ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សាងសង់បាន៨៧,៥% គ្រោងបញ្ចប់ ក្នុងខែមីនាឆ្នាំ២០២១

ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថាស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧,៥% គម្រោងនឹងរួចរាល់មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ២០២១ (កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១) ហើយស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។ ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។សូមបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប ១.១៣១ ម៉ែត្រ និងទទឹង១៣,៥០ ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ដោយបើកការដ្ឋានកាលពីថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមវត្តមានរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី។

ស្ពាននេះគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨ លាន ដុល្លារសហរដ្ឋអាមេរិក នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ៕SRP