ធ្វើសកម្មភាពកាយដីនៅតំបន់ភ្នំថ្កូវ បើកគ្រឿងចក្រគេចខ្លួន ដូចដឹងដំណឹងមុនមន្ត្រីចុះទៅ
ខេត្តកំពត៖សកម្មភាពកាយដី និងឈូសឆាយដីនៅតំបន់ភ្នំថ្កូវ ស្ថិតក្នុងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច កំពុងបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋក្នុងមូលដ្ឋាន បន្ទាប់ពីក្រុមអ្នកបើកបរគ្រឿងចក្របានប្រញាប់ប្រញាល់បើកគ្រឿងចក្រចេញពីទីតាំងធ្វើសកម្មភាព យកទៅលាក់ទុកភ្លាមៗ ក្រោយពេលដឹងថាអាជ្ញាធរ និងមន្ត្រីជំនាញទទួលបានការរាយការណ៍។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជុំវិញទីតាំងកើតហេតុបានឱ្យដឹងថា សកម្មភាពកាយដីនៅតំបន់ភ្នំខាងលើសង្ស័យបគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរជំនាញពាក់ព័ន្ធ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនកាន់តែមានការសង្ស័យ និងរិះគន់យ៉ាងក្តៅគគុកនោះគឺ នៅពេលដែលពលរដ្ឋបានរាយការណ៍ជូនមន្ត្រីជំនាញ ហើយមន្ត្រីជំនាញបានបន្តរាយការណ៍បន្តទៅរដ្ឋបាលស្រុកកំពង់ត្រាច ស្រាប់តែមួយសន្ទុះក្រោយមក ក្រុមគ្រឿងចក្រទាំងនោះបានប្រញាប់ប្រញាល់ដកថយ និងយកគ្រឿងចក្រទៅលាក់ទុកជាប្រញាប់រៀងៗខ្លួន។
ការដកថយប្រញាប់ប្រញាល់ចោទជាសំណួរធំៗចំនួន ២ ៖
ភាពមិនតម្លាភាពនៃលិខិតបទដ្ឋាន៖ ប្រសិនបើការកាយដីនៅតំបន់ភ្នំថ្កូវនោះ មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង ឬមន្ទីរជំនាញពិតប្រាកដមែន តើមានហេតុផលអ្វីដែលត្រូវប្រញាប់ប្រញាល់បើកគ្រឿងចក្រគេចចេញពីទីតាំងធ្វើសកម្មភាព ដូចចោរលួចលាក់បែបនេះ?
ការធ្លាយព័ត៌មាន និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់៖ ហេតុអ្វីបានជាក្រុមគ្រឿងចក្រអាចដឹងខ្លួនជាមុន និងដកថយបានទាន់ពេលវេលា ភ្លាមៗបន្ទាប់ពីមន្ត្រីជំនាញរាយការណ៍ទៅអាជ្ញាធរស្រុក?
តើមានការផ្តល់ព័ត៌មានផ្ទៃក្នុងឱ្យគ្នា (បែកការណ៍) ដើម្បីជួយសម្រួលដល់ក្រុមឈ្មួញឱ្យគេចផុតពីការបង្ក្រាប ឬយ៉ាងណា?
ប្រជាពលរដ្ឋ និងសាធារណជន សូមអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តមអភិបាលខេត្តកំពត ព្រមទាំងមន្ទីររ៉ែ និងថាមពល មន្ទីរបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះឱ្យបានស៊ីជម្រៅ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យបុគ្គល ឬក្រុមឈ្មួញមួយចំនួនយកភ្នំ ឬធនធានធម្មជាតិរបស់រដ្ឋធ្វើជាអាជីវកម្មផ្ទាល់ខ្លួនដោយខុសច្បាប់ ហើយប្រើល្បិច “វាយឆ្មក់កាយ រួចរត់លាក់ខ្លួន” យ៉ាងដូច្នេះឡើយ៕SRP