អាជ្ញាធរខេត្តបានអះអាងព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ដែលនឹងត្រូវដាក់ដំណើរការនៅឆ្នាំ២០២៣ អាចទាក់ទាញភ្ញៀវទេសចរ តាមគម្រោង នឹងទទួលបានប្រមាណ៩លាននាក់។ នេះតាមគឺជាការលើកឡើងរបស់ លោក លី សំរិទ្ធ អភិ បាលរងខេត្តសៀមរាបក្នុងសន្និសីទសារព័ត៌មានស្តីពី«វឌ្ឍនភាព និង ទិសដៅការងារ បន្តរបស់រដ្ឋបាលខេត្តសៀមរាប» នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ។
លោកលី សំរិទ្ធ បានលើកឡើងថា ព្រលានយន្តហោះក្រុងសៀមរាបថ្មីនេះ គឺមាន ចម្ងាយប្រមាណ៣០គីឡូម៉ែត្រស្ថិតនៅភាគខាងកើតក្រុងសៀមរាបដោយបានដំណើរការ សាងសង់អស់រយៈ ជាង១ឆ្នាំមកហើយ។ លោកបានបញ្ជាក់ថា “យើងមានក្តីសង្ឃឹម ដោយសារ រាជរដ្ឋាភិបាលយើងអនុញ្ញាតឱ្យមានព្រលានយន្តហោះអន្តរជាតិបែបនេះ និងអាចឱ្យ យន្ដហោះចុះចត គ្រប់ប្រភេទបាន។ ខុសពីព្រលានយន្ដហោះសព្វថ្ងៃនេះគឺពេលខ្លះ ទទួល ចុះចតមានកម្រិតសម្រាប់តែយន្តហោះ ធុនមធ្យមនោះទេដែលអាចចុះចតបាន ចំណែក ធុនធំមិនអាចចុះបានទេ”។
អភិបាលរងខេត្ដបានបញ្ជាក់ថា តាមផែនការព្រលានយន្តហោះថ្មីនេះ នឹង សម្រេច ការសាងសង់ឱ្យរួចរាល់នៅឆ្នាំ២០២៣ ហើយអាចនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផងដែរ។ លោករំពឹងថា នៅពេលដែលដាក់ឱ្យដំណើរការព្រលានយន្ដហោះថ្មីនេះ ខេត្តសៀមរាប នឹងមានកំណើនទេសចរកើនដល់ប្រមាណ៩លាននាក់ ដែលព្រលានយន្តហោះ ថ្មីនេះ អាចផ្ដល់សេវាកម្មបានក្នុងចំណោមភ្ញៀវទេសចរដែលបានមកកម្សាន្ដក្នុង ខេត្ដ។
បើតាមអភិបាលរងខេត្ដថា ទិសដៅបន្ត នៅក្នុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្ដបានធ្វើការប៉ាន់ប្រមាណ ក្នុង ចក្ខុវិស័យយ៉ាងទូលំទូលាយ ក្នុងការកំណត់ដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍ ស្របតាមការ រីកចម្រើនសង្គម ដើម្បី ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងរក្សាសណ្តាប់ធ្នាប់ សន្តិសុខ សង្គម បរិស្ថានល្អនិងសេចក្តីថ្លៃថ្នូរ ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ៕SRP