Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សន្តិសុខ តភ្ជាប់ខ្សែភ្លើងចេញពីសាកលវិទ្យាល័យបៀរប្រាយ ដើម្បីឆក់ត្រីបែជាឆក់ខ្លួនឯងស្លាប់
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី
អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់មន្ត្រីកុំឱ្យមានករណីស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ
ក្រសួងបរិស្ថានអះអាងថា អនុវត្តតាមច្បាប់ ចំពោះអ្នកលួចកាប់ឈើក្នុងតំបន់«ព្រៃឡង់»
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២៦

អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ដោយក្រាលកៅស៊ូDBST ប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម០,៥ម៉ែត្រសងខាង និងសំណង់សិល្បការ្យចាប់ពីគីឡូម៉ែត្រ២៩៩+៩៥០ដល់គីឡូម៉ែត្រ៣០១+៩៥០ និងស្ថាបនាប្រព័ន្ធលូបណ្ដោយផ្លូវដោយដាក់លូមូលមុខកាត់១ម៉ែត្រ និងអណ្ដូងលូ(រឺហ្គា)បេតុងសរសៃដែកទំហំ១,៦ម៉ែត្រចំនួន៦០កន្លែង ប្រវែងសរុប១ ៥០០ម៉ែត្រ ចាប់ពីគីឡូម៉ែត្រ២៩៨ +៧០០ដល់គីឡូម៉ែត្រ៣០០+២០០ ខាងស្ដាំលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល។

មានប្រសាសន៍ក្នុងពិធីបើកការដ្ឋាន ឯកឧត្តម សុខ លូ បានណែនាំមន្ទីរសាធារណការសហការជាមួយមន្ទីរដែនដីចុះវាស់វែងកំណត់ដីចំណីផ្លូវឱ្យបានច្បាស់លាស់សំដៅទប់ស្កាត់ការរំលោភដីចំណីផ្លូវដើម្បីដាំដើមឈើ រៀបចំផ្លូវថ្មើជើង ផ្លូវជិះកង់ និងបំពាក់ភ្លើងបំភ្លឺផ្លូវទៅថ្ងៃអនាគត។

ឯកឧត្តមអភិបាលខេត្តបានរំលេចពីការរំដោះដីចំណីផ្លូវ កាត់សំយាប និងរុះរើសំណង់ផ្សេងៗដែលសង់រំលោភដីចំណីផ្លូវសាធារណៈរបស់រដ្ឋនៅក្នុងក្រុងបាត់ដំបងដើម្បីបើកផ្លូវឱ្យបានធំទូលាយសម្រាប់ជាប្រយោជន៍កូនចៅជំនាន់ក្រោយ លើកកម្ពស់សោភ័ណភាពទីក្រុង និងកាត់បន្ថយការកកស្ទះចរាចរណ៍។

ឯកឧត្តមណែនាំដល់អាជ្ញាធរដែលកំពុងអនុវត្តន៍យុទ្ធនាការរំដោះដីចំណីផ្លូវគឺដាច់ខាតមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនោះទេ ពោលគឺរំដោះយកតែដីចំណីផ្លូវសាធារណៈរបស់រដ្ឋតែប៉ុណ្ណោះ៕SRP

Like 198
Comment 0
Share ចែកចាយ
Views 3.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២៦

ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជំរុញដល់សមត្ថកិច្ច ពាក់ព័ន្ធ ចាំបាច់ត្រូវពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តនៅក្នុងដែនសមត្ថកិច្ចឲ្យបានជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ ( Online Scams) ជាពិសេសមិនត្រូវបណ្តែតបណ្តោយឲ្យកើតមានឲ្យសោះ។

ថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកឡើងថា ការធ្វើរដ្ឋបាលចល័ត រដ្ឋបាលចំហ គឺត្រូវធ្វើជាប្រចាំ ហើយត្រូវមានការគ្រប់គ្រងឱ្យមានលំដាប់លំដោយ ឱ្យមានវិន័យច្បាស់លាស់ ធ្វើយ៉ាងណាត្រូវធានាអនុវត្តឱ្យបានម៉ត់ចត់នូវបទបញ្ជារបស់សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយមិនឱ្យបទបញ្ជារបស់សម្តេចធ្លាក់ ដល់ដីទាន់ឡើយ ពោលគឺត្រូវគ្រប់គ្រង និងទប់ស្កាត់ឱ្យជាប់ចំពោះក្រុមឆ្លៀតឱកាសចល័តចូលមក ក្នុងដែនសមត្ថកិច្ចរបស់យើងផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលជាឧបករណ៍គតិយុត្តមួយសម្រាប់គាំទ្រដល់ការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅ តាមទីតាំងរស់នៅប្រមូលផ្តុំ។ អនុក្រឹត្យនេះគឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងអំពីគោលជំហរឥតងាករេលើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រលើ ការបង្ការនិងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសគ្រឿងញៀន ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រនានាដែលបានកំណត់ ជាពិសេសគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កុម្ភៈ ២០២៦

រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦

រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានបើកការធ្វើតេស្ត រកសារធាតុញៀនមន្ត្រីរាជការស៊ីវិល ក្នុងខេត្តកំពង់ចាមលើកទី ២ ដោយពិធីនេះធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្ដម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា សារធាតុញៀនគឺបង្កនៅផលលំបាកប៉ះពាល់ដល់បញ្ហាសន្តិសុខភាព ការបំផ្លាញទ្រព្យសម្បត្តិ ធ្វើឱ្យខូចដល់អនាគតយុវជនជាដើម។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការពិនិត្យរកសារធាតុញៀនមន្ត្រីរាជការពេលនេះ គឺក្នុងគោលបំណង ៣ ដូចខាងក្រោម៖

*ទី១ ៖ បញ្ជាក់ថាមន្ត្រីរបស់យើងមានភាពស្អាតស្អំ មិនមានអ្នកប្រើប្រាស់សារធាតុញៀននៅក្នុងអង្គភាព និងជាកន្លែងផ្ដល់សេវាសាធារណៈ សេវារដ្ឋបាលល្អ ជាមជ្ឈមណ្ឌលមិនមានការប្រើប្រាស់សារធាតុញៀន។

*ទី២ ៖ ជាគំរូល្អដល់ប្រជាពលរដ្ឋ ដល់មហាជន ឱ្យរៀនសូត្រពីមន្ត្រីរបស់យើង ដើម្បីពួកគាត់បានដុះខាត់នូវស្មារតី របស់ពួកគាត់កុំឲ្យពាក់ព័ន្ធជាមួយសារធាតុញៀន និងជាការបញ្ជូនសារទៅកូនចៅក្នុងបន្ទុក របស់ពួកគាត់កុំឱ្យពាក់ព័ន្ធ នូវសារធាតុញៀននោះ។

*ទី៣ ៖ គឺបញ្ជាក់ពីការចូលរួមរបស់មន្ត្រីយើងជាមួយនឹងរាជរដ្ឋាភិបាល ដែលរាជរដ្ឋាភិបាលយើងបានខិតខំប្រឹងប្រែងគិតគូរ អំពីសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជីវភាពសេដ្ឋកិច្ចសង្គម ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខសុភមង្គល ដោយបានដាក់ចេញនូវគោលការណ៍ ឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានរបស់យើង ខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបង្ក្រាប ការផ្សព្វផ្សាយ ការអនុវត្តច្បាប់ ទៅលើបញ្ហាពាក់ព័ន្ធគ្រឿងញៀននេះ។

ឯកឧត្តមអភិបាលខេត្ត បានរំលឹកផងដែរថា លើកទី១ នៅក្នុងឆ្នាំ ២០២៥ រដ្ឋបាលខេត្ត បានរៀបចំយុទ្ធនាការនេះ ទៅលើមន្ត្រីរាជការរបស់យើង បានចំនួន ជាង ១៤,០០០ នាក់ ។ រីឯលើកទី២ ក្នុងឆ្នាំ ២០២៦ នេះ រដ្ឋបាលខេត្ត និងធ្វើការពិនិត្យរកសារធាតុញៀនលើមន្ត្រីរាជការស៊ីវិលឲ្យបានគ្រប់ៗគ្នា ទាំងថ្នាក់ខេត្ត ថ្នាក់ ក្រុង-ស្រុក និងថ្នាក់ ឃុំ-សង្កាត់ ដូចឆ្នាំ ២០២៥ ផងដែរ ទៅតាមតំណាក់កាលនីមួយៗ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 3.6K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២៦

អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ ACU
បានសម្រេចបញ្ជូនមេក្លោងចំនួន ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូលសាលាពេទ្យចំនួន ០២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី០៧ ខែកុម្ភៈ នេះថា៖ ករណីនេះ តំណាងអយ្យការបានសម្រេច ចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោស តាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា ការប្រឡងចូលសាលាពេទ្យក្នុងដំណើរការ២ថ្ងៃ (ថ្ងៃទី៣១ ខែមករា និងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦) អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញនៅថ្ងៃប្រឡងទី១ នូវមេក្លោងចំនួន ២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន ២នាក់ យកមកអ.ប.ព.៕SRP

Like 198
Comment 0
Share ចែកចាយ
Views 4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២៦

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អះអាងថា​ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម​ បានអះអាងថា​ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ ដែលមានមនុស្ស ប្រមាណ ២៩.៨៨០នាក់ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ​។

ថ្លែងបែបនេះ​ក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សទូទាំងខេត្តកំពង់ចាម​ នាថ្ងៃទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រោមវត្តមាន​ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្ស ថ្នាក់កណ្តាល​ និង​ឯកឧត្តម កែវ រតនៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល​។

ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ មានប្រសាសន៍ថា​ តាមរយៈសារនយោបាយជាបន្តបន្ទាប់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាសំខាន់ៗរបស់ជាតិ ធ្វើឱ្យមហាជន បានឃើញច្បាស់ពីការរីកចម្រើនរបស់ជាតិ យល់ដឹងអំពីគោលការណ៍ គោលនយោបាយ របស់រាជរដ្ឋាភិបាល អំពីសភាពការណ៍ និងភារកិច្ចសំខាន់ៗ រួមទាំងឧបាយកល ដ៏ពិសពុលរបស់ពួកប្រឆាំងជ្រុលនិយម ជាពិសេសអំពីគោលជំហរដ៏ត្រឹមត្រូវរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងការទូត។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បានសង្កត់ធ្ងន់ថា​ ទង្វើឈ្លានពានរបស់ថៃ បានធ្វើឱ្យ ប្រជាជនកាន់តែយល់ច្បាស់ អំពីគុណតម្លៃនៃសន្តិភាព ហើយក៏បញ្ជាក់ឱ្យឃើញច្បាស់ផងដែរថា ពាក្យ “អរគុណសន្តិភាព” ត្រូវតែលើកកម្ពស់។ ស្មារតីពង្រឹងសាមគ្គី ឯកភាពជាតិ ត្រូវបានពុះកញ្ជ្រោលឡើង នៅក្នុងចំណោមមហាជន យុវជន ដែលបានបង្ហាញច្បាស់តាមរយៈការគាំទ្រពេញទំហឹង ដល់វីរយុទ្ធជន សមរភូមិមុខ និងរាល់ចំណាត់ការ របស់រាជរដ្ឋាភិបាល ក្នុងនោះ រួមទាំងការគាំទ្រគ្រប់លទ្ធភាព ដល់វីរៈ កងទ័ព និងជនភៀសសឹកផងដែរ​៕SRP

Like 197
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២៦

នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់

ខេត្តបន្ទាយមានជ័យ៖អភិបាលស្រុកថ្មពួក លោក អែម សុខា បានប្រកាសថា រដ្ឋបាលស្រុកថ្មពួក បានសម្រេចបញ្ឈប់កាតព្វកិច្ច និងសិទ្ធិទាំងស្រុងរបស់លោកជាភាគី “ខ” ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយសារលោកបានបោះបង់ការងារសម្អាតប្រមូលសំរាមទីប្រជុំជនស្រុកថ្មពួក ចំនួន២លើករួចទៅហើយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ និងម្តងទៀតពីខែកញ្ញា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ននេះបានបង្កឲ្យមានភាពយឺតយ៉ាវ និងកកស្ទះ ក្នុងការប្រមូលសំរាមមាននៅតាមមុខផ្ទះប្រជាពលរដ្ឋ ដែលបង់សេវាប្រមូលសំរាមជាច្រើននាបើកមកហើយ។

អភិបាលស្រុកថ្មពួកបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន Angkor flash news កាលពីរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ដើម្បីចូលរួមលើកកម្ពស់ និងជំរុញការសម្អាតអនាម័យបរិស្ថានស្រុកឱ្យមានអនាម័យល្អ សោភ័ណភាពស្អាត ស័ក្តិសមនឹងភាពថ្លៃថ្នូរ របស់ប្រជាពលរដ្ឋស្រុកថ្មពួកយើង រដ្ឋបាលស្រុកថ្មពួក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គ្រប់លំនៅដ្ឋាន ត្រូវតែចូលរួមឱ្យបានគ្រប់ៗគ្នា ជាចលនាសម្អាតអនាម័យបរិស្ថាន ទាំងនៅក្នុង នឹងជុំវិញបរិវេណគេហដ្ឋានរៀងៗខ្លួន ក្រោមទិសស្លោក (ផ្ទះយើងស្អាតស្រុកថ្មពួកយើងស្អាត ជាកិត្តិយសរបស់យើងទាំងអស់គ្នា)។

ជុំវិញករណីនេះ តំណាងបុគ្គលិកគ្រប់គ្រងខាងប្រមូលគំនរសំរាម បានលើកឡើងថា ពួកគាត់បានប្រមូលសំរាមជាច្រើនឆ្នាំមកហើយ ដោយមិនដែលមានកំហុសឆ្គង ឬក៏លិខិតព្រមាននោះទេ។ ពួកគាត់កើតទុក្ខមិនសុខចិត្តសូមស្នើឱ្យលោកអភិបាលស្រុកថ្មពួក លោកជួយរកដំណោះស្រាយជូនពួកគាត់វិញ ដោយហេតុថាពួកគាត់មិនទាន់ចប់កុងត្រានៅឡើយទេ ហេតុអ្វីមានអ្នកទីពីរ មកធ្វើជំនួសគាត់ទៅវិញដោយមិនទាន់ដឹងមូលហេតុព្រមទាំងមិនទាន់ដល់ចប់កុងត្រាផងនោះ។ តំណាងបុគ្គលិកបន្តថា ក្រុមហ៊ុនថ្មី បានដេញឃាត់គោយន្តដឹកសំរាមពួកគាត់ដែលកំពុងប្រមូលសំរាមនៅតាមលំនៅដ្ឋានពលរដ្ឋទៀតផង។

ពាក់ព័ន្ធទៅនឹងករណីនេះ ផងដែរ មានមតិជាច្រើនបានលើកឡើងថា ការដាក់ក្រុមហ៊ុនប្រមូលសំរាមថ្មី មកជំនួសក្រុមហ៊ុនចាស់គឺគួរតែ ប្រជុំជជែកគ្នាឲ្យអស់លទ្ធភាព ឬមានលិខិតព្រមាន ឬខុសគោលការណ៍កិច្ចសន្យា ទើបអាចបញ្ឈប់បាន ក៏ប៉ុន្តែការធ្វើបែបនេះអាចធ្វើឲ្យមហាជនយល់ច្រលំថា ជាបក្ខពួកនិយម ជាហេតុនាំឲ្យអ្នករកស៊ីអស់ជំនឿ។

ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបញ្ជាក់បន្ថែមពីអភិបាលស្រុកថ្មពួក បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 7.5K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២៦

កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមាន៧មករា ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តម ផាម មិញជិញ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបីគណបក្ស​ លើកទី៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកិច្ចប្រជុំលើកទី៣ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ទីក្រុងហូជីមិញ នៃ​សាធារណរដ្ឋ​សង្គម​និយម​​វៀតណាម។

ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, ប្រមុខ​រដ្ឋាភិបាល​ នៃប្រទេសទាំងពីរ​ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ នាពេលកន្លងមក សំដៅការជំរុញនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលស្របទៅនឹងទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង”។

ប្រមុខរដ្ឋាភិបាលទាំងពីរ​ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែរីក​ចម្រើន​បន្ថែមទៀត​ លេីវិស័យ​សំខាន់​ៗ រួមមាន​ជាអាទិ៍​៖ នយោបាយការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការពារ​ជាតិនិង​សន្តិសុខ​,​ ថាមពល,​ អប់រំ​ និង​បណ្តុះបណ្តាល​,​ ទេសចរណ៍​,​ វប្បធម៌​ និង​ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសការតភ្ជាប់ផ្លូវ​ល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ​ រវាងប្រទេសទាំងពីរ​។ ប្រមុខ​រាជរដ្ឋាភិបាល​ទាំងពីរ​ ក៏បាន​ប្តេជ្ញាបន្តជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ ២០ពាន់លានដុល្លារ នាពេលខាងមុខ​ និង​ជំរុញកិច្ចសហប្រតិបត្តិការបណ្តាខេត្តជាប់ព្រំដែន​ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការ​ជួញដូរមនុស្ស,​ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដេីម ដេីម្បីប្រែក្លាយតំបន់ព្រំដែន​ ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ប្រមុខ​រាជរដ្ឋាភិបាល​ទាំងពីរ​ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងរវាងយុវជនជំនាន់ក្រោយ នៃប្រទេសទាំងពីរ​ ឱ្យស្វែងយល់ពីគ្នា​ ក៏ដូចជាសិក្សាអំពីប្រវត្តិសាស្ត្រ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្លាប់ឆ្លងកាត់៕SRP

Like 196
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២៦

ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៦​ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំនាយករដ្ឋមន្ត្រីបីប្រទេស (កម្ពុជា-ឡាវ-វៀតណាម) ដោយមានការចូលរួមពី ឯកឧត្តម ផាម​ មិញជិញ​ ​នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ និង​ឯកឧត្តម​ សនសៃ​ ស៊ីផាន់ដន​ នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ នៅវិមាន​សាមគ្គី​ភាព​ ក្នុងឱកាសដែល​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម​ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ​ បានចូលរួមកិច្ចប្រជុំរវាង​ថ្នាក់ដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា​,​ ថ្នាក់​ដឹកនាំ​គណបក្ស​កុម្មុយនីស្តវៀតណាម​ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​ នៅរាជធានីភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​ ពីថ្ងៃ​ទី៦​ដល់ថ្ងៃទី៧​ ​ខែកុម្ភៈ​ ឆ្នាំ​២០២៦។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ​ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងបី។ សម្តេចបវរធិបតីបានកត់សម្គាល់ពីវឌ្ឍនភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងបី នាពេលកន្លងមក និងដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត ដើម្បីឱ្យសម្រេចបាននូវទំហំពាណិជ្ជកម្ម៧០០លានដុល្លារអាមេរិក នៅឆ្នាំ២០៣០ ជាមួយប្រទេសឡាវ និងទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារអាមេរិក ជាមួយប្រទេសវៀតណាម នាពេលខាងមុខ។ ទន្ទឹមនេះ សម្តេចបវរធិបតីបានជំរុញប្រទេសទាំងបីបន្តការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការតភ្ជាប់កាន់តែទូលំទូលាយ តាមរយៈហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន វប្បធម៌ ទេសចរណ៍ ថាមពលអគ្គីសនី ។ល។ សម្តេចបវរធិបតីក៏បានជំរុញក្រុមការងារបច្ចេកទេសពន្លឿនការកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ។

ប្រមុខរដ្ឋាភិបាល​ទាំងបី​ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ ក៏ដូចជាការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រមុខ​រដ្ឋាភិបាល​ទាំងបីបានបន្តជំរុញកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត, ការផ្លាស់ប្តូរព័ត៌មានក្នុងយន្តការការបរទេស, ការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ និងការផ្សារភ្ជាប់រវាងអ្នកដឹកនាំជំនាន់ក្រោយ។ កិច្ចប្រជុំ​ក៏បន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសន្តិសុខមិនប្រពៃណី។ ក្នុងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគ, វៀតណាមបានបង្ហាញការត្រៀមខ្លួនក្នុងការបន្តជំរុញវិនិយោគថែមទៀតនៅកម្ពុជា។ ប្រមុខ​រដ្ឋាភិបាល​ទាំងបី​ ក៏បានបន្តជំរុញការតភ្ជាប់រវាងប្រទេសទាំងបី រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការដឹកជញ្ជូន ថាមពលអគ្គីសនី និងការអប់រំនិងបណ្តុះបណ្តាល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនិមួយៗ និងលើកកម្ពស់ទេសចរណ៍”ប្រទេសបី-គោលដៅមួយ”៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២៦

មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា

មេប៉ូលិសកម្ពុជា នាយឧត្តមសេនីយ៍ ស ថេត បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឲ្យអស់ពីកម្ពុជា ដើម្បីគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជា
បានអះអាងថា បញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺកម្លាំងសមត្ថកិច្ចបានបង្ក្រាបជាបន្ដបន្ទាប់មកហើយ ប៉ុន្ដែពេលនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការទទួលខុសត្រូវ ខណៈវិសាលភាពនៃការរីករាលដាលបទល្មើសនេះកាន់តែមានទំហំធំទៅៗ ដូច្នេះការពង្រីកការទទួលខុសត្រូវក៏កាន់តែធំដូចគ្នា។

បើតាមនាយឧត្តមសេនីយ៍ ស ថេត, យុទ្ធនាការបោសសម្អាតចុងក្រោយនេះ គឺជាការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ ការបង្ក្រាបរបស់កម្ពុជា ទៅលើក្រុមឧក្រិដ្ឋកម្មអនឡាញនេះ ក៏ទទួលបានការកោតសរសើរពីមជ្ឈដ្ឋានជាតិ និងអន្ដរជាតិផងដែរ។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ទៀតថា «ទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវតែពង្រឹងការបោសសម្អាត បទល្មើសធំមួយនេះឲ្យស្អាតពីកម្ពុជា ហើយបន្ដទៀត គឺអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីធានាថា អាយុជីវិតរបស់កម្ពុជាពីនេះទៅមុខ»។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ កងកម្លាំងនគរនបាលទាំងអស់ រួមទាំងអង្គភាពផ្សេងទៀតដែលពាក់ព័ន្ធ ក្នុងប្រតិបត្តិការកន្លងទៅនេះ។

