អាវុធហត្ថខេត្តសៀមរាប ថាជនសង្ស័យរូបនេះធ្លាប់លួចជាច្រើនដង
ខេត្តសៀមរាប៖អាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា
កាលពីវេលាម៉ោង៨:១៥នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខ 1296 ថាមានករណីអំពើលួច(លួចទូរស័ព្ទ) ចំណុចខាងក្រោយផ្សារចារឈូក ភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ។
អាវុធហត្ថខេត្តសៀមរាបបានបន្តថា ក្រោយពីបានទទួលព័ត៌មាន ភ្លាម កម្លាំងមូលដ្ឋានកងអាវុធហត្ថស្រុកអង្គរជុំ ចុះដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ ហើយបានកំណត់មុខសញ្ញា និងបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន រហូតដល់វេលាម៉ោង១៥:៤០នាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចផ្សារស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ដែលធ្លាប់មានពាក់ព័ន្ធករណីអំពើលួច ជាច្រើនលើក នឹងធ្លាប់ជាប់ពន្ធនាគារ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទចំនួន០២គ្រឿង និងកាំបិតស្នៀត ០១ដើម។
ជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប និងបានប្រគល់ទូរស័ព្ទ០១គ្រឿងជូនម្ចាស់វិញ។
អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន ចំពោះទ្រព្យសម្បត្តិមានតម្លៃ ដើម្បីការពារកុំឱ្យជនឆ្លៀតឱកាសលួចយក៕SRP