អភិបាលខេត្តកំពង់ចាម ស្នើដល់អ្នកលក់ដូរទាំងអស់កុំឆ្លៀតដំឡើងថ្លៃទំនិញ និងសេវាកម្ម នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលប្រកបរបរលក់ដូរក្នុងខេត្ត កុំឱ្យមានគំនិតឆ្លៀតឱកាសដំឡើងថ្លៃទំនិញ និងសេវាកម្មផ្សេងៗឡើយ ស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ។
ការថ្លែងស្នើបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងាររយៈពេល ៩ខែ ដើមឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានរៀបចំឡើងនៅសាលាខេត្តកំពង់ចាម។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះតាមដាន និងត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំនៅតាមបណ្តារមណីយដ្ឋាននានាទូទាំងខេត្ត។ ឯកឧត្តមបានបញ្ជាក់ធ្ងន់ៗថា ប្រសិនបើពិនិត្យរកឃើញមានករណីអាជីវកររូបណាឆ្លៀតឱកាសតំឡើងថ្លៃទំនិញ ឬសេវាកម្មដោយហួសហេតុពេក អាជ្ញាធរត្រូវអនុវត្តវិធានការក្តៅ ដោយតម្រូវឱ្យបញ្ឈប់ការលក់ដូរនៅទីនោះតែម្តង។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា វិធានការនេះ ធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍ និងសម្រួលដល់បន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកធ្វើបុណ្យទាន និងកម្សាន្តនៅក្នុងខេត្តកំពង់ចាម នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ឱ្យទទួលបានភាពរីករាយ និងក្តីកក់ក្តៅបំផុត៕SRP