ជំនាញរកឃើញទីតាំងស្តារបឹងធម្មជាតិនៅស្រុកគងពិសី ធ្វើអាជីវកម្មដីគ្មានអាជ្ញាប័ណ្ណរ៉ែ

ជំនាញរកឃើញទីតាំងស្តារបឹងធម្មជាតិនៅស្រុកគងពិសី ធ្វើអាជីវកម្មដីគ្មានអាជ្ញាប័ណ្ណរ៉ែ
0

ជំនាញរកឃើញទីតាំងស្តារបឹងធម្មជាតិនៅស្រុកគងពិសី ធ្វើអាជីវកម្មដីគ្មានអាជ្ញាប័ណ្ណរ៉ែ

ករណីសកម្មភាពកាយ និងដឹកជញ្ជូនដីនៅក្នុងភូមិសាស្ត្រឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងស្ថិតក្រោមការពិនិត្យ និងចាត់វិធានការយ៉ាងដិតដល់ពីសំណាក់ស្ថាប័នជំនាញពាក់ព័ន្ធ ជុំវិញការអនុវត្តគម្រោងស្តារបឹងធម្មជាតិ និងការគោរពច្បាប់ស្តីពីការធ្វើអាជីវកម្មរ៉ែ បន្ទាប់ពីមន្ទីរជំនាញរកឃើញថាមានសកម្មភាពល្មើសច្បាប់រ៉ែមួយចំនួន។

​មន្ទីររ៉ែបង្គាប់ឱ្យផ្អាកសកម្មភាពព្រោះគ្មានអាជ្ញាប័ណ្ណ
​យោងតាមលិខិតរបស់មន្ទីររ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ លេខ ០១៧/២៦ រថ.កស ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមការងារជំនាញរបស់មន្ទីរបានចុះពិនិត្យទីតាំងជាក់ស្តែងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។

​លទ្ធផលនៃការចុះពិនិត្យបានរកឃើញថា ទីតាំងអាជីវកម្មដឹកជញ្ជូនដី (ស្ពានទំនប់) របស់លោក ហេង សុភាព ស្ថិតនៅក្នុងតំបន់ទំនប់ទឹកបឹងកក់ ភូមិបឹងកក់ ឃុំព្រះនិព្វាន ស្រុកគងពិសី បាននិងកំពុងដំណើរការដោយគ្មានអាជ្ញាប័ណ្ណធនធានរ៉ែ (លក្ខណៈអនាធិបតេយ្យ)។

ផ្អែកតាមការវាស់វែងរបស់មន្ត្រីជំនាញ៖
​ផ្ទៃដីដែលរងការកាយ៖ មានទំហំ ១៥,៧០០ ម៉ែត្រការ៉េ ​ជម្រៅកាយមធ្យម៖ ៤ ម៉ែត្រ
​មានដីដែលបានកាយ៖ ប្រមាណ ៦២,៨០០ ម៉ែត្រគូប។

​ជុំវិញករណីល្មើសនេះ មន្ទីររ៉ែ និងថាមពល បានចេញលិខិតបង្គាប់ឱ្យផ្អាក និងបិទរាល់សកម្មភាពធ្វើអាជីវកម្មនៅទីតាំងនោះជាបណ្តោះអាសន្ន ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

​ទិដ្ឋភាពផ្លូវច្បាប់នៃគម្រោងស្តារបឹង និងលក្ខខណ្ឌតឹងរឹង ៧ ចំណុច​ដោយឡែក បើក្រឡេកមកមើលទិដ្ឋភាពផ្លូវច្បាប់នៃគម្រោងស្តារបឹងវិញ យោងតាមលិខិតរបស់ក្រសួងធនធានទឹក និងឧតុនិយម លេខ ៣១៣ ធឧ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ចុះហត្ថលេខាដោយ លោក រដ្ឋមន្ត្រី ថោ ជេដ្ឋា បានសម្រេចគោលការណ៍អនុញ្ញាតឱ្យ លោក ហេង សុភាព ធ្វើការស្តារយកអាចម៍ដីក្នុងបឹងចំនួនពីរ រួមមាន៖ បឹងលីងជើង (ទំហំ ៣៣,៩០៣ ហិកតា) និង បឹងកក់ (ទំហំ ៦,២០០២ ហិកតា) ស្ថិតនៅឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីរក្សាទឹកទុកប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

​ទោះជាយ៉ាងណា ការអនុញ្ញាតពីក្រសួងធនធានទឹកនេះ គឺត្រូវធ្វើឡើងក្រោមលក្ខខណ្ឌបច្ចេកទេស និងគតិយុត្តយ៉ាងតឹងរឹងចំនួន ៧ ចំណុច រួមមាន៖
​រៀបចំប្លង់បច្ចេកទេសដីកាយស្តារបឹងលីងជើង ដោយសហការជាមួយមន្ទីរធនធានទឹកខេត្ត។

​សហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ លើកស្លាកផ្សព្វផ្សាយពីគម្រោងឱ្យសាធារណជនបានជ្រាប។

​រៀបចំផែនការកាយបាតបឹង ដោយរំលែកបាតផ្លូវ និងដាំកូនឈើជុំវិញបឹង។
​សហការជាមួយក្រសួង និងមន្ទីរជំនាញចុះពិនិត្យបច្ចេកទេសចាប់ផ្តើម និងដំណើរការដីកាយ។
​អនុវត្តការដកយកអាចម៍ដីតាមស្តង់ដារ និងធ្វើរបាយការណ៍ប្រចាំត្រីមាស។
​ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។
​ការដីកាយស្តារបឹងនេះ មានរយៈពេល ២ ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខា។
​បន្ទាប់ពីទទួលបានគោលការណ៍ពីក្រសួង រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានចាត់វិធានការបន្តភ្លាមៗផងដែរ។ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈលោក សេង គន្ធាប អភិបាលរងខេត្ត (ទទួលបន្ទុកចុះហត្ថលេខាជំនួសអភិបាលខេត្ត) បានចេញលិខិតចារឹកណែនាំទៅដល់មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងលោក ហេង សុភាព ឱ្យអនុវត្តស្របតាមសេចក្តីណែនាំបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យមានប្រសិទ្ធភាពខ្ពស់។
​សន្និដ្ឋានផ្លូវច្បាប់
​ផ្អែកលើអង្គហេតុនៃឯកសារផ្លូវការទាំងអស់ខាងលើ បង្ហាញថា ទីតាំងខាងលើពិតជាទទួលបានគោលការណ៍អនុញ្ញាតឱ្យធ្វើការ «ស្តារបឹង» ពីក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារដ្ឋបាលខេត្តពិតមែន។ ប៉ុន្តែរាល់សកម្មភាពកាយ និងដឹកជញ្ជូនដីយកទៅធ្វើអាជីវកម្ម (លក់ដូរ) គឺដាច់ខាតត្រូវតែបំពេញកាតព្វកិច្ចសុំច្បាប់ ឬសុំអាជ្ញាប័ណ្ណធនធានរ៉ែ ពីក្រសួង ឬមន្ទីររ៉ែ និងថាមពល បន្ថែមទៀត ទើបអាចដំណើរការទៅបានដោយស្របច្បាប់ទាំងស្រុង និងដើម្បីចៀសវាងការចោទប្រកាន់ពីបទធ្វើអាជីវកម្មរ៉ែដោយគ្មានអាជ្ញាប័ណ្ណ៕SRP