ប្រធានCPPខេត្តកំពង់ចាម ជំរុញឱ្យមន្ត្រីគណបក្ស ពង្រឹងស្មារតីទទួលខុសត្រូវ និងដោះស្រាយបញ្ហាប្រឈមនានា ជូនពលរដ្ឋឱ្យបានទាន់ពេលវេលា
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគណបក្ស ពង្រឹងស្មារតីទទួលខុសត្រូវ ដោយបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជិតស្និទ្ធ និងដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសការត្រៀមលក្ខណៈ ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមទិសដៅ និងផែនការដែលគណបក្សបានដាក់ចេញប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម អ៊ុន ចាន់ដា សូមមន្ត្រីគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្ស ជាពិសេសចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់គ្រប់រចនាសម្ព័ន្ធគណបក្សឱ្យបង្កើនសកម្មភាពផ្សព្វផ្សាយនូវសមិទ្ធផល ចក្ខុវិស័យ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាំងការចុះផ្ទាល់តាមខ្នងផ្ទះ និងការប្រើប្រាស់បណ្តាញព័ត៌មាន ដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋឆ្ពោះទៅកាន់ការបោះឆ្នោតឱ្យទទួលបានជ័យជម្នះ។
ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម ណែនាំបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្ត និងផ្សព្វផ្សាយសេចក្តីណែនាំនានា របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការបក្សខេត្ត និងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំងមន្ត្រីគណបក្សពាក់ព័ន្ធជាច្រើនរូបទៀត៕SRP