Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំបច្ចេកទេសពន្លឿនគម្រោងទីក្រុងឆ្លាតវៃ ជំហានទី២ ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំ JCC នាពេលខាងមុខ
ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ក្នុងគោលបំណងកៀរគរធនធានឧបត្ថម្ភដល់កងកម្លាំងជួរមុខក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
សម្តេចតេជោ៖ ការវះកាត់របស់គ្រូចិនពេទ្យថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យ
ឆ្លងចេត្រ សម្លឹងមុខឌឺដងគ្នា ចេញមកក្រៅវាយគ្នាប្រាវប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនក្មេងទំនើងចំនួន៧នាក់
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២៦

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំបច្ចេកទេសពន្លឿនគម្រោងទីក្រុងឆ្លាតវៃ ជំហានទី២ ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំ JCC នាពេលខាងមុខ

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីក្រុមអ្នកជំនាញ JICA ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃគម្រោងសាកល្បងនៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ (Smart City) ជំហានទី២ ដែលកិច្ចប្រជុំនាពេលនេះ ផ្ដោតសំខាន់លើការពិភាក្សាចំពោះការអនុវត្តវិធីសាស្ត្របច្ចេកវិទ្យាឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងជាការចងក្រងទិន្នន័យ និងលទ្ធផលការងារសម្រាប់ដាក់ជូនកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

បើតាមតំណាងក្រុមការងារបានបង្ហាញថា កិច្ចប្រជុំនាពេលនេះ ផ្ដោតសំខាន់លើគម្រោងសាកល្បងនៅតំបន់ផាប់ស្ទ្រីត និងតាមដងស្ទឹងសៀមរាប ដើម្បីជំរុញឱ្យភ្ញៀវទេសចរដើរកម្សាន្តលើសពីតំបន់ផាប់ស្ទ្រីត បង្កើនភាពទាក់ទាញនៅតំបន់ជុំវិញ ជាពិសេសដងស្ទឹងសៀមរាប ដែលជាទីតាំងគម្រោងសាកល្បង។ គម្រោងនេះ ជាការពង្រីកភាពរស់រវើកនៃតំបន់ផាប់ស្ទ្រីត ជំរុញការដើរកម្សាន្តក្នុងក្រុងឱ្យកាន់តែទូលំទូលាយជាងមុន និងគាំទ្រដល់ការស្នាក់នៅថែមមួយទៀត។ ជារួមសកម្មភាពនីមួយៗ ធ្វើឡើងដោយកិច្ចការរួមគ្នា ដែលផ្សំដោយការដោះស្រាយឆ្លាតវៃ និងគំនិតផ្ដួចផ្ដើមមិនឌីជីថល និងដែលមានសង្គតិភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនៃខេត្តសៀមរាប។

ក្រៅពីនោះ សម្រាប់កាលវិភាគអនុវត្តសកម្មភាពបណ្ដោះអាសន្ន ដែលយើងមានគម្រោងសាកល្បងចំនួន៨ ហើយពេលវេលាដំណើរការដេញថ្លៃនឹងធ្វើឡើងខុសៗគ្នាសម្រាប់សាកល្បងនីមួយៗ រួមមាន៖ ការតាមដានលំហូរមនុស្ស, ការផ្សព្វផ្សាយកិត្តិនាមតាមរយៈបណ្ដាញសង្គម, វិធីសាស្ត្រធ្វើឱ្យដងស្ទឹងមានភាពបៃតង, ការលើកកម្ពស់ចរាចរណ៍ទីក្រុង, ផ្លាកសញ្ញាឌីជីថល, ការប្រើប្រាស់ទីធ្លាសាធារណៈ, ការឆ្លើយតបអគ្គីភ័យបឋម និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ។

តំណាងក្រុមការងារក៏បានបង្ហាញទៀតថា ដើម្បីឱ្យសម្រេចបានតាមការគ្រោងទុក ពិតណាស់យើងទាមទារឱ្យមានការពង្រឹងលើការងារសន្តិសុខ និងផាសុកភាព នៃតំបន់សំខាន់ៗទាំង២ ទាំងតំបន់ផាប់ស្ទ្រីត និងដងស្ទឹង ជំរុញធ្វើយ៉ាងណាភ្ជាប់ទីតាំងនានាចូលគ្នា តាមរយៈការថ្មើរជើង។ ជាមួយគ្នានេះយើងក៏ជឿជាក់ថា គម្រោងនេះនឹងជួយឱ្យតំបន់ផាប់ស្ទ្រីត មានសុវត្ថិភាពជាមុន ងាយស្រួលដើរជាងមុន និងរីករាយជាងមុន ជាមួយនឹងការប្រើប្រាស់ទីធ្លាសាធារណៈបានកាន់តែល្អប្រសើរឡើង។ ចំពោះដងស្ទឹងសៀមរាប ក៏នឹងមានភាពទាក់ទាញ ភាពងាយស្រួល និងបទពិសោធរបស់អ្នកទស្សនាកាន់តែល្អប្រសើរឡើង ដោយដាក់ទីតាំងដងស្ទឹងជាមជ្ឍមណ្ឌលសកម្មភាពទីក្រុងឆ្លាតវៃ។

លោក យុន លីនណេ អភិបាលរងខេត្ត បានមានប្រសាសន៍ថា គម្រោងទីក្រុងឆ្លាតវៃពិតជាមានសារៈសំខាន់ណាស់ ក្នុងការប្រែក្លាយខេត្តសៀមរាប ឱ្យទៅជាគោលដៅទេសចរណ៍ដ៏ទំនើប និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ គម្រោងជំហានទី២នេះ ផ្ដោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងបញ្ហាទីក្រុង ជាអាទិ៍ដូចជា៖ ការគ្រប់គ្រងសំណល់ និងបរិស្ថាន, ការសម្រួលចរាចរណ៍ និងសុវត្ថិភាពសាធារណៈ និងជាការបង្កើតប្រសិទ្ធភាពសេវាសាធារណៈជូនពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ។

លោក យុន លីនណេ បន្តថា ចំពោះការត្រៀមលក្ខណៈឱ្យបានហ្មត់ចត់សម្រាប់កិច្ចប្រជុំ JCC ខាងមុខ គឺជាជំហានគន្លឹះ ដើម្បីធានាថាការអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃក្នុងខេត្តសៀមរាប នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ទីក្រុង។ ក្នុងន័យនេះ ក៏សូមឱ្យអ្នកពាក់ព័ន្ធក្នុងខេត្ត ជាពិសេសដៃគូសហការ ចូលរួមក្នុងការអនុវត្តគម្រោងនេះឱ្យទទួលបានជោគ ព្រោះដើម្បីខេត្តសៀមរាបយើងទាំងមូល។ ជាមួយគ្នានេះ ដើម្បីសម្រេចឱ្យបានតាមការគ្រោងទុក រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសក្រុមការងារ JICA ដើម្បីជំរុញគម្រោងនេះ ឱ្យស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា៕SRP

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 2.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២៦

ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ក្នុងគោលបំណងកៀរគរធនធានឧបត្ថម្ភដល់កងកម្លាំងជួរមុខក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលជួបជាមួយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តដើម្បីពិភាក្សាពីការត្រៀមរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ក្នុងគោលបំណងកៀរគរធនធានឧបត្ថម្ភដល់កងកម្លាំងជួរមុខក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

បើតាមបទបង្ហាញរបស់ លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានឱ្យដឹងថា ការរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ធ្វើឡើងដើម្បីបង្កើននូវស្មារតីសាមគ្គីជាតិចូលរួមគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងគាំទ្រដល់វីរកងទ័ពការពារទឹកដី។

លោក បូរ ពុធរាត្រី បានឱ្យដឹងបន្ថែមថា កម្មវិធីនេះក៏ជាព្រឹត្តិការណ៍មួយជួយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងកាន់តែច្រើនឡើង ព្រមទាំងជួយផ្សព្វផ្សាយ គាំទ្រដល់ផលិតផលខ្មែរ និងតម្លៃវប្បធម៌ជាតិ ព្រមទាំងលើកកម្ពស់សកម្មភាពកីឡាចូលរួមរត់កម្សាន្តសប្បាយ។

លោក បូរ ពុធរាត្រី ឱ្យដឹងទៀតថា កម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ រត់ដើម្បីទេសចរណ៍ រត់ដើម្បីសប្បុរសធម៌ ធ្វើឡើងដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាព និងប្រាក់ចំណូលប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម សុខ លូ បានបង្ហាញការគាំទ្រយ៉ាងពេញលេញក្នុងការរៀបចំឱ្យមានកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ដើម្បីកៀរគរថវិកា និងសម្ភារជួយឧបត្ថម្ភដល់កងកម្លាំងជួរមុខ។

ឯកឧត្តម សុខ លូ បានបង្ហាញការរំពឹងថា កម្មវិធីនេះនឹងមានអ្នកចូលរួមយ៉ាងច្រើនកុះករ និងប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងភាពសប្បាយរីករាយផ្សារភ្ជាប់ជាមួយសកម្មភាពមនុស្សធម៌។

សូមបញ្ជាក់ថា កម្មវិធីរត់ដើម្បីសប្បុរសធម៌គ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះនៅក្នុងក្រុងបាត់ដំបង ហើយការចុះឈ្មោះចូលរួម អាចធ្វើការចុះឈ្មោះដោយផ្ទាល់ ឬតាមរយៈតំណភ្ជាប់បរិច្ចាគដោយសប្បុរសធម៌ ខណៈអ្នកចូលរួមទទួលបានអាវយឺត លេខសម្គាល់ និងការទទួលទានទឹកសុទ្ធ ឬទឹកផ្លែឈើដោយឥតគិតថ្លៃ។ថវិកា និងសម្ភារដែលទទួលបានពីការបរិច្ចាគនឹងត្រូវយកទៅជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២៦

សម្តេចតេជោ៖ ការវះកាត់របស់គ្រូចិនពេទ្យថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យ

សម្ដេចតេជោហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះបានបង្ហោះសារពីប្រទេសចិន ដែលមានខ្លឹមសារអត្ថន័យដើមទាំងស្រុង៖

ថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទី គោរពសក្ការៈបងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ពេលនេះខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនសូមទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិថាការវះកាត់របស់គ្រូចិនពេទ្យថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។
ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ។

ពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គសូមអរព្រះគុណ និងអរគុណចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយព្រះពរចំពោះព្រះអង្គ។

ខ្ញុំសូមយកឱកាសនេះអរគុណប្រធានាធិបតីសុី ជីនភីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យនិងសុវត្ថិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រលាញ់របស់ប្រជាជនកម្ពុជា។

សម្រាប់ខ្ញុំព្រះករុណា និងកូនប្រុសពីរនាក់ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី បានមកដល់ប៉េកាំងតាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ ដែលមានគោលដៅតែមួយគត់គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រគឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។

ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ ខ្ញុំព្រះករុណានឹងត្រឡប់ទៅប្រទេសវិញនៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២៦

ឆ្លងចេត្រ សម្លឹងមុខឌឺដងគ្នា ចេញមកក្រៅវាយគ្នាប្រាវ
ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនក្មេងទំនើងចំនួន៧នាក់

ខេត្តសៀមរាប៖កម្លាំងផែននគរបាលព្រហ្មទណ្ឌខេត្តសៀមរាបសហការជាមួយនគរបាលស្រុកជីក្រែងបានស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន ៧ នាក់ (ពីរក្រុមផ្សេងគ្នា) បានបង្កអំពើហិង្សា នៅចំណុចផ្លូវកៅស៊ូ ក្នុងស្រុកជីក្រែង។

នគរបាលខេត្តសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ បានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ (២ក្រុមផ្សេងគ្នា) រួមមាន៖
១- ឈ្មោះ លុន សុលីន ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរ បើករថយន្តដឹកគ្រឿងទេស (គ្មានប្រវត្តិទោស)
២- ឈ្មោះ លុន វុទ្ធី ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ បើករថយន្តដឹកគ្រឿងសំណង់ (គ្មានប្រវត្តិទោស)
៣- ឈ្មោះ លន់ សុឃីម ភេទប្រុសអាយុ១៨ ឆ្នាំ មុខរបរ ជាងកាត់សក់ (គ្មានប្រវត្តិទោស)
៤- ឈ្មោះ ខេង ឃា ភេទប្រុសអាយុ២០ឆ្នាំមុខរបរ បុគ្គលិករោងពុម្ព (គ្មានប្រវត្តិទោស)
៥- ឈ្មោះ សាន សីហា ភេទប្រុសអាយុ១៦ ឆ្នាំ មុខរបរ កម្មករសំណង់ (គ្មានប្រវត្តិទោស)
៦- ឈ្មោះ ងួន ប៊ុនណាត ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរ សិស្សថ្នាក់ទី ៨ (គ្មានប្រវត្តិទោស)
៧- ឈ្មោះ ស៊ី សុសាន ហៅ សើម ភេទប្រុសអាយុ ១៩ ឆ្នាំ មុខរបរកសិករ (គ្មានប្រវត្តិទោស) (រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។

នគរបាលបានបន្តថា អំពើហិង្សានេះ មូលហេតុបណ្ដាលមកពីការសម្លឹងមុខឌឺដងគ្នា ក្នុងអំឡុងពេលចូលរួមពិធីឆ្លងចេត្រ នៅចំណុចស្ពាននាគ (ស្ពានបុរាណ) ស្ថិតនៅភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ហើយបន្ទាប់ពីកម្មវិធីបញ្ចប់ ពួកគេបានជិះម៉ូតូជាក្រុមៗ ហើយក៏កើតមានអំពើហិង្សាទៅវិញទៅមក ត្រូវបានប្រជាពលរដ្ឋថតវីដេអូ បង្ហោះតាមបណ្ដាញសង្គមតែម្ដង។

នគរបាលបានបន្ថែមថា ក្នុងប្រតិបត្តិការនេះ ដករហូតវត្ថុតាងបានពីកន្លែងកើតហេតុ រួមមាន៖ ដុំឥដ្ឋ ២ ដុំ, ដុំដី១ ដុំ, អាវម៉ូតូខូច ១គូ និងកញ្ចក់ម៉ូតូ ១។

កម្លាំងសមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ ដោយលទ្ធផលឃើញវិជ្ជមានម្នាក់
គឺឈ្មោះ ខេង ឃា។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនអនុវត្តតាមច្បាប់បន្តទៀត។

សូមបញ្ជាក់ថាអំពើហិង្សាក្មេងទំនើងបង្កហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយសហចារី និងប្រើប្រាស់អាវុធ (ហិង្សាទៅវិញទៅមក) នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង កាលពីវេលាម៉ោង១៨ ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៦។

សូមជម្រាបថាប្រតិបត្តិការនេះដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕SRP

Like 199
Comment 0
Share ចែកចាយ
Views 71.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២៦

ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃសៅរ៍ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០និងនាទី ព្រឹក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាក្មេងទំនើងចំនួន ០៥នាក់ ដូចខាងក្រោម៖
១-ក្រុមទី១ ឈ្មោះ DR ចំនួន ០៣នាក់ (មានសារធាតុញៀន វិជ្ជមានចំនួន ០២នាក់)
២-ក្រុមទី២ គ្មានឈ្មោះ ចំនួន ០២នាក់ (តេស្ដសារធាតុញៀន អវិជ្ជមាន)។

  • ពាក់ពន្ធ័ករណី :
    -ក្រុមទី១ DR “ ហិង្សាដោយចេតនាមានស្ថានទម្ងន់ (គប់ដុំឥដ្ឋ) និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ។
    -ក្រុមទី២ “ ហិង្សាដោយចេតនាមានស្ថានទម្ងន់ (គប់ដុំឥដ្ឋ) និងធ្វើអោយខូចខាតដោយចេតនា។

យោង :
តាមរយៈបណ្តឹងបរិហារ វីដេអូដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវថតបានសកម្មភាពក្មេងទំនើងដេញវាយ និងគប់គ្នាយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវជាតិលេខ៦ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៦:៣០នាទី ប្រព្រឹត្តនៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្រោយទទួលបានព័ត៌មានភ្លាម និងបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោស្នងការ ហួត សុធី បានចាត់កម្លាំងសមត្ថកិច្ចយើងចុះស្រាវជ្រាវ រហូតនាំខ្លួនបាន ០៥នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

ចម្លើយសារភាព៖
បន្ទាប់ពីសាកសួរចប់ ក្មេងទំនើងទាំងនោះបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព (ដេញវាយ និងគប់គ្នាដោយដុំឥដ្ឋ និងមួកសុវត្ថិភាពទៅវិញទៅមក) ប្រាកដមែន ដោយសារខឹងមើលមុខ រាំឌឺដងដាក់គ្នាពេលកំពុងជិះម៉ូតូក្នុងកម្មពិធីដង្ហែព្រះជុំវិញផ្សារដំដែក។

ដកហូតវត្ថុតាង
-ដុំឥដ្ឋប្រវែង ១៤សម ទទឹង ៨សម ចំនួន ០១។
-មួកសុវត្ថិភាពចំនួន ០១ ពណ៌ខ្មៅ។

សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាងទៅការិយាល័យជំនាញដេីម្បីបន្តនិតីវិធី៕SRP

Like 255
Comment 0
Share ចែកចាយ
Views 1267.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២៦

ខេត្តសៀមរាបមានភ្ញៀវទេសចរជាង ១លាន មកទស្សនាកម្សាន្ត រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ

ខេត្តសៀមរាប៖‌‎ក្នុងរយៈពេល៣ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពិសេសព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានអ្នកទេសចរមកលេងកម្សាន្តប្រមាណជាង ១,៨៤២,៤៣៨ នាក់ក្នុងនោះ ៖
*ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ សរុប មានចំនួនប្រមាណ ១,៨៣៧,០០០ នាក់
*ភ្ញៀវទេសចរបរទេស មានចំនួន ៥,៤៣៨ នាក់

សូមជម្រាបថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៦នេះ ប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានការរៀបចំកម្មវិធីជាច្រើន រួមមានពិធីសាសនា កម្មវិធីតាំងបង្ហាញវត្ថុសិល្បៈនានា និងកម្មវិធីកម្សាន្តជាច្រើនផងដែរ ជាពិសេស ការប្រណាំងទូកផ្កាចារ ទូកនាគ និងទូក-ង លក្ខណៈមិត្តភាព នៅដងស្ទឹងសៀមរាប បានក្លាយជាផ្ទាំងទស្សនីភាពមួយ ដែលមានភាពទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាកម្សាន្តឲ្យបានច្រើនកុះករ ។ ក្រៅពីការកម្សាន្តនៅសៀមរាបសង្ក្រាន្ត ក្នុងក្រុងសៀមរាប បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានអញ្ជើញទៅទស្សនាកម្សាន្តនៅតាម រមណីយដ្ឋានវប្បធម៌ ប្រាង្គប្រាសាទនានា រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន និង រមណីយដ្ឋានកែច្នៃ ដែលមាននៅក្នុងភូមិ សាស្ត្រខេត្តសៀមរាបទៀតផង៕SRP

Like 198
Comment 0
Share ចែកចាយ
Views 12.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២៦

សម្ដេចតេជោហ៊ុន សែន រម្លឹក៥១ឆ្នាំមុន ពេលនេះម៉ោងនេះ កំពុងសន្លប់មិនដឹងខ្លួនដោយរបួសធ្ងន់ភ្នែកឆ្វេង

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នៅថ្ងៃនេះបានរំលឹកកាលពីជាង៥០ឆ្នាំមុន ដែលសម្ដេចត្រូវរបួសធ្ងន់ ឯមិត្តជិត៣០នាក់បានពលីជីវិត។

ក្នុងសាររបស់សម្ដេចតេជោហ៊ុន សែន បានសរសេរក្នុងន័យដើមទាំងស្រុងថា៖ ៥១ឆ្នាំមុនពេលនេះម៉ោងនេះខ្ញុំកំពុងសន្លប់មិនដឹងខ្លួននៅឡើយបន្ទាប់ពីត្រូវរបួសធ្ងន់(ភ្នែកឆ្វេង)ប្រមាណម៉ោង៦ព្រឹកថ្ងៃ១៦មេសា១៩៧៥។

សម្ដេចតេជោបានសរសេរបន្តថា មុខព្រួញដែលដឹកនាំបញ្ជាដោយខ្ញុំផ្ទាល់ត្រូវស្លាប់និងរបួស៣៨នាក់រាប់ទាំងរូបខ្ញុំជាមេបញ្ជាការផង។ សំណាងល្អជីវិតខ្ញុំនៅរស់តែមិត្តខ្ញុំជិត៣០នាក់បានពលីជីវិតរួចទៅហើយ។ សង្គ្រាមគឺបែបនេះហើយដែលយើងមិនចង់ជួបវាទៀតទេ។

សូមចាក់ផ្សាយឡើងវិញចម្រៀង២បទដែលមានចំណងជើងថា(ធ្លាក់ខ្លួនពិការដោយសារសង្គ្រាម)និងបទ(យល់ខុសគិតខុស)។ ជូនពរជនរួមជាតិជួបតែសេចក្ដីសុខសេចក្ដីចម្រើនក្នុងឆ្នាំថ្មីនេះ៕SRP

Like 198
Comment 0
Share ចែកចាយ
Views 5.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២៦

ចាប់ខ្លួនជនដៃដល់ដែលនាំក្មេងប្រុសអាយុ៥ឆ្នាំ យកទៅអាករសម្លាប់

ខេត្តសៀមរាប៖ជនដៃដល់ដែលនាំក្មេងប្រុសអាយុ ៥ឆ្នាំយកទៅអាករសម្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព។

