កាប់យកម៉ូតូនៅស្រុកអង្គរជុំជិត៤ខែមុន ត្រូវបានបង្ក្រាប
ខេត្តសៀមរាប៖ជនសង្ស័យចំនួនពីរនាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គរជុំសហការជាមួយនគរបាលស្រុកពួកធ្វើការចាប់ខ្លួនករណី អំពើលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) នៅស្រុកអង្គរជុំ កាលពីជិត៤ខែមុន។
នគរបាលខេត្តសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញបានចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ លេខៈ ១១៦នខស/ថ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ចេញដោយលោក ស៊ិន ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ទៅលើមុខសញ្ញាឈ្មោះ វ៉ាន់ លក្ខ ហៅវូច ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ ទីកន្លែងកំណើត និងទីលំនៅមុនពេលចាប់ខ្លួនភូមិត្រីញ័រ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
នគរបាលបានបន្តថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានបន្តចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៨២ ចខស/ថ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ចេញដោយលោក ស៊ិន ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ រ័ត្ន រតនសុផុន ឬ រដ្ឋ ណាតាផុន ហៅ ភុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ មានទីកន្លែងកំណើត និងទីលំនៅមុនពេលចាប់ខ្លួន នៅភូមិត្រីញ័រ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ដែលត្រូវបានចោទប្រកាន់ពីបទ ទទួលផលចោរកម្ម ប្រព្រឹត្តនៅចំណុចក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។ក្នុងការចុះអនុវត្តដីកាខាងលើ កម្លាំងជំនាញបានធ្វើការឆែកឆេរ និងដកហូតបានម៉ូតូរបស់ជនរងគ្រោះចំនួន០១ គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៦ លេខតួ-លេខម៉ាស៊ីន ND125NE-0405013។ ម៉ូតូនេះត្រូវបានជនសង្ស័យដោះស្លាកលេខ និងដោះកញ្ចក់ចេញ រួចយកទៅលាក់ទុក។ ម៉ូតូខាងលើ ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប រង់ចាំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ ដើម្បីប្រគល់ជូនជនរងគ្រោះវិញ តាមនីតិវិធី។
ការចុះអនុវត្តដីកាខាងលើ ធ្វើឡើងបន្ទាប់ពីកាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកអង្គរជុំ និងអធិការដ្ឋាននគរបាលស្រុកពួក ធ្វើការស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងករណីអំពើ លួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) ប្រព្រឹត្តនៅចំណុចភូមិកុក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប បានចំនួន ០៣ នាក់។ដោយឡែក បក្សពួកជនសង្ស័យដែលបានគេចខ្លួន ត្រូវបានកម្លាំងនគរបាលជំនាញធ្វើការស្រាវជ្រាវ ស្វែងរកអត្តសញ្ញាណ និងបានស្នើសុំដីកាបង្គាប់ឱ្យចាប់ខ្លួនជាបន្តបន្ទាប់ បានចំនួន ០២ នាក់បន្ថែមទៀត។ ក្នុងនោះ ជនត្រូវចោទឈ្មោះ រ័ត្ន រតនសុផុន គឺជាមុខសញ្ញាទី៦ ដែលកម្លាំងជំនាញបានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន និងបានរកឃើញ ព្រមទាំងដកហូតបានម៉ូតូរបស់ជនរងគ្រោះមកវិញ បន្ទាប់ពីមុខសញ្ញានេះបានដោះស្លាកលេខម៉ូតូចេញ និងយកទៅលាក់ទុកអស់រយៈពេល ០៤ ខែ។
បច្ចុប្បន្នត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំបញ្ជូនបន្តទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមជម្រាបថាប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមានការដឹកនាំ និងបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕SRP