រដ្ឋមន្ត្រី ហួត ហាក់៖ ការតភ្ជាប់គោលដៅទេសចរណ៍ពីសៀមរាប-អង្គរ ទៅកាន់តំបន់ទេសចរណ៍នានា គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងនៃទេសចរណ៍កម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការជំរុញការតភ្ជាប់គោលដៅទេសចរណ៍ពីតំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់គោលដៅទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា» ក្រោមប្រធានបទ «អភិវឌ្ឍផលិតផលទេសចរណ៍ និងការផ្សព្វផ្សាយរួមគ្នា ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា» ព្រមទាំងប្រកាសដាក់ឱ្យអនុវត្តសាកល្បង «កម្មវិធីលក់កញ្ចប់តម្លៃពិសេសសេវាកម្មទេសចរណ៍ ប្រចាំឆ្នាំ២០២៦ នៅខេត្តសៀមរាប (2026 Siem Reap Tourism Service Mega Sale)»។
ពិធីបិទសិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត, លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត, ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី វិស័យឯកជន សមាគមនានាក្នុងឧស្សាហកម្មទេសចរណ៍ប្រតិបត្តិករទេសចរណ៍សរុបប្រមាណ ៥០០នាក់។
សិក្ខាសាលានេះមានគោលបំណងសំខាន់ក្នុងការជំរុញ និងបង្កើនល្បឿននៃការតភ្ជាប់ចរន្តទេសចរពីតំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់គោលដៅទេសចរណ៍នានាទូទាំងប្រទេស តាមរយៈការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ការរៀបចំកញ្ចប់ទស្សនកិច្ចតភ្ជាប់ជាក្រុមតំបន់ (Cluster Destination) និងការធ្វើទីផ្សារ និងផ្សព្វផ្សាយរួមគ្នារវាងរដ្ឋបាលរាជធានី-ខេត្ត សមាគមក្នុងឧស្សាហកម្មទេសចរណ៍ និងវិស័យឯកជន ដើម្បីបង្កើនរយៈពេលស្នាក់នៅ ការចំណាយ និងការធ្វើដំណើររបស់ភ្ញៀវទេសចរទៅកាន់គោលដៅកាន់តែច្រើន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការតភ្ជាប់គោលដៅទេសចរណ៍ គឺជាយន្តការសំខាន់ក្នុងការពង្រីកអត្ថប្រយោជន៍នៃវិស័យទេសចរណ៍ពីគោលដៅសំខាន់ៗទៅកាន់សហគមន៍ និងខេត្តដែលមានសក្តានុពលជាប់ពាក់ព័ន្ធ ដោយជំរុញឱ្យមានកញ្ចប់ទស្សនកិច្ចសម្បូរបែប ប្រកបដោយភាពច្នៃប្រឌិត ទាក់ទាញ និងមានតម្លៃសមរម្យ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមពីការរៀបចំកញ្ចប់ទស្សនកិច្ចជា Cluster Destination ចំនួន៣ រួមមាន៖ កញ្ចប់តំបន់ភាគខាងជើង និងពាយព្យ ដែលរួមមានខេត្តសៀមរាប កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ, កញ្ចប់តំបន់ឆ្នេរសមុទ្រ រួមមានខេត្តកែប កំពត ព្រះសីហនុ និងកោះកុង និងកញ្ចប់តំបន់ភូមិភាគឦសាន រួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។
ក្នុងថេរវេលាដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងកម្មវិធី «2026 Siem Reap Tourism Service Mega Sale» ដើម្បីចូលរួមជំរុញយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង ២០២៦» និងធ្វើឱ្យសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាបកាន់តែមានភាពរស់រវើក ពោលគឺកម្មវិធីនេះផ្តល់ជូនការបញ្ចុះតម្លៃពិសេសពី ១០% ដល់ ៥០% លើសេវាកម្មទេសចរណ៍មួយចំនួន រួមមានការស្នាក់នៅ សេវាកម្មស្ប៉ា និងសេវាកម្មពាក់ព័ន្ធផ្សេងៗ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ បន្តកសាងអត្តសញ្ញាណ និងម៉ាកសញ្ញា (Branding) របស់ខ្លួន បង្កើតទីតាំង Iconic បង្កើនសោភណភាព ភាពស្អាត ភាពបៃតង និងផលិតផលទេសចរណ៍ថ្មីៗ ព្រមទាំងជំរុញការអនុវត្តយុទ្ធនាការ «មួយខែ មួយព្រឹត្តិការណ៍ ឬខេត្តមួយ ព្រឹត្តិការណ៍មួយ» ឱ្យកាន់តែសកម្ម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់សមាគមក្នុងឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ បន្តច្នៃបង្កើត និងធ្វើបច្ចុប្បន្នភាពកញ្ចប់ទស្សនកិច្ចរយៈពេល ១ថ្ងៃ ២ថ្ងៃ និង៣ថ្ងៃ ដើម្បីត្រៀមទទួល និងទាញយកអត្ថប្រយោជន៍ពីព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាពិសេសកិច្ចប្រជុំកំពូលហ្រ្វង់កូហូនី ដែលគ្រោងរៀបចំនៅកម្ពុជានាខែវិច្ឆិកា ឆ្នាំ២០២៦។
ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីកិច្ចសហការរវាងរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ តាមស្មារតី «រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាទទួលផល» គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យបន្តរីកចម្រើន ប្រកបដោយភាពប្រកួតប្រជែង និងចីរភាព៕SRP