នគរបាលខេត្តសៀមរាបបានឱ្យដឹងថាជនដៃដល់ឈ្មោះឆេន សុខ អាយុ២៨ ឆ្នាំ (ជាអតីតបងថ្លៃរបស់គ្រួសារសព) មុខរបរស៊ីឈ្នួលបើករថយន្តស្ទួច ទីកន្លែងកំណើតភូមិព្រៃទួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្នភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ឯកុមាររងគ្រោះឈ្មោះ ដួង ពេជ្ជរ៉ា អាយុ៥ឆ្នាំត្រូវបានជនដៃដល់ យកទៅលាក់ក្នុងប្រឡាយមួយមានព្រៃល្បាស់ ប្រហែល ១០០ម៉ែត្រ ខាងត្បូវផ្លូវគ្រួសក្រហមមានបង្កោលភ្លើង (ធំ) បត់ចេញពីផ្លូវកែវសារ៉ាន់ ស្ថិតនៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានរៀបរាប់ថា ខ្លួនពិតជាបានបោកបញ្ឆោតកុមារនាំទៅតំបន់ដាច់ស្រយាលក្នុងវាលស្រែបន្ទាប់មកប្រើកាំបិតចាក់និងអារកសម្លាប់យ៉ាងព្រៃផ្សៃ រហូតបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុស្តិតក្នុងភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគងតែម្ដង។ ជនដៃដល់ខឹងសម្បារ និងគំនុំផ្ទាល់ខ្លួន ថាម្តាយសពបានបង្ហាញរឿងសម្ងាត់របស់ខ្លួនទៅប្រពន្ធ បណ្តាលឲ្យគ្រួសារខ្លួនបែកបាក់ ទទើបមានគំនុំទៅជាអំពើឃាតកម្មដ៏អាក្រក់បំផុតនេះ។

នគរបាលបានបន្តថា វត្ថុតាងដែលដកហូតបាន រួមមាន ម៉ូតូ០១ គ្រឿង និងទូរស័ព្ទដៃ ០១ គ្រឿង។ ជនដៃដល់ករណីឃាតកម្ម គិតទុកជាមុននេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅថ្ងៃទី១៦ ខែមេសា ដើម្បីចាត់ការផ្តន្ទាទោសជនល្មើសតាមផ្លូវច្បាប់។

សូមជម្រាបថាហេតុការណ៍នៅវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៦ បន្ទាប់ ពីទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹងករណីបាត់ខ្លួនក្មេងប្រុសអាយុត្រឹមតែ៥ ឆ្នាំ ក្នុងស្រុកប្រាសាទបាគង និងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាលស្រុកប្រាសាទបាគង
រួមជាមួយអាវុធហត្ថបានបើកការស្រាវជ្រាវ យ៉ាងម៉ត់ចត់ រហូតកំណត់បង្ហាញបានថា ករណីនេះ មិនមែនជាករណីបាត់ខ្លួនឡើយ តែជាករណី ឃាតកម្មឈានដល់ការចាប់ខ្លួនជនដៃដល់៕SRP

Like 198
Comment 0
Share ចែកចាយ
Views 139.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២៦

អ្នកនាំពាក្យក្រសួងការពារជាតិ សម្តែងនូវការខកចិត្តយ៉ាងខ្លាំង និងសូមបដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃជាបន្តបន្ទាប់ ដែលថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដោយនេះជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិតក្នុងចេតនា ដើម្បីបង្កការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ថៃបានបិទច្រកព្រំដែនដោយឯកតោភាគី ដូច្នេះប្រសិនបើចង់បើកឡើងវិញ វាក៏ជាការទទួលខុសត្រូវរបស់ថៃក្នុងការបើកឡើងវិញជាឯកតោភាគីផងដែរ ហើយកម្ពុជាតែងតែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបដោយសមស្រប និងត្រឹមត្រូវ។

ក្នុងន័យនេះ សូមសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្ន ចៀសវៀងការចាញ់បោកបញ្ឆោតព័ត៌មានមិនពិតនិងក្លែងក្លាយទាំងនេះ ដោយធ្វើការផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាប ជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិនៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦៕SRP

Like 197
Comment 0
Share ចែកចាយ
Views 3.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២៦

‎រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដើម្បីទទួលសិរីសួស្តី នៅសួនជ្រឹងជាប់ព្រះវិហារព្រះចេកព្រះអង្គចម

រដ្ឋបាលខេត្តសៀមរាប ‎នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៥នាទី ត្រូវនឹងវារៈមហាសង្ក្រាន្ត បានរៀបចំពិធីសូត្រជ័យន្តោចម្រើនព្រះបរិត្ត និងទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅសួនជ្រឹង ខាងជើងព្រះវិហារព្រះអង្គចេក ព្រះអង្គចម ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។
‎
‎ក្នុងពិធីនេះ ថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូល បានឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី សូមប្រោសប្រសិទ្ធពរជ័យសុខចម្រើន សិរីសួស្តី សុភមង្គលា វិបុលសុខ និង សព្វសាធុការពរគ្រប់ប្រការ ជូនដល់ជនរួមជាតិខ្មែរគ្រប់ៗរូបគ្រប់ៗក្រុមគ្រួសារនិងសូមប្រសិទ្ធិពរជ័យជូនដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងដ៏អង់អាចក្លាហានការពារបូរណភាពទឹកដី សូមជួបប្រទះតែនឹងសុខសុវត្ថិភាព និងសូមឱ្យប្រទេសកម្ពុជាមានសន្តិភាពយូរអង្វែង។ ឆ្នាំថ្មីនេះទេវតាបានយាងចុះនៅ វេលាម៉ោង១០និង៤៨នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃចូលឆ្នាំឬហៅថាវារៈមហាសង្ក្រាន្ត ។ ថ្ងៃពុធ១៣រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសាគ.ស.២០២៦ ជាវារៈវ័នបត និង ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.២០២៦ ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ។
‎
‎ក្នុងសេចក្តីបរិយាយរបស់លោកអាចារ្យ បានផ្តល់ជាសារដល់សាធុជនប្រុសស្រីនៅក្នុងឱកាសចូលឆ្នាំថ្មី សូមបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ ត្រូវខិតខំលះបង់ចិត្តអាក្រក់អន្យតិរី្ថយជាចិត្តអប្រិយ៍ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា បរិច្ចាគធនធានធ្វើបុណ្យទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មី នេះតរៀងទៅ។
‎
‎ដូចឆ្នាំមុនៗដែរ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ នៅខេត្តសៀមរាបក៏មានរៀបចំព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត នៅតាមបណ្តោយដងស្ទឹងក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ខែ មេសា ឆ្នាំ២០២៦ផងដែរ ក្រោមកិច្ចសហការរបស់ រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។ សូមជំរាបផងដែរថា៖ជារៀងរាល់ពេលចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតាមគេហដ្ឋាននីមួយៗរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ តែងតែបានរៀបចំរណ្តាប់ពលិកាទៅតាមក្បួនតម្រានៃគម្គីដែលបុរាណបានចងក្រងទុក ហើយក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចូលមកដល់ ក៏ជាការជួបជុំនៃគ្រួសារខ្មែរ បងប្អូនញាតិសន្តាន និងប្រារព្ធធ្វើពិធីផ្សេងៗទៅតាមបែបព្រះពុទ្ធសាសនា ផងដែរដូចជា ការរៀបចំបាយទឹកជូនមាតាបិតា ចាស់ព្រឹទ្ធាចារ្យ យកចង្ហាន់ទៅវត្ត ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ និង លេងល្បែងប្រជាប្រិយ រាំកម្សាន្តសប្បាយនៅតាមមូលដ្ឋាន និងវត្តវ៉ាអារាមនានាទៀតផង៕SRP

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 198
Comment 0
Share ចែកចាយ
Views 4.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២៦

សម្ដេចតេជោហ៊ុន សែន៖ របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ

តើហាមទេវតាមិនឲ្យចុះមកបានទេ?តើហាមប្រជាជនមិនឲ្យចូលឆ្នាំបានទេ?បើកម្ពុជាពេលនេះមិនមានជម្ងឺឆ្លងកូវីដ១៩ដូចឆ្នាំ២០២០ផងនោះ។

យើងទទួលស្គាល់ថាយើងនៅមានការលំបាកតាមព្រំដែនជាមួយថៃលើផ្នែកមួយនៃដែនដីនិងពេលវេលាដែលជាការលំបាករបស់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែននិងប្រជាជនភៀសសឹកមួយចំនួនដែលយើងបានជួយឲ្យពួកគាត់មានឱកាសបានចូលឆ្នាំផងដែរ។

សម្រាប់ប្រជាជនជាង១៧លាននាក់ផ្សេងទៀតតើទុកឲ្យពួកគាត់នាំគ្នាស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គមឬយ៉ាងណា?ដូចជាការបិទផ្សារ បិទការលក់ដូរ បិទធនាគារបិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។រហូតទៅបិទមិនឲ្យប្រជាជនសប្បាយរីករាយក្នុងពេលចូលឆ្នាំឬយ៉ាងណា?

ពួកជ្រុលនិយមទិទៀនរាជរដ្ឋាភិបាលដែលរៀបចំនគរសង្រ្កានដោយគេចោទរាជរដ្ឋាភិបាលថាមិនបានគិតដល់ការលំបាករបស់កងទ័ពនិងប្រជាជនភៀសសឹកដែលជាចេតនាធ្វើឲ្យជាតិទាំងមូលធ្លាក់ចូលក្នុងស្ថានភាពពិការដែលគ្មានសកម្មភាពសេដ្ឋកិច្ចសង្គមដែលខ្ញុំប្រៀបធៀបថា(របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណនោះឡើយ)។

សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃមកនេះនិងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះវាស្មើនិងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ។

សូមគោរពអញ្ជើញអ្នកប្រឆាំងនិងការចូលឆ្នាំមកសប្បាយរីករាយក្នុងពេលចូលឆ្នាំទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស។ សូមកុំខ្មាស់អៀនអីគ្រាន់តែគិតខុសនិងសកម្មភាពខុសដែលនាំដល់ខ្លួនខាតប៉ុណ្ណោះព្រោះបើធ្វើប្រឆាំងហើយត្រូវប្រឆាំងគ្រប់មុខទាំងអស់៕SRP

Like 198
Comment 0
Share ចែកចាយ
Views 3.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មេសា ២០២៦

ឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ និងបក្សពួក ផឹកស៊ីចាក់ធុងបាសរំខាន ប្រើអំពើហិង្សាលើមន្ត្រីពេលចុះណែនាំ

ភ្នំពេញ៖នគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនបុរស៣នាក់ដែលប្រើហិង្សាលើសមត្ថកិច្វនិងអាជ្ញាធរមូលដ្ឋានខណៈសមត្ថកិច្ចចុះណែនាំកុំឲ្យផឹកស៊ីចាក់ធុងបាសរំខានដល់អ្នកជិតខាងនៅពេលយប់ជ្រៅ។

សមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង ១២និង៣០នាទី យប់អធ្រាត្រ ឈានចូលថ្ងៃទីថ្ងៃទី១៣ខែមេសាឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន៣ នាក់ ក្នុងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាវាយទៅលើសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបណ្ដាលឲ្យរងរបួស ២នាក់) នៅចំណុចមុខផ្ទះលេខ៥៨ ផ្លូវ៤២០ក្រុម១៣ភូមិ៤សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន៣នាក់រួមមាន៖
1/ឈ្មោះ អុំ បូរ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ អ្នកសារពត៌មាន(គ្មានសារធាតុញៀន) 2/ ឈ្មោះពុត សារុន ប្រុស អាយុ៣៦ឆ្នាំមុខរបរអ្នកដឹកជញ្ជូន(គ្មានសារធាតុញៀន) និង
3/ ឈ្មោះ ពុត សារ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី (គ្មានសារធាតុញៀន) ។ជនសង្ស័យទាំង៣នាក់បច្ចុប្បន្នស្នាក់នៅចំណុចមុខផ្ទះលេខ៥៨ ផ្លូវ៤២០ក្រុម១៣ភូមិ៤សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កើតហេតុខាងលើ។
-បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់បានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 13.4K
Sponsored
Sponsored
Older posts
Page1 Page2 … Page660 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំបច្ចេកទេសពន្លឿនគម្រោងទីក្រុងឆ្លាតវៃ ជំហានទី២ ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំ JCC នាពេលខាងមុខ អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំបច្ចេកទេសពន្លឿនគម្រោងទីក្រុងឆ្លាតវៃ ជំហានទី២ ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំ JCC នាពេលខាងមុខ ចុះផ្សាយថ្ងៃទី ២០ មេសា ២០២៦
ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ក្នុងគោលបំណងកៀរគរធនធានឧបត្ថម្ភដល់កងកម្លាំងជួរមុខក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ក្នុងគោលបំណងកៀរគរធនធានឧបត្ថម្ភដល់កងកម្លាំងជួរមុខក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ចុះផ្សាយថ្ងៃទី ២០ មេសា ២០២៦
សម្តេចតេជោ៖ ការវះកាត់របស់គ្រូចិនពេទ្យថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យ សម្តេចតេជោ៖ ការវះកាត់របស់គ្រូចិនពេទ្យថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យ ចុះផ្សាយថ្ងៃទី ២០ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×