អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់មន្ត្រីកុំឱ្យមានករណីស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបន្តតាមដានឱ្យបានដិតដល់កុំឱ្យមានករណីស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន។
ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងត្រូវពង្រឹងការបង្រ្កាបគ្រឿងញៀន ក្មេងទំនើង ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅតាមមូលដ្ឋាន។
ឯកឧត្តម ដាស់តឿនអាជ្ញាធរ ក្រុង ស្រុកត្រូវបង្កើនការយកចិត្តទុកដាក់អន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិឱ្យបានទាន់ពេលវេលា ខណៈរដូវវស្សាជិតចូលមកដល់ភ្លៀងលាយឡំខ្យល់កន្រ្តាក់កើតឡើងជាបន្តបន្ទាប់។
ឯកឧត្តមអភិបាលខេត្តបានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានខិតខំការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តបាត់ដំបងក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងបានយ៉ាងល្អប្រសើរ។
ឯកឧត្តម សុខ លូ ណែនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយនគរបាលចរាចរណ៍គិតគូរសិក្សាដាក់ផ្លាកសញ្ញា កែសម្រួលសញ្ញាចរាចរណ៍ និងគូសគំនូសតាមដងផ្លូវដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លើកកម្ពស់សុវត្ថិភាពតាមដងផ្លូវ ព្រមទាំងបង្រ្កាបរថយន្តកែច្នៃតទ្រុងខុសបច្ចេកទេសដឹកសំពីងសំពោងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។
ឯកឧត្តម លើកទឹកចិត្តដល់មន្រ្តីរាជការ និងកងកម្លាំងចូលរួមក្នុងកម្មវិធីរត់ដើម្បីសប្បុរសធម៌ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង ដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។
បើតាមរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បញ្ជាក់ឱ្យដឹងថា សភាពការណ៍ជារួមទាំងនៅក្នុងខេត្ត និងតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់ ពុំមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់ ដោយរក្សាបាននូវបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ។ បទល្មើសគ្រប់ប្រភេទត្រូវបានបង្ការទប់ស្កាត់ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមច្បាប់។ យុទ្ធនាការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាonline scams ត្រូវបានប្រតិបត្តិការបង្ក្រាបទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព៕SRP