ការដាក់បទបញ្ជាជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំវាយតម្លៃ និងដកបទពិសោធន៍ការងាររបស់ក្រុមប្រតិបត្តិការជំនាញបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាទីស្ដីការក្រសួងមហាផ្ទៃ។

សូមជម្រាបផងដែរថា ប្រតិបត្តិការទ្រង់ទ្រាយធំកន្លងទៅនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើកម្លាំងជំនាញសរុបប្រមាណ៧០០នាក់ ហើយជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ២,០៤៤នាក់ ក្នុងនោះជនជាតិចិន១,៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់។

ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ កម្លាំងនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន៤៨លើក ឃាត់ខ្លួនបញ្ជូនទៅតុលាការចំនួន១៦៨នាក់ និងបណ្ដេញចេញពីកម្ពុជាទៅប្រទេសកំណើត ចំនួន២,៧២២នាក់៕SRP

Like 197
Comment 0
Share ចែកចាយ
Views 3.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២៦

សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ

សម្តេចតេជោហ៊ុន សែន ក៏បានផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀតតាមរយៈសកម្មភាពមនុស្សធម៌ និងការងារសង្គមផ្សេងៗ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសបានអនុញ្ញាតឱ្យ ប្រជាពលរដ្ឋខ្មែរ ដែលថ្នាក់ដឹកនាំសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋនានា នៅតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក ចូលជួបសំណេះសំណាលសួរសុខទុក្ខ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃនេះ។

ក្នុងឱកាសនោះ សម្តេចតេជោ បានសម្តែងនូវការសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់បងប្អូន ថ្នាក់ដឹកនាំសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជានៅតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិកទាំងអស់ ទោះបីជាត្រូវរស់នៅឆ្ងាយពីមាតុភូមិ ប៉ុន្តែនៅតែរក្សាបាននូវមនសិការស្នេហាជាតិ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ លើសពីនេះ សម្តេចតេជោ ក៏បានអរគុណ ថ្នាក់ដឹកនាំសាខាបក្ស យុវជនបក្ស ដែលបានជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតាមព្រំដែន តាមរយៈការយកជាអំណោយជារបស់របរប្រើប្រាស់ និងថវិកាតិចក្តី ច្រើនក្តីរបស់ពួកគាត់ មកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន ដែលនេះគឺជាការបង្ហាញអំពីការ ឈឺឆ្អាល របស់ពួកគាត់ចំពោះ បងប្អូនភៀសសឹក បើទោះបីជាពួកគាត់រស់នៅឯនាយសមុទ្រក្តី ក៏ប៉ុន្តែពួកគាត់គឺស្ថិតនៅជាប់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋជាតិសាសន៍យើងជានិច្ច។

ជំនួបសំណេះសំណាល បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយសាមគ្គីភាព ដែលគឺជាការបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ចំពោះសុខទុក្ខរបស់បងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស ជាពិសេសសកម្មជនគណបក្សដែលតែងតែលះបង់កម្លាំងកាយចិត្ត ក្នុងការគាំទ្រ និងការងារអង្គការចាត់តាំងនៅបណ្តារដ្ឋនានានៃតំបន់ឆ្នេរខាងលិចសហរដ្ឋអាមេរិក ។

មុនបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រសិទ្ធពរជ័យសិរីសួស្ដី ជ័យមង្គល ជូនបងប្អូនសមាជិក សមាជិកាយុវជនគណបក្សទាំងអស់ ដែលបានមកពីសហរដ្ឋអាមេរិក សូមឱ្យទទួលបាននូវសុខភាពល្អជោគជ័យគ្រប់ភារកិច្ចទាំងការងារបក្ស ក៏ដូចជាការប្រកបរបរទទួលទានក្នុងជីវភាពគ្រួសារ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២៦

ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់

អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងារប្រតិបត្តិស្រុកបន្ទាយស្រី ខេត្តសៀមរាបឯកឧត្តម ម៉ៅ វិបុល បានថ្លែងជំរុញក្រុមការងារពាក់ព័ន្ធបន្តចុះពិនិត្យទីតាំងជាក់ស្ដែង ក្នុងការប្រើប្រាស់ដីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិទាំង១១៤ ក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យជាក់ស្ដែង ក្នុងការកំណត់លក្ខខណ្ឌប្រើប្រាស់ដីរបស់បងប្អូនប្រជាពលរដ្ឋ។

ថ្លែងបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងតាមបណ្ដាភូមិសាស្រ្ត ស្រុកបន្ទាយស្រី សម្រាប់រៀបចំផែនការប្រើប្រាស់ដីទាំង ១១៤ភូមិ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

 ឯកឧត្តម ម៉ៅ វិបុល បានបញ្ជាក់ថា ការចុះពិនិត្យទីតាំងនៃការប្រើប្រាស់ដីរបស់បងប្អូនប្រជាពលរដ្ឋទាំង ១១៤ភូមិ ក្រុមការងារត្រូវចុះពិនិត្យទីតាំងតាមផែនទីប្រើប្រាស់ដីនាពេលអនាគត ដោយប្រើប្រាស់ App Carry map បន្ទាប់មកក្រុមការងារពិនិត្យមើលទីតាំងដែលបានកំណត់ផែនទីមានពណ៌ក្រហមជាតំបន់ការពារដាច់ខាត រួមមាន ផ្ទះប្រជាពលរដ្ឋ សំណង់ផ្សេងៗ និងចម្ការដាំដុះដែលមានរយៈពេលខ្លី ដូចជា ស្រែចម្ការ និងដើមឈើហូបផ្លែ។

ឯកឧត្តមបន្តថា ទន្ទឹមនោះក្រុមការងារក៏ត្រូវពិនិត្យមើលទីតាំងដែលបានកំណត់ក្នុងផែនទីមានពណ៌ផ្កាឈូកជាតំបន់ទ្រនាប់ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋបន្តការរស់នៅជាធម្មតា និងប្រកបរបរចិញ្ចឹមជាលក្ខណៈគ្រួសារ ដូចជាការធ្វើស្រែ ការដាំដំណាំ ការចិញ្ចឹមសត្វ តាមស្ថានភាពដែលជាទម្លាប់បុរាណនិងអនុញ្ញាតឱ្យសាងសង់ឡើងវិញ ជួសជុល និងប្រើប្រាស់សំណង់ តាមស្ថានភាពដែលមានស្រាប់ និងអនុញ្ញាតឱ្យសាងសង់សំណង់ដែលបម្រើឱ្យការអភិរក្សប្រាសាទ និងសំណង់សម្រាប់សហគមន៍ និងសំណង់ផ្សេងទៀតដែលអនុវត្តដោយរដ្ឋសម្រាប់បម្រើប្រយោជន៍សាធារណៈ។

ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ចំពោះលក្ខខណ្ឌនៃការប្រើប្រាស់ដី ការគ្រប់គ្រងនគររូបនីយកម្ម និងសំណង់ក្នុងភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានកំណត់ជា ៦ទីតាំង ក្នុងនោះរួមមាន ទីតាំងត្រូវការពារជាដាច់ខាត ទីតាំងត្រនាប់ ទីតាំងភូមិឋានជនបទ ទីតាំងភូមិឋានទីប្រជុំជន ទីតាំងអាជីវកម្ម និងទីតាំងកសិកម្ម។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី ខេត្តសៀមរាប បានបង្ហាញថា កន្លងមកក្រុមការងារបានចុះពិនិត្យទីតាំងក្នុងតំបន់អង្គរបានចំនួន ១០១ភូមិ ហើយក្នុងនោះក្រុមការងារបានបញ្ចប់សេចក្ដីព្រាងរបាយការណ៍បច្ចេកទេសបានចំនួន ៥៩ភូមិ។ គិតចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារនឹងចុះពិនិត្យទីតាំងរស់នៅជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី ដើម្បីផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះ ក៏សូមឱ្យអាជ្ញាធរមូលដ្ឋានធ្វើការសហការជាមួយក្រុមការងារពាក់ព័ន្ធ ដើម្បីឱ្យបានដឹងពីប្រវត្តិភូមិ ប្រវត្តិទីតាំង ដើម្បីធ្វើការកំណត់ឱ្យបានច្បាស់លាស់៕SRP

Like 200
Comment 0
Share ចែកចាយ
Views 53.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២៦

អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានសម្រេចមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធី“បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២ នៅខេត្តសៀមរាបឆ្នាំ២០២៦ខាងមុខនេះឡើយ។ ការប្រកាសមិនអនុញាត្តបែបនេះក្នុងគោលបំណងដើម្បីថែរក្សាតម្លៃមរតកវប្បធម៌ដូនតាឱ្យបានគង់វង្ស និងសក្ដិសមជាព្រឹត្តិការណ៍ខ្មែរសុទ្ធសាធ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីខាងលើ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញ លោកស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តបានបង្ហាញថា គោលបំណងធំនៃពិធីបុណ្យនេះ គឺដើម្បីបង្ហាញពីសិល្បៈនៃការធ្វើខ្លែង និងការបង្ហោះខ្លែងឯកដែលជាមរតកវប្បធម៌ខ្មែរ។ ដូច្នេះ ការលក់ខ្លែងបរទេសក្នុងបរិវេណពិធី ត្រូវបានហាមឃាត់ ដើម្បីទុកឱកាសឱ្យខ្លែងខ្មែរ បានបង្ហាញខ្លួនយ៉ាងពេញលេញ ប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានខ្លែងផ្ទាល់ខ្លួន មិនថាខ្លែងបែបណានោះទេ នៅតែអាចយកមកចូលរួមបង្ហោះលេងកម្សាន្តបានដោយសេរី។

លោកស៊ុន ចំណាន មានប្រសាសន៍ថា ដើម្បីឱ្យការប្រកួតកាន់តែមានលក្ខណៈបច្ចេកទេស និងមានស្តង់ដារវប្បធម៌ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត កំពុងសម្រុកកែសម្រួលលក្ខន្តិកៈសម្រាប់អ្នកចូលរួមប្រកួតជាថ្មីម្ដងទៀត។ ការកែសម្រួលនេះ ធ្វើឡើងក្នុងគោលដៅជំរុញឱ្យអ្នកចេះធ្វើខ្លែង បង្ហាញនូវស្នាដៃដ៏សម្រិតសម្រាំង និងបច្ចេកទេសបន្លឺសំឡេង “ឯក” ឱ្យបានត្រឹមត្រូវតាមលក្ខណៈបុរាណ។

នាយករងរដ្ឋបាលខេត្តសៀមរាបរូបនេះក៏បានណែនាំឱ្យមានការជំរុញដល់សិស្សានុសិស្ស និងយុវជនតាមបណ្ដាសាលារៀន ឱ្យមកចូលរួមទស្សនា និងស្វែងយល់ឱ្យបានច្រើន ដើម្បីបណ្ដុះស្មារតីស្រឡាញ់ និងជួយថែរក្សាសិល្បៈនៃការធ្វើខ្លែងនេះកុំឱ្យបាត់បង់។ ជាមួយគ្នានេះដែរ ក្នុងពិធីនេះក៏មានការចូលរួមចំណែកយ៉ាងធំធេងពីសំណាក់ “ចលនាភូមិ១ ផលិតផល១” ចំនួន ១០០ស្តង់ និងសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន ៥០ស្តង់ ដើម្បីដាក់បង្ហាញផលិតផលក្នុងស្រុក ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចសហគមន៍ អមជាមួយកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ពីកងកម្លាំងចម្រុះចំនួន ១៧៧នាក់ផងដែរ។

សូមជម្រាបថា ពិធី “បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២ នឹងរៀបចំឡើងចាប់ពីថ្ងៃទី២០ដល់ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយពិធីនេះ ត្រូវបានរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយ ដែលមិនត្រឹមតែបង្ហាញពីស្នាដៃឯករបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការលក់ដូរផលិតផលខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង៕SRP

Like 196
Comment 0
Share ចែកចាយ
Views 7.2K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page18 Page19 Page20 … Page661 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សន្តិសុខ តភ្ជាប់ខ្សែភ្លើងចេញពីសាកលវិទ្យាល័យបៀរប្រាយ ដើម្បីឆក់ត្រីបែជាឆក់ខ្លួនឯងស្លាប់ សន្តិសុខ តភ្ជាប់ខ្សែភ្លើងចេញពីសាកលវិទ្យាល័យបៀរប្រាយ ដើម្បីឆក់ត្រីបែជាឆក់ខ្លួនឯងស្លាប់ ចុះផ្សាយថ្ងៃទី ២១ មេសា ២០២៦
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី ចុះផ្សាយថ្ងៃទី ២១ មេសា ២០២៦
អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់មន្ត្រីកុំឱ្យមានករណីស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់មន្ត្រីកុំឱ្យមានករណីស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ចុះផ្សាយថ្ងៃទី ២១ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×