដីការដ្ឋប្បវេណីលេខ ០៨ “ក្រ.V.ច” ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ របស់ សាលាឧទ្ធរណ៍និងសាលក្រមលេខៈ ៣១ “ណ” ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្តសៀមរាប ដែលមានម្ចាស់បំណុលនៃការអនុវត្តឈ្មោះសោរ ប៊ុនណារី ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ និងប្ដីឈ្មោះយិត ខាវ និងកូនបំណុលនៃការអនុវត្តឈ្មោះសុច ច្រឹង ភេទប្រុសកើតឆ្នាំ១៩៧៥ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះចៅ យុគចាន់ ហៅសាម ចាន់ ភេទស្រី កើតឆ្នាំ១៩៨០ ជនជាតិខ្មែរ។

លោកស្រីសោរ ប៊ុនណារី និងប្ដីឈ្មោះយោនខាវ សំណូមពរអោយស្ថាប័នអនុវត្តមេត្តាជួយរកយុត្តិធម៌អោយខ្លួនផងព្រោះតាំពីដាក់ពាក្យបណ្ដឹង ២០១៤ ដល់បច្ចុប្បន្នមានរយៈពេល១២ឆ្នាំមកហើយ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 355.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២៦

រដ្ឋបាលព្រៃឈើបង្ក្រាបទីតាំងរោងសិប្បកម្មកែច្បៃព្រៃឈើមួយកន្លែង

ខេត្តព្រះវិហារ៖មន្ត្រីផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ និងសង្កាត់រដ្ឋបាលព្រៃឈើគូលែន នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើមួយកន្លែងស្ថិតក្នុងភូមិសាស្រ្តភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ការបង្ក្រាបនេះដឹកនាំដោយ លោក ជា ចាន់ អភិបាលរងស្រុកគូលែន និងសហការជាមួយអាជ្ញាធរឃុំគូលែនត្បូង និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគូលែនត្បូង ដោយមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ និងមានការសហការពីម្ចាស់លំនៅដ្ឋាន ឈ្មោះ ធឹង ហុងម៉ី ភេទស្រីដើម្បីចូលត្រួតពិនិត្យបទល្មើសព្រៃឈើ។

ជាលទ្ធផលក្រុមការងារពិនិត្យឃើញថា រោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើខាងលើពុំមានលិខិតអនុញ្ញាតពីអង្គភាពជំនាញឡើយ។ ក្រុមការងារបានធ្វើការដកហូតវត្ថុចាប់យក រួមមាន៖
-ឈើអារចំនួន ០,៦៤ម៉ែត្រត្រីគុណ
-តាបឈូសចំនួនមួយគ្រឿង
-ម៉ាស៊ីនឆ្វៀលចំនួនមួយគ្រឿង
-ម៉ាស៊ីនគោយន្តចំនួនមួយគ្រឿង។
វត្ថុចាប់យកខាងលើ ត្រូវបានដឹកជញ្ជូនយកមករក្សាទុកជាបណ្តោះអាសន្ននៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 20.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២៦

ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ នាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បាននាំយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់នានាឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ពិធីប្រគល់អំណោយនេះបានធ្វើឡើងនៅបរិវេណសាលាខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងនូវកោតសរសើរ និងផ្ដាំផ្ញើសាកសួរសុខទុក្ខដល់កងកម្លាំងជួរមុខទាំងអស់ដែលបានលះបង់ពេលវេលា សេចក្ដីសុខផ្ទាល់ខ្លួន និងយកអាយុជីវិតទៅការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន។

ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមថា អំណោយដែលនាំយកមកផ្ដល់ជូនដល់កងកម្លាំងជួរមុខនាពេលនេះ គឺបានមកពីការបរិច្ចាគរបស់មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋតាមរយៈការរៀបចំព្រាបសន្តិភាពក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង និងកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់។

ឯកឧត្តម រំលឹកថា ការរៀបចំរូបព្រាបសន្តិភាពក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងដើម្បីឱ្យប្រជាពលរដ្ឋបានសរសេរសារជូនពរ លើកទឹកចិត្ត និងសម្ដែងការដឹងគុណដល់កងកម្លាំងជួរមុខ គឺដើម្បីចង់បង្ហាញឱ្យឃើញថា ប្រទេស និងប្រជាជនកម្ពុជា ស្រឡាញ់ និងត្រូវការសន្តិភាព ខណៈរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឆន្ទៈយ៉ាងពិតប្រាកដច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី។

ឯកឧត្តម គូសបញ្ជាក់ថា ការឧបត្ថម្ភគាំទ្ររបស់មន្រ្តីរាជការ និងប្រជាពលរដ្ឋជាអ្នកជួរក្រោយជួយដល់កងកម្លាំងជួរមុខ គឺពិតជាបានបង្ហាញពីស្មារតីជាតិនិយមដ៏ខ្លាំងក្លារបស់ខ្មែរយើង។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រមដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបងក្នុងស្មារតីអ្នកជួរក្រោយផ្សារភ្ជាប់ជាមួយអ្នកជួរមុខ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម សុខ លូ បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ដើម្បីខិតខំបន្តកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខបន្ថែមទៀត។

ឯកឧត្តម ក្រើនរំលឹកដល់កងកម្លាំងទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយគោរពតាមបទបញ្ជារបស់កងកម្លាំង និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 5.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៦

ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្មឯពីរនាក់ទៀតរករបួស។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ម៉ោង១៥និង២០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ០៦ ចំណុចបង្គោលម៉ែត្រ៣៣៧-៣៣៨ ស្ថិតក្នុងភូមិដំណាក់ស្លាញ ឃុំសសរស្ដម្ភ ស្រុកពួក។

គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 2AY-2667 បើកបរដោយឈ្មោះ ផាង ភាក់ ភេទប្រុសអាយុ ៣២ឆ្នាំ នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរអ្នកបើកបរ បើកបរក្នុងល្បឿន លឿនពេលមេឃ កំពុងភ្លៀងទិសដៅពីលិចទៅកើត បានរអិលហើយរ៉េចង្កូតទៅឆ្វេង ម៉ូតូចំនួន ០២គ្រឿង ម៉ូតូម៉ាកហុងដាពណ៌ក្រហមផលិតឆ្នាំ២០០៥ ពាក់ផ្លាកលេខសៀមរាប 1H-1304 បើកបរដោយឈ្មោះ ប៊ើង ពុទ្ធា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរយោធា នៅភូមិអារញ្ញ  សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាបបើកបរក្នុងទិសដៅពីកើតទៅលិច និងរថយន្តបានបន្តទៅបុក ម៉ូតូទី២ ម៉ាកហុងដាពណ៌ខ្មៅផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1U-1188 បើកបរដោយឈ្មោះ ប្រឹម វុទ្ធីភេទប្រុសអាយុ២៣ឆ្នាំមុខរបរ កសិករងនៅភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដឹកមនុស្សម្នាក់ឈ្មោះ ភើយ មេសា ភេទស្រីអាយុ២១ឆ្នាំ ត្រូវជាប្រពន្ធ បើកបរក្នុងទិសដៅពីកើតទៅលិច។

ហេតុការណ៍ នេះបណ្ដាលឲ្យស្លាប់ម្មាក់
ឈ្មោះប្រឹម វុទ្ធី និងរបួសមនុស្ស០២នាក់
១.ឈ្មោះភឿយ មេសាភេទស្រី(របួសមធ្យម)
២.ឈ្មោះប៊ើង ពុទ្ធាភេទប្រុស(របួសមធ្យម)
+ខូចខាត
– រថយន្ត០១គ្រឿង(ស្រាល)
– ម៉ូតូ០២គ្រឿង(ធ្ងន់)។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះតាមព័ត៌មានបឋមមូលហេតុ:រថយន្តបើកបរក្នុងល្បឿនលឿន ដោយមិនប្រកាន់ស្តាំបើកបរលឿនពេលកំពុងភ្លៀង៕SRP

Like 200
Comment 0
Share ចែកចាយ
Views 382K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៦

សន្តិសុខរបស់ក្រុមហ៊ុនហ្គ្រេតវ៉នឌើ អេហ្គ្រីខលឈើវ័ល ឌីវីទ្យុមមេន (ខេមបូឌា) លីមីតធីត ចំនួន៥នាក់ ត្រូវបានចាប់ខ្លួន

ខេត្តក្រចេះ៖តាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស របស់អធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៦ សូមជម្រាបជូន អ្នកនិយមតាមដាន ព័ត៌មាននៅលើបណ្តាញសង្គម សារព័ត៌មាន និងសាធារណជនមេត្តាជ្រាបថា៖ ពាក់ព័ន្ធនឹងករណី facebook Page ឈ្មោះ S.V News និងគណនី facebook Vichhay KH បាន post មានខ្លឹមសារថា៖ «វីដេអូរប្រជាពលរដ្ឋផ្ញើរឲ្យសន្តិសុខក្រុមហ៊ុនចិនបាញ់ពលរដ្ឋ ហេតុការកើតនៅភូមិរលួស ឃុំរលួស ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ឆ្លើយតបក្នុងករណីនេះ យើងខ្ញុំសូមធ្វើការបំភ្លឺដូចខាងក្រោម៖

១. កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង២០នាទី បុគ្គលិកដែលជាសន្តិសុខរបស់
ក្រុមហ៊ុនហ្គ្រេតវ៉នឌើ អេហ្គ្រីខលឈើវ័ល ឌីវីទ្យុមមេន (ខេមបូឌា) លីមីតធីត ចំនួន៥នាក់ បានចុះល្បាតក្នុងភូមិសាស្ត្របរិវេណដីក្រុមហ៊ុន នៅចំណុចចំណបរកា ភូមិទោង ឃុំរលួសមានជ័យ ស្រុកអូរគ្រឿងសែនជ័យ ខេត្តក្រចេះ ដែលមានឈ្មោះ រ.ឌ ភេទប្រុស អាយុ៥៩ឆ្នាំ ជាប្រធានក្រុមសន្តិសុខ។ នៅពេលក្រុមសន្តិសុខទាំងនេះបានដើរល្បាត ក៏បានជួបជាមួយនឹងក្រុមប្រជាពលរដ្ឋដែលកំពុងធ្វើសកម្មភាពប្រើប្រាស់រណាយន្តកាត់កូនឈើនៅចំណុចកើតហេតុខាងលើ។

២. បន្ទាប់ពីបានឃើញក្រុមប្រជាពលរដ្ឋធ្វើសកម្មភាពកាត់កូនឈើ ឈ្មោះ រ.ឌ បានធ្វើការហាមឃាត់ឲ្យ បញ្ឈប់សកម្មភាព និងបានអះអាងប្រាប់ប្រជាពលរដ្ឋថា ពួកគាត់កំពុងធ្វើសកម្មភាពកាត់កូនឈើ នៅក្នុងភូមិសាស្ត្ររបស់ក្រុមហ៊ុន។ ក្រោយមកក៏មានការឈ្លោះប្រកែកគ្នាដោយពាក្យសម្ដីទៅវិញទៅមករហូតឈានដល់ការប្រើប្រាស់ឧបករណ៍ឆក់បាញ់ទៅលើប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសស្រាលចំនួន ១នាក់។

៣. ក្រោយទទួលបានព័ត៌មានភ្លាមៗនោះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសមានជ័យ សហការជាមួយអាជ្ញាធរភូមិ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវ និងធ្វើការឃាត់ខ្លួន ក្រុមសន្តិសុខចំនួន ០៥នាក់ យកមកអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ សាកសួរបំភ្លឺព័ត៌មាន និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីបន្តនីតិវិធី។

អាស្រ័យដូចបានបំភ្លឺជូនខាងលើ សូមសាធារណជន ក៏ដូចជាបងប្អូនដែលនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន៕SRP

Like 196
Comment 0
Share ចែកចាយ
Views 9.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៦

សម្តេចហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះបានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ សរុបចំនួន៨៨៩នាក់។

ពិធីចុះជួបសំណេះសំណាលនេះ ជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឲ្យមានតម្លាភាព ក៏ដូចជាជំរុញឲ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។

នាឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តត្បូងឃ្មុំនេះសារជាថ្មី។ សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្ករចលាចលនានាក្នុងសង្គម។

សម្តេចតេជោ បានណែនាំដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនអោយបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ក៏បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវបន្តយកចិត្តទុកដាក់រក្សាឱ្យបាន ស្ថិរភាពសង្គម សន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។

សម្ដេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា«មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ម្យ៉ាងវិញទៀតចៀសវាងប្ដីស័ក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥ ដែលធ្វើឲ្យមានបញ្ហាក្នុងមូលដ្ឋាន។

សម្ដេចតេជោក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នា គាំទ្រដល់ការប្រមូលចំណូល ទាំងផ្នែកពន្ធគយ និងពន្ធដា។ សម្ដេចតេជោ ក៏បានណែនាំឱ្យចូលរួម ថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឲ្យបានគង់វង្ស។ ទន្ទឹមនេះ សម្ដេចតេជោក៏អោយអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តត្បូងឃ្មុំ ទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះអោយទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២៦

តំណាងអភិបាលខេត្តសៀមរាប ចុះសួរសុខទុក្ខនិងនាំអំណោយជូន គ្រួសារភៀសសឹកចំនួន ៩០៤គ្រួសារ កំពុងស្នាក់នៅក្នុងស្រុកក្រឡាញ់

ខេត្តសៀមរាប៖លោក ឌុច គឹមដម នាយករងរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃ គណៈខេត្តលោក សុខ ណារ៉េត អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ ក្រុមការងារស្រុកនិងតំណាងអង្គការ NIBC នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ចុះសំណេះសំណាល សួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌មួយចំនួន មកចែកជូនដល់បងប្អូនគ្រួសារភៀសសឹកសរុបចំនួន ៩០៤ គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលភៀសសឹកក្នុង ភូមិសាស្ត្រស្រុក រួមមាន មណ្ឌលវត្តធម្មរង្សីសំពៅលូន មណ្ឌលវត្តពោធិក្រឡាញ់ ឃុំក្រឡាញ់ មណ្ឌលវត្តភ្នំទ្រង់ បាត ឃុំកំពង់ថ្កូវ មណ្ឌលភៀសសឹកវត្តបូរណ៍ខ្នារតេជោ ឃុំចន្លាស់ដៃ និងមណ្ឌលភៀសសឹកវត្តបូទុម្មរតណញ្ញាណ ឃុំស្រណាល។

សូមបញ្ជាក់ថាបងប្អូនគ្រួសារភៀសសឹកសរុបចំនួន ៩០៤ គ្រួសារ​ ដោយក្នុង១គ្រួសារទទួលបាន​អង្ករ១០គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង២.៥ខាំ និងខ្ទឹមសរ កន្លះគីឡូ និងមានសៀវភៅ ខ្មៅដៃ នំ និងស្ករគ្រាប់ មួយចំនួន ដោយឡែកសម្រាប់៤០០នាក់ ជួយដល់កុមារដែលមកជាមួយ គ្រួសារនីមួយៗ ផងដែរ។

ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ NIBC​ ដែលបានផ្តល់នូគ្រឿងឧបភោគបរិភោគដល់បងប្អូនគ្រួសារភៀសសឹកសរុបចំនួន ៩០៤ គ្រួសារ​ ដែលកំពុងស្នាក់នៅក្នុងស្រុកក្រឡាញ់៕SRP

Like 197
Comment 0
Share ចែកចាយ
Views 4.6K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 Page2 Page3 Page4 … Page665 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នគរបាលបានប្រគល់រថយន្តជូនម្ចាស់ទទួលយកទៅប្រើប្រាស់វិញហើយ នគរបាលបានប្រគល់រថយន្តជូនម្ចាស់ទទួលយកទៅប្រើប្រាស់វិញហើយ ចុះផ្សាយថ្ងៃទី ១០ ឧសភា ២០២៦
ឆេះផ្ទះមួយខ្នងនៅស្រុកប្រាសាទបាគងរួមទាំងទ្រព្យសម្បត្តិគ្មានសល់ ឆេះផ្ទះមួយខ្នងនៅស្រុកប្រាសាទបាគងរួមទាំងទ្រព្យសម្បត្តិគ្មានសល់ ចុះផ្សាយថ្ងៃទី ៩ ឧសភា ២០២៦
ឯកឧត្តម សុខ លូ បិទវគ្គបណ្តុះបណ្តាលអប់រំនយោបាយកំរិតមូលដ្ឋាន ជំនាន់ទី៥ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ជំនាន់ទី៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បិទវគ្គបណ្តុះបណ្តាលអប់រំនយោបាយកំរិតមូលដ្ឋាន ជំនាន់ទី៥ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ជំនាន់ទី៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ចុះផ្សាយថ្ងៃទី ៩ ឧសភា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